អានតួអត្ថបទ
កម្ពុជា-កសិកម្ម

របាយការណ៍​កសិកម្ម​ឆ្នាំ​២០១៧៖ បទ​ល្មើស​ព្រៃឈើ សត្វព្រៃ និង​ការ​ទន្រ្ទាន​ដី​ព្រៃ​ថយ​ចុះ​តិច​តួច

របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​ប្រចាំ​ឆ្នាំ២០១៧ បង្ហាញ​ថា​បទ​ល្មើស​ព្រៃ​ឈើ សត្វ​ព្រៃ ​និង​បទ​ល្មើស​កាប់រាន​ទន្ទ្រាន​ដី​ព្រៃ​មាន​ការ​ថយ​ចុះ​ប្រមាណ​៦០ករណី​ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​បាន​កើត​ឡើង​ប្រមាណ​ជិត១.៥ពាន់​ករណី។ ផ្ទុយ​ទៅ​វិញ​បណ្តាញ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​អះអាង​ថា​បទ​ល្មើស​ព្រៃឈើ​មាន​ការ​កើន​ឡើង ស្រប​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។

រូបភាព​តំណាង៖​ ព្រៃឈើ​នៅក្នុង​តំបន់​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ក្នុង​ភូមិ​ពូ​គង់ ​ឃុំស្រែ​ព្រះ​ ស្រុក​កែវសីម៉ា ខេត្ត​មណ្ឌល​គិរី។
រូបភាព​តំណាង៖​ ព្រៃឈើ​នៅក្នុង​តំបន់​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ក្នុង​ភូមិ​ពូ​គង់ ​ឃុំស្រែ​ព្រះ​ ស្រុក​កែវសីម៉ា ខេត្ត​មណ្ឌល​គិរី។ @NGO Forom
ផ្សាយពាណិជ្ជកម្ម

ក្នុង​របាយការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ក្រសួង​កសិកម្ម រក្ខាប្រមាញ់ និង​នេសាទ​ឲ្យដឹង​ថា ក្នុង​ឆ្នាំ​២០១៧ សំណុំ​រឿង​បទ​ល្មើស​ព្រៃ​ឈើ សត្វ​ព្រៃ និង​កាប់​រាន​ដី​ព្រៃ​មាន​ចំនួន​សរុប​ប្រមាណ​១,៤២៨​ករណី ដោយ​ពិន័យ​អន្តរការណ៍​ចំនួន ៦៥០​ករណី និង​បញ្ជូន​ទៅ​តុលាការ​មាន​ចំនួន​ ៧៧៨​ករណី។

ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦ កន្លងទៅ ​ករណី​បទ​ល្មើស​ព្រៃឈើ សត្វ​ព្រៃ និង​ការ​កាប់រាន​ដីព្រៃ បាន​ថយ​ចុះ​ប្រមាណ​៦២ករណី ពោល​គឺ​ក្នុង​ឆ្នាំ​២០១៦ ករណី​ទាំង​នេះ​មាន​ចំនួន​សរុប​ប្រមាណ ១,៤៩០​ករណី ដោយ​បញ្ជូន​ទៅ​តុលាការ​ចំនួន ១,១១០ករណី និង​ពិន័យ​អន្តរការណ៍​ចំនួន​៣៨០​ករណី។

ផ្ទុយពី​របាយការណ៍​របស់​ក្រសួង​កសិកម្ម លោក សេង សុខហេង អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ បាន​លើក​ឡើង​ថា​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៧ ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ការ​កើន​ឡើង​។

លោក​លើក​ឡើង​ថា​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧ ករណី​បទ​ល្មើស​ព្រៃ​ឈើ​មាន​ការ​ថយ​ចុះ​បន្តិច ប៉ុន្តែ​ចាប់​ពីពាក់​កណ្តាល​ឆ្នាំ២០១៧​មក​ដើម​ឆ្នាំ​២០១៨ បទ​ល្មើស​ព្រៃ​ឈើ​បាន​កើន​ឡើង​វិញ​។ លោក​កត់​សម្គាល់​ថា​ ការ​កើន​ឡើង​នៃ​បទ​ល្មើស​ព្រៃ​ឈើ កើត​មាន​នៅ​ក្នុង​តំបន់​ព្រៃឡង់ និង​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា បន្ទាប់​ពី​កម្ពុជា​មាន​វិបត្តិ​នយោបាយ​។

បើ​តាម​លោក សេង សុខ​ហេង បទ​ល្មើស​ព្រៃឈើ​ក្នុង​ឆ្នាំ​២០១៦​មាន​ការ​ថយ​ចុះ បន្ទាប់​ពី​រដ្ឋាភិបាល​ចេញ​បទបញ្ជា រួម​ទាំង​ការ​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ និង​ការ​ផ្ទេរ​ភារកិច្ច​រវាង​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន​ជុំវិញ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ។

​លោក អេង ហ៊ី អ្នកនាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​និង​ជា​អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​ថា គណៈកម្មការ​បាន​បង្រ្កាប​ច្រើន​ករណី​ល្មើស ប៉ុន្តែ​មិន​មាន​ការ​វាយ​តម្លៃ​ថា​កើន​ឡើង ឬ​យ៉ាង​ណា​នោះ​ទេ។

លោក អេង ហ៊ី បន្ថែម​ថា ការ​បង្រ្កាប​បទ​ល្មើស​ធន​ធម្មជាតិ​ធ្វើ​ឡើង​ក្នុង​ដំណាក់​កាល​ទី២ ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៦ រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ២០១៧ រឹបអូស​ឈើ​បាន​ប្រមាណ ៥,០០០ម៉ែត្រ​គូប។ លោក​បញ្ជាក់​ថា បើ​ប្រៀប​ធៀប​ការ​បង្រ្កាប​ក្នុង​ដំណាក់​កាលទី១ ក្នុង​ឆ្នាំ២០១៦ និង​ដំណាក់​កាល​ទី២ នេះ បទ​ល្មើស​ព្រៃ​ឈើ​មាន​ការថយ​ចុះ។ លោក​បន្ត​ថា​នៅ​ដើម​ឆ្នាំ២០១៦ ក្រោយ​ពី​បង្កើត​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ គណៈកម្មការ​នេះ​បាន​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​បាន​ប្រមាណ ៧ម៉ឺន​ម៉ែត្រ​គូប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ