ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 08/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 08/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 07/12 12h00 GMT
កម្ពុជា

រយៈពេល​៩​ខែ ឆ្នាំ​២០១៩​កម្ពុជា​ផលិត ​និង​នាំចេញ​ជ័រ​កៅស៊ូ​កើន​ឡើង ​តែ​តម្លៃ​ធ្លាក់​ចុះ​បន្តិច

media  
កម្មករកំពុងប្រមូលជ័រកៅស៊ូ

ក្រសួង​កសិកម្ម ​រុក្ខា​ប្រម៉ាញ់ ​និង​នេសាទ ​បាន​ឲ្យដឹង​ថា ផលិតផល​ជ័រ​កៅស៊ូ​កម្ពុជា​ក្នុង​រយៈពេល​នព្វមាស ​ឬ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​នេះ ​មាន​ការ​កើន​ឡើង​ចំនួន​២៦​% ​ធៀប​ទៅ​នឹង ​រយៈពេល​ដូចគ្នា ​កាល​ពី​ឆ្នាំ​២០១៨​។ ​ជាមួយគ្នា​នេះ ​បរិមាណ​នៃ​ការ​លក់​ជ័រ​កៅស៊ូ​រយៈពេល​៩​ខែ ​ឆ្នាំ​២០១៩​នេះ ​ក៏មាន​ការ​កើន​ឡើង​ផងដែរ​។

របាយការណ៍​ក្រសួង​កសិកម្ម ​រុក្ខា​ប្រម៉ាញ់ ​និង​នេសាទ ​រយៈពេល​៩​ខែ ​ឆ្នាំ​២០១៩​នេះ ​បង្ហាញ​ថា ​បរិមាណ​ជ័រ​កៅស៊ូ ​ដែល​បាន​បញ្ចេញ​លក់​មាន​ចំនួន ​១៧៣ ០៧២​តោន ​គឺ​កើន​ឡើង​ចំនួន​ ៣២ ៧២៥​តោន ​ស្មើ​នឹង ​២៣​% ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ​ដោយ​គិត​ជាទឹក​ប្រាក់ ​ប្រមាណ​២៣០​លាន​ដុល្លារ​។

កំណើន​នៃ​ការ​លក់​ចេញ​ជ័រ​កៅស៊ូ ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​នេះ ​គឺ​ស្របគ្នា​នឹង​ការ​ផលិត​ជ័រកៅស៊ូ ​ក៏​មាន​ការ​កើន​ឡើង​ដែរ​។ ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩ ​ផលិតផល​ជ័រ​កៅស៊ូ​មាន​ចំនួន​ ១៧៥ ២៨១​តោន ​គឺ​កើន​ឡើង​ចំនួន ​៣៥ ៨០៧​តោន ​ស្មើ​នឹង​២៦​% ​ធៀបនឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​។

ទាក់ទង​ទៅ​នឹង​តម្លៃ​កៅស៊ូ ​របាយការណ៍​ក្រសួង​កសិកម្ម​បង្ហាញ​ទៀត​ថា​ ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៩​នេះ ​ជ័រ​កៅស៊ូ​មាន​តម្លៃ​ជា​មធ្យម ​១ ៣០៣​ដុល្លារ​ក្នុង​មួយ​តោន​ ហើយ​តម្លៃ​មធ្យម​ក្នុង​រយៈពេល​៩​ខែ​គឺ ​១ ៣៣៥​ដុល្លារ​ ក្នុង​មួយតោន ​គឺ​មាន​ការ​ថយចុះ​២៩​ដុល្លារ​ក្នុង​មួយ​តោន​ ឬ​ស្មើ​នឹង​២​% ​ធៀប​នឹង​នព្វមាស​ដូចគ្នា​ឆ្នាំ​២០១៨​។

សូម​រំលឹក​ថា ​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៨​ កម្ពុជា​បាន​នាំ​ចេញ​ជ័រ​កៅស៊ូ​ជាង​២១​ម៉ឺន​តោន​ ទៅ​ក្រៅ​ប្រទេស ​រួមមាន​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន ​វៀតណាម ​សង្ហឹបុរី ​និង​ម៉ាឡេស៊ី ​ដោយ​ទទួល​បាន​ចំណូល​ជិត​៣០០​លាន​ដុល្លារ​។

សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន ​កម្ពុជា​ចែក​ប្រភេទ​ចំការ​កៅស៊ូ​ជា​៣​ផ្នែក ​រួមមាន​ចំការ​កៅស៊ូ​កសិឧស្សាហកម្ម​រដ្ឋ ​ក្នុងនោះ​មាន​តែ​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា​តែ​មួយ​គត់ ​ចំការ​កៅស៊ូ​កសិ​ឧស្សាហកម្ម​ឯកជន ​មាន​៩​ក្រុមហ៊ុន ​និង​ចំការ​កៅស៊ូ​ក្រុមហ៊ុន​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច ​និង​ចំការ​កៅស៊ូ​គ្រួសារ​។ ​ចំការ​កៅស៊ូ​ទាំង​បី​ប្រភេទ​នេះ ​មាន​ផ្ទៃ​ដី​ដាំដុះ​កៅស៊ូ​សរុប​ចំនួន​ជាង​ ៤៣០ ០០០​ហិកតា ​ក្នុងនោះ​ផ្ទៃ​ដី​ចៀ​ជ័រ​កៅស៊ូ​ចំនួន​ជាង ​២៣០ ០០០​ហិកតា​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ