អានតួអត្ថបទ
កម្ពុជា-កសិកម្ម

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា នៅ​តែ​ព្រួយ​បារម្ភ​ពី​តម្លៃ​សាច់​សត្វ​ធ្លាក់​ចុះ

ជា​ថ្មី​ម្តង​ទៀត សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ថ្លៃ​នៃ​តម្លៃ​សាច់​ក្នុង​ស្រុក។ ការ​ព្រួយ​បារម្ភ​នេះ​បាន លើក​ឡើង​ក្នុង ជំនួប​រវាង រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន និង សមាគម អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ម្សិល​មិញ​នេះ។

ជំនួប​រវាង រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន និង សមាគម អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា
ជំនួប​រវាង រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន និង សមាគម អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ ជក់ សុភា​

ជា​ដំណោះ​ស្រាយ​នៃ​កង្វល់​នេះ លោក តាន់ មុនីវណ្ណ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​និង​ជា​សហប្រធាន​ទទួល​បន្ទុក​ផ្នែក​កសិកម្ម​បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​ជួយ​សហការ​ផ្តល់​លទ្ធភាព​ឲ្យ​សមាគម​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ចូល​រួម​ក្នុង​សកម្មភាព​ទប់​ស្កាត់​នូវ​រាល់​ការ​នាំ​ចូល​សត្វ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត។ លោក​ក៏​បាន​ប្រាប់ ពី​កិច្ចការ​ថ្មីៗ​ដែល​សមាគម​បាន​ពិភាក្សា​ជាមួយ​អគ្គនាយក​ពន្ធដារ ដើម្បី​ធ្វើ​ការ​បន្ធូរ​បន្ថយ ឬ​លុប​បំបាត់​ការ​យក​ពន្ធ​ពី​អ្នក​ចិញ្ចឹម​ជ្រូក។ លើស​ពី​នេះ លោក​បន្ត​ថា សមាគម​រៀប​ចំ ផែនការ​ក្នុង​ការ​ចិញ្ចឹម​សត្វ​ច្បាស់​លាស់ ដើម្បី​បំពេញ​តម្រូវ​ការ​ទី​ផ្សារ និង ពិភាក្សា ជាមួយ​អ្នក​នាំ​ចូល នូវ​បរិមាណ និង​តម្លៃ ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក និង​អ្នក​នាំ​ចូល។

ក្នុង​ឱកាស​នោះ​ដែរ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​លើក​ទឹក​ចិត្ត​ឲ្យ​សមាគម ពង្រឹង​គុណភាព និង​សុវត្ថិភាព​នៃ​ការ​ចិញ្ចឹម ដើម្បី​ធានា​ដល់​សុខមាលភាព​សង្គម និង​ផ្តល់​ភាព​ជឿ​ទុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​ទាន​ប្រចាំ​ថ្ងៃ។ លោក​ក៏​បាន​គូស​បញ្ជាក់​ថា កម្ពុជា​អនុវត្ត​គោល​នយោបាយ​ទីផ្សារ​សេរី មិន​អាច​បិទ​ការ​នាំ​ចូល​ទាំង​ស្រុង​បាន​ទេ។ រដ្ឋាភិបាល​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​អន្តរ​ក្រសួង ដើម្បី​ពិនិត្យ​មើល ការ​បង្កើន​កំរៃ​លើ​សាច់​នាំ​ចូល ដើម្បី​ធានា​តុល្យភាព​រវាង​តំលៃ​នៃ​ការ​ចិញ្ចឹម​ក្នុង​ស្រុក និង​ការ​នាំ​ចូល។

តប​នឹង​សំណើ​នេះ លោក វេង សាខុន បាន​ឲ្យ​សមាគម ចាត់​តាំង​តំណាង​តាម​បណ្តា​រាជធានី​ខេត្ត និង​ស្នើ​មក​ក្រសួង នោះ​ក្រសួង​នឹង​បញ្ជូន​ទៅ​តាម​រាជធានី​ខេត្ត​ដើម្បី​បង្កើត​ជា​គណៈកម្មការ​ទប់​ស្កាត់​ការ​នាំ​ចូល​សត្វ​ខុស​ច្បាប់ និង​អាណាធិបតេយ្យ។

គួរ​រឭក​ផង​ថា ក្រសួង​កសិកម្ម​បាន​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន​នាំ​ចូល​ជ្រូក​ចូល​ស្រប​ច្បាប់​ចំនួន​៧​ក្រុមហ៊ុន​សរុប ១២៥០​ក្បាល​ក្នុង​មួយ​ថ្ងៃ។ ស្រប​តាម​ស្តង់ដា​អនាម័យ​និង​មាន​ការ​ត្រួត​ពិនិត្យ​សុខភាព ដោយ​អនុវត្ត​តាម​វិធាន​បច្ចេកទេស រួម​ចំណែក​ធានា ដល់​សុខភាព​សាធារណៈ និង​គ្រប់​គ្រង​ដល់​ស្ថិរភាព​តម្លៃ​សាច់ សត្វ និង​ផលិត​ផល មាន​ដើម​កំណើត​ពី​សត្វ នៅ​តាម​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ