ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
កម្ពុជា

កម្ពុជា​ និង​វៀត​ណាម​ ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំ​ដែន​បាន​៨៤​%​តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​

media លោក ហ៊ុន សែន និង លោកង្វៀន ស៊ុនហ៊្វុក @hun Sen

រដ្ឋា​ភិបាល​កម្ពុជា និង​វៀត​ណាម បាន​បញ្ជាក់​ថា ការ​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បោះ​បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​៨៤%​នៅពេល​នេះ​ គឺ​ធ្វើ​ឡើង​ផ្អែក​ទៅ​លើ​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ និង​ផ្អែក​តាម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​។​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ដែល​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ព្រំ​ដែន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បរិហារ​ថា ជាការ«​ចាញ់​ប្រៀប​»ប្រទេស​វៀតណាម​។

មុន​ពេល​ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​ច្បាប់​ទទួល​ស្គាល់​​លទ្ធផល​ការងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំ​ដែន​គោក​កម្ពុជា និង​វៀត​ណាម ដែល​ធ្វើ​នៅ​ទី​ក្រុង​ហាណូយ ថ្ងៃ​ទី​៥​តុលា​ឆ្នាំ​២០១៩ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​ប្រមុខ​រដ្ឋាភិបាល វៀតណាម​លោក ង្វៀន ស៊ុនហ៊្វុក បាន​អះអាងថា ការ​សម្រេច​បាន​៨៤%នៃ​ការ​បោះ​បង្គោល​ព្រំដែន​គោក ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​នេះ ​គឺ​ធ្វើ​ឡើង​ផ្អែក​ទៅលើ​ច្បាប់​ជាតិ និង​អន្តរជាតិ​ និង​ផ្អែក​តាម​សន្ធិសញ្ញាឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​។

បើ​តាម​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន តំបន់​ដែល​នៅ​សេស​សល់​១៦%​ទៀត គឺ​ដោយសារ​តែ​កម្ពុជា​ប្រកាន់​​ជំហ​ឈរ​លើ​មូល​ដ្ឋាន​ច្បាប់​ដែល​បន្សល់​ទុក​ពី​អាណានិគម​បារាំង។

យ៉ាង​ណា​ក៏​ដោយ​ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​ ដែល​ជាប់​ពន្ធនាគារ​ដោយ​សារតែ​រិះគន់​បញ្ហា​ព្រំដែន គឺ​លោក អ៊ុំ សំអាន បាន​ហៅការ​ចុះហត្ថ​លេខា​ស្តីពី​ការ​ទទួល​ស្គាល់​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​បោះ បាន​ចំនួន​៨៤​ភាគ​រយ​នេះ​ថា«ជា​ការ​ចុះ​ហត្ថលេខា​កាត់​ទឹក​ដី​ខ្មែរ​ទៅ​ឲ្យ​យួនដោយ​ស្រប​ច្បាប់​»​។

លោក អ៊ុំ សំអាន ដែល​កំពុង​ក្រៅ​ប្រទេស​បាន​សរសេរ​លើ​ហ្វេសប៊ុក​បន្ថែម​ទៀតថា ការ​បោះ​បង្គោល​ព្រំដែន​តាម​«សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ សម័យ​យួន​គ្រប់​គ្រង​កម្ពុជា​»​ ហើយ​សន្ធិ​សញ្ញា​នេះ ត្រូវ​បាន​ទុកជា​មោឃៈ​ភាព​រួច​ហើយ ដោយ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ឆ្នាំ១៩៩១ ​ត្រង់​មាត្រា១ ​ចំណុច ២.ឃ ទាក់​ទង​នឹង​បូរណ​ភាព​ដែន​ដី​និង​មាត្រា​៥៥ នៃ​រដ្ឋ​ធម្មនុញ្ញ​។​

ទោះជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​ជំនួប​ជាមួយ លោក ង្វៀន ហ៊្វួជុង ប្រធានា​ធិបតី​វៀតណាម ថ្ងៃទី​៤​តុលា លោក ​ហ៊ុន សែន បាន​ប្តេជ្ញា​ថា នឹង​ប្រឹង​ប្រែង​បញ្ចប់​ការ​ងារ​បោះ​បង្គោល​ព្រំ​សីមា​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ឱ្យ​បាន​ចប់​សព្វ​គ្រប់​ក្នុង​ពេល​លោក​នៅ​ធ្វើ​ជានាយក​រដ្ឋមន្ត្រី​កម្ពុជា​។

សូម​ជម្រាប​ថា កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​ជាមួយ​គ្នា​ប្រវែង​ប្រមាណ ១,២៧០​គីឡូម៉ែត្រ​។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បាន​សម្រេច​ការងារ​បោះបង្គោល​ព្រំសីមា បាន​ប្រមាណ ៨៤​ភាគ​រយ​ហើយ​ នៅសល់​តែ ១៦ភាគ​រយ​ទៀត​ប៉ុណ្ណោះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ