ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
កម្ពុជា

ឪពុក​បង្កើត​អះអាង​ថា នៅ​តែ​មាន​សិទ្ធិ​ពេញ​លេញ​លើ​ម៉ាដុក​កូន​ចិញ្ចឹម​របស់​អេនជេលីណា ជូលី

media  
លោក​ម៉ោញ សារ៉ាត់ អះអាង​ថា​ជាឪពុក​​បង្កើត​​របស់​​ម៉ាដុក @fb ម៉ោញ សារ៉ាត់

លោក​ម៉ោញ សារ៉ាត់ ឪពុក​បង្កើត​របស់​ម៉ាដុក ដែល​ជា​កូន​ប្រុស​ចិញ្ចឹម​របស់​អ្នក​នាង​អេនជេលីណា ជូលី តារា​ហូលីវូដ​ដ៏​ល្បី​ល្បាញ​បាន​អះអាង​ថា លោក​នៅ​តែ​ជា​ឪពុក​ដែល​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​គ្រប់​គ្រង​ម៉ាដុក។ លោក​ម៉ោញ សារ៉ាត់ បាន​អះអាង​ដូច​នេះ ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​សារព័ត៌មាន The Sun របស់​អង់គ្លេស។

លោកម៉ោញ សារ៉ាត់ បាន​អះអាង​ប្រាប់​សារព័ត៌មានThe Sun កាល​ថ្ងៃ​អាទិត្យ​ថា លោក​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​គ្រប់​គ្រង​លើ​ម៉ាដុក(Maddox) ដែល​ជា​កូន​ប្រុស​ចិញ្ចឹម​ច្បង​របស់​អ្នក​នាង​អេនជេលីណា ជូលី (Angelina Jolie)។ បុរស​វ័យ ៥១​ឆ្នាំ​រូប​នេះ​ដែល​ពេល​នេះ​កំពុង​តែ​មាន​រឿង​រ៉ាវ​ជាមួយ​ជា​តារា​ហូលីវូដ​ដ៏​ល្បី​ល្បាញ​បាន​ប្រាប់ The Sun ទៀត​ថា គាត់​នឹង​សប្បាយ​ចិត្ត ប្រសិន​បើ​គាត់​មិន​ឃើញ​អ្នក​នាង​អេនជេលីណា ជូលី នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ថ្មី។ ក្នុង​បទ​សម្ភាសន៍​ជាមួយ The Sun លោក​ម៉ោញ សារ៉ាត់ ក៏​បាន​បង្ហាញ​នូវ​សំណុំ​ឯកសារ​ស្មុំ​កូន​នៅ​តុលាការ​ខេត្ត​បាត់ដំបង កាល​ពី​ខែ​សីហា ឆ្នាំ ២០០៣ ដែល​បញ្ជាក់​ថា តុលាការ​បាន​ទទួល​ស្គាល់​គាត់​គឺ​ជា​ឪពុក​របស់​ម៉ាដុក។ 

ម៉ាដុក​ដែល​មាន​វ័យ ១៥​ឆ្នាំ ត្រូវ​បាន​អ្នក​នាង​អេនជេលីណា ជូលី ទទួល​យក​ទៅ​ចិញ្ចឹម​កាល​ពី​ឆ្នាំ ២០០១ ដែល​ពេល​នោះ គេ​នៅ​ជា​ទារក​ម្នាក់​នៅ​ឡើយ។ ម៉ាដុក​មាន​ឈ្មោះ​ដើម​ថា រ័ត្ន វិបុល។ បច្ចុប្បន្ន គេ​កំពុង​រស់​ជាមួយ​អ្នក​នាង​អេនជេលីណា ជូលី ជា​កូន​ចិញ្ចឹម​ច្បង​គេ​នៅ​ក្នុង​ចំណោម​កូន​បង្កើត​ និង​ចិញ្ចឹម ៦​នាក់។ គួរ​បញ្ជាក់​បន្តិច​ថា ក្នុង​ពេល​ដែល​តារា​ហូលីវូដ​ស្រី​រូប​នេះ ទទួល​ម៉ាដុក​ទៅ​ចិញ្ចឹម​នោះ គឺ​ជា​ពេល​វេលា​មួយ​ដែល​សហអាមេរិក​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា ព្រោះ​ខ្លាច​មាន​ជួញ​ដូរ​មនុស្ស។ លោក​ម៉ោញ សារ៉ាត់ ដែល​បាន​ជួប​ជាមួយ​អ្នក​នាង​អេនជេលីណា ជូលី តាម​រយៈ​ការងារ​សប្បុរសធម៌​នោះ បាន​និយាយ​ថា នាង​បាន​ប្ដូរ​ឈ្មោះ​កូន​ចិញ្ចឹម ដូច្នេះ​រឿង​ដែល​លោក​អាច​ធ្វើ​បាន គឺ​ប្រាប់​ថា ម៉ាដុក​គឺ​ជា​កូន​ប្រុស​របស់​លោក។
 
ការ​ទទួល​ម៉ាដុក​យក​ទៅ​ចិញ្ចឹម​នា​ពេល​នោះ ត្រូវ​បាន​រៀប​ចំ​ឯកសារ​ដោយ​ភ្នាក់ងារ Lauryn Galindo ដែល​ក្រោយ​មក​ភ្នាក់​ងារ​រូប​នោះ​បាន​ជាប់​ពន្ធនាគារ។ នាង​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៨​ខែ ព្រោះ​តែ​បាន​ក្លែង​ឈ្មោះ ថ្ងៃ​ខែ​កំណើត និង​ទី​កន្លែង​កំណើត​របស់​ក្មេងៗ​កម្ពុជា​ដែល​នាង​បាន​ជួយ​ផ្លាស់​ទី​ជាមួយ​ឪពុក​ម្តាយ​ជន​ជាតិ​អាមេរិក​របស់​ពួក​គេ។ បើ​តាម​The Sun អ្នក​នាង​អេនជេលីណា ជូលី​បាន​និយាយ​នា​ពេល​កន្លង​មក​ថា នាង​បាន​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​ធានា​ថា​ ម៉ាដុក​មិន​មាន​ម្តាយ​បង្កើត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
 
មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាង​ណា​មួយ​នៅ​ឡើយ​ទេ​ពី​អ្នក​នាង​អេនលីណា ជូលី ចំពោះ​ការ​លើក​ឡើង​របស់​លោក​ម៉ោញ សារ៉ាត់​នេះ។ ប៉ុន្តែ​លោក​ត្រូវ​បាន​អ្នក​លេង​ហ្វេស​ប៊ុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​រិះគន់ និង​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ។ យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​Comment មួយ​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​ខ្លួន លោក​ម៉ោញ សារ៉ាត់ បាន​បញ្ជាក់​ថា មនុស្ស​ច្រើន​ណាស់​ដែល​ពុំ​បាន​ដឹង​អំពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ពិត ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ