អានតួអត្ថបទ
កម្ពុជា-តុលាការ

សំណុំ​រឿង​មន្រ្តី​សិទ្ធ​មនុស្ស៖ អង្គការ​អន្តរជាតិ​ស្នើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ ខណៈ​តុលាការ​លើក​ពេល​សវនាការ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ

អង្គការ Front Line Defenders បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក នី សុខា និង​មន្រ្តី​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ចោទ​សូក​ប៉ាន់​សាក្សី។ សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធ​មនុស្ស​អន្តរជាតិ​មួយ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ថា លោក នី សុខា បាន​ដួល​សន្លប់​នៅ​ក្នុង​ពន្ធនាគារ និង​មន្រ្តី​សិទ្ធ​មនុស្ស​ផ្សេង​ទៀត កំពុង​មាន​ជំងឺ​ប្រចាំ​កាយ។ តាម​គម្រោង​តុលាការ​កំពូល​ព្រឹក​នេះ នឹង​បើក​សវនាការ​ជុំវិញ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្រ្តី​អាដហុក ប៉ុន្តែ​សវនាការ​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ទី ៥ កក្កដា វិញ។

មន្ដ្រី​សមាគម​អាដហុក នៅ​ពេល​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​នា​ពេល​កន្លង​មក។
មន្ដ្រី​សមាគម​អាដហុក នៅ​ពេល​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​នា​ពេល​កន្លង​មក។
ផ្សាយពាណិជ្ជកម្ម

អង្គការ Front Line Defenders ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អៀរឡង់ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​សុខភាព​របស់​មន្រ្តី​អាដហុក លោក នី សុខា ថា​រឹង​រឹត​តែ​ចុះ​ខ្សោយ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោយ​ពី​លោក​បាន​ដួល​សន្លប់​នៅ​ក្នុង​បន្ទប់​ទឹក ក្នុង​ពន្ធនាគារ​ព្រៃស។ ប្អូនប្រុស​លោក នី សុខា ដែល​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​នៅ​ពន្ធនាគារ ឃើញ​លោក នី សុខា មាន​ទឹក​មុខ​ស្លេកស្លាំង ញ័រ​ដៃ និង​ព្យួរ​សេរ៉ូម​ផង។

ក្រៅ​ពី​ស្នើ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក នី សុខា អង្គការ​អន្ដរជាតិ​ដដែល ក៏បានអំពាវនាវ​ឲ្យ​អាជ្ញាធរ បញ្ចប់​ការ​ចោទ​ប្រកាន់​ទៅ​លើ​មន្រ្តី​សិទ្ធ​មនុស្ស​ទាំង​បី​រូប​ទៀត និង​លោក នី ចរិយា អគ្គលេខាធិការ​រង​របស់​គ.ជ.ប ផង​ដែរ ព្រោះ​ថា​មន្រ្តី​សិទ្ធ​មនុស្ស​ទាំង​នោះ គ្រាន់​តែ​បំពេញ​ការងារ​ជា​អ្នក​ការពារ​សិទ្ធ​មនុស្ស។ បន្ថែម​លើ​នេះ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ជម្រុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ធានា​បាន​ឲ្យ​ការ​ព្យាបាល​ដ៏​យក​ចិត្ត​ទុក​ដាក់​បំផុត​សម្រាប់​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស នៅ​អំឡុង​ពេល​ឃុំ​ខ្លួន​មុន​ការ​កាត់​ក្តី ដោយ​អនុលោម​តាម​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។

សំណុំ​រឿង​មន្ត្រី​អាដហុក​និង​មន្ត្រី​ គ​.​ជ​.​ប រហូត​មក​ទល់​ពេល​នេះ ត្រូវ​បាន​បញ្ចប់​ក្នុង​ដំណាក់​កាល​នៃ​ការ​ស៊ើប​សួរ​ហើយ ហើយ​ក៏​បាន​បង្វែរ​ទៅ​ឲ្យ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ស្ថាពរ។

អ្នក​ទាំង​៥​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន ដោយ​សារ​ជាប់​ពាក់​ព័ន្ធ​រឿង​រ៉ាវ​ក្ដី​ក្ដាំ​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​មួយ​នាង ខុម ចាន់​តារ៉ា​ទី ហៅ​ស្រីមុំ​​។ បន្ទាប់​ពី​ជាប់​ឃុំ​អស់​ពេល​ជាង​មួយ​ឆ្នាំ បច្ចុប្បន្ន មន្ត្រី​អង្គការ​អាដហុក​ទាំង​៤​រូប​រួម​មាន​លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក នី សុខា និងលោកស្រី លឹម មុន្នី ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ដែល​មេធាវី​អះអាង​ថា ត្រូវ​ការ​ការ​ព្យាបាល​ជា​ចាំ​បាច់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ