អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល៖ តុលាការ​ដាក់​ទោស​លោក អាំង មាលតី ធូរ​ស្រាល​ពេក

រសៀល​ថ្ងៃទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​នេះ សំណុំ​រឿង​ពុក​រលួយ​របស់ លោក​ អាំង​ មាលតី ​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​តុលាការ​សាលា​ដំបូង​ខេត្ត​កណ្តាល​ប្រកាស​សាលក្រម​ហើយ។ លោក អាំង មាលតី ត្រូវ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល។ ប៉ុន្តែ​ទោស​ជាប់​ពន្ធនាគារ​ ត្រូវ​អនុវត្ត​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ហើយ​១​ឆ្នាំ​ទៀត​ត្រូវ​ព្យួរ។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​សំណុំ​រឿង​លោក​​ អាំង​ មាលតី និយាយ​ថា សាល​ក្រម​នេះ​មាន​ភាព​ធូរ​ស្រាល​ពេក។

លោកអាំង មាលតី ​ពេល​បញ្ជូន​មក​ដល់​សាលា​ដំបូង​ខេត្ត​កណ្តាល ​កាល​ពី​ពេល​កន្ល​ង​ទៅ​ នៅព្រឹក​ថ្ងៃទី​ ២៩ ​មករា​ ឆ្នាំ​២០១៦​
លោកអាំង មាលតី ​ពេល​បញ្ជូន​មក​ដល់​សាលា​ដំបូង​ខេត្ត​កណ្តាល ​កាល​ពី​ពេល​កន្ល​ង​ទៅ​ នៅព្រឹក​ថ្ងៃទី​ ២៩ ​មករា​ ឆ្នាំ​២០១៦​ @RFI/siv channa
ផ្សាយពាណិជ្ជកម្ម

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ លើក​ឡើង​ថា បើ​ពិនិត្យ​ទៅ​លើ​ធាតុ​ផ្សំ​នៃ​បទល្មើស​ឬ​បើ​ប្រៀប​ធៀប​ទៅ​នឹង​បុគ្គល​សាមញ្ញ​ផ្សេង​ទៀត ការ​ដាក់​ទោស​របស់​តុលាការ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ។ ការ​ដាក់​ទោស​ធូរស្រាល​បែប​នេះ ក៏​ព្រោះ​តែ​លោក​ អាំង មាលតី ធ្លាប់​ជា​អតីត​ប្រធាន​សាលា​​ដំបូង​រាជធានី​ភ្នំពេញ និង​ជា​អតីត​ប្រធាន​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​គេ​ធ្លាប់​ស្គាល់។ លោក​បន្ត​ថា ការ​សម្រេច​ទោស​ដែល​មិន​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​នេះ នាំ​អោយ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិ ធម៌​ទាំង​មូល និង​ធ្វើ​អោយ​ប្រព័ន្ធ​មួយ​នេះ តែង​ទទួល​រង​ការ​រិះ​គន់​ពី​ប្រជាពលរដ្ឋ។ 

ដូចគ្នា​នេះ​ដែរ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​សម្តែង​ការ​ខក​ចិត្ត​ដែល​ ដែល​តុលាការ​កាត់​ទោស​អោយ​លោក អាំង មាលតី ដែល​មាន​រឿង​អាស្រូវ​អំពើ​ពុក​រលួយ​ច្រើន ជាប់​ពន្ធនាគារ​តែ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​តែ​៥​លាន​រៀល។ តាម​ការ​រំពឹង​ទុក​របស់​លោក លោក​គិត​ថា​តុលាការ​នឹង​ដាក់​ទោស​លោក​អាំង មាលតី ធ្ងន់ធ្ងរ​ជាង​នេះ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​ថា នេះ​គឺ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ពីព្រោះ​បុគ្គល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ត្រូវ​បាន​ផ្តន្ទា​ទោស។

សូម​រំលឹក​ថា កាលពី​ខែកុម្ភៈ ឆ្នាំ២០១៥ លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី និង ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅកាន់​ក្រសួង​យុត្តិធម៌ បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំង​ៗ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន។

នៅ​ខែ​មេសា ឆ្នាំ​២០១៥ លោក អាំង មាលតី ត្រូវ​បាន​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​ បន្ទាប់​មក​លោក​ត្រូវបាន​ចៅក្រម​ស៊ើប​​សួរ​សាលា​ដំបូង​ខេត្ត​កណ្តាល​ស​ម្រេច​ឃុំ​ខ្លួន ដោយ​ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃ​បំបាត់​ដោយ​ទុច្ចរិត។​ នៅ​ក្នុង​សវនាការ​ កាល​ពី​ចុង​ខែ​មករា ឆ្នាំ២០១៦​កន្លង​ទៅ ​លោក អាំង មាលតី បាន​សារភាពទោស​កំហុស​របស់​ខ្លួន និង​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ប្តូរ​បទ​ចោទ​ប្រកាន់​និង​បន្ធូរ​បន្ថយ​ទោស ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ