អានតួអត្ថបទ
កម្ពុជា

បុគ្គលិក​ព្រលាន​យន្ត​ហោះ ទាំង​៣នៅ​កម្ពុជា​ គ្រោង​ធ្វើ​កូដ​កម្ម ​ក្នុង​ពេល​ឆាប់ៗ!

សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ ដែល​មាន​សមាជិក ប្រមាណ​ជិត​១ពាន់​នាក់ គ្រោង​នឹង​ធ្វើ​កូដកម្ម ​ទាមទារ​លក្ខខណ្ឌ​ការងារ, ស្នើសុំ​ផ្តល់​​សំណង​ចំពោះការ​បញ្ឈប់​បុគ្គលិក​ និង​អនុញ្ញាត​ឲ្យ​បុគ្គលិក​ចូលធ្វើការ​វិញ។ សូម​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ សីហា២០១៦ សហជីព​នេះបាន​ជូន​ដំណឹង​ពីការ​ធ្វើ​កូដកម្ម​ម្តង​ហើយ តែ​បាន​​ផ្អាកទៅវិញ ដោយសារតែ​មាន​ការ​សម្រប​សម្រួលពី​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ ប៉ុន្តែពេលនេះ គឺ​គ្មានទាន់​ឃើញ​លទ្ធផល​នៃការ​ដោះស្រាយ​យ៉ាងណា​នៅឡើយទេ ទើប​ពួកគេ​ត្រៀម​ធ្វើ​កូដកម្ម​ជាថ្មីទៀត​។

©Reuters
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរ​រម្លឹកជូនថា កាលពី​ខែ​សីហាកន្លងទៅ សមាជិកសហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ ដែល​ធ្វើការ​នៅ​ព្រលាន​ទាំង​បីនៅក្នុងស្រុក បាន​ដាក់​សេចក្តី​ជូន​ដំណឹង​ពី​ការ​តវ៉ា​ និងស្នើសុំ​​ទាមទារ ចំនួន​១៥ចំណុច រួម​មាន ស្នើសុំ​បញ្ឈប់​ការ​អើស​អើង​ចំពោះ​សមាជិក​សហជីព​ដែលធ្វើការ​នៅ​កន្លែង​ព្រលាន​យន្តហោះ, ផ្តល់​សំណង​សមរម្យ​ដល់​បុគ្គលិក​ដែល​បាន​បញ្ឈប់​, អនុញ្ញាត​ឲ្យ​បុគ្គលិក​ដែល​បាន​បញ្ឈប់​ដោយ​ខុស​ច្បាប់​ ចូលធ្វើការវិញ, បង្កើត​អាហារដ្ឋាន និង​ទារកដ្ឋាន , ព្រមទាំ​ង​កែសម្រួល​លក្ខខណ្ឌ​ការងារ​ផ្សេងៗទៀត​ ដែល​សមាជិក​សហជីព​មិន​ពេញ​ចិត្ត​ និងយល់ថា ជាការរំលោភ​សិទ្ធិ​ការងារ​របស់​ពួក​គេ​។

ជាមួយ​គ្នា​នេះ នៅ​អាកាសយានដ្ឋាន, មាន​បញ្ហា​ពីរ​ចម្បង ដែល​ជាការ​ព្រួយ​បារម្ភ​របស់​អ្នក​សហជីព។ នោះគឺ​ការធ្វើការងារ​ពហុជំនាញ ពោលគឺបុគ្គលិក​ម្នាក់​ធ្វើការ​ច្រើន​មុខ ហើយ​និង​ការ​អើសអើង ថែមទាំងការ​ធ្វើ​ទុក្ខ​បុកម្និញ​ដល់​សមាជិក​សហជីព។​

លោក អៀង គឹមហ៊ុន អគ្គលេខាធិការ​សហជីពសហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា បាន​ប្រាប់ឲ្យដឹងទៀតថា​ មាន​សមាជិក​របស់​ខ្លួន ត្រូវ​បាន​បញ្ឈប់​ដោយ​មិន​សម​ហេតុផល ចំនួន​៥, ៦នាក់ ដែល​អ្នក​ខ្លះ គឺមាន​តួនាទី​ជាសកម្មជន និង​ជាអនុប្រធាន​សហជីព​ផង​​។ លោកបានបញ្ជាក់ថា ជិត​ពីរ​ខែ​មកហើយ ដំណោះ​ស្រាយ​ពី​​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ គឺនៅតែ​ស្ងាត់​ដំណឹង​សូន្យ។ ដូច្នេះ ខាង​សហជីព​របស់​លោក នឹង​កោះប្រជុំ​គ្នា​ទាំង​បីសាខា ​ហើយ​កំណត់​ថ្ងៃ​ធ្វើ​កូដ​កម្ម​ជាថ្មីទៀត ក្នុង​ពេល​ឆាប់ៗ​ ដើម្បី​ឲ្យ​មាន​ការដោះស្រាយ​។

ជុំវិញ​រឿងទាំង​នេះ ​​មន្ត្រី​នាំពាក្យ​​របស់​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ លោក ស៊ិន ចន្ទសិរីវុត្ថា បាន​ឆ្លើយតប​ថា​ ចំពោះការ​ស្នើសុំ​ទាំង​១៥ចំណុចនោះ គឺ​ត្រូវ​ដោះ​ស្រាយ​ជាពីរ ថ្នាក់​បច្ចេកទេស និង​ថ្នាក់នយោបាយ។ ក៏ប៉ុន្តែ​លោកថាសំណើទាំង​នោះ គឺ​ដោះស្រាយ​បាន​ជិត​អស់​ហើយ នៅតែ​៤, ៥ចំណុច​ទេ ហើយ​ត្រង់ចំណុច​ពាក់ព័ន្ធនឹង ​ពហុជំនាញ Multi Tache ដែលតម្រូវ​ឲ្យ​កម្មករ​ធ្វើការ​ច្រើន​មុខ​នោះ គឺក្រុម​ហ៊ុន​បារាំងដែល​គ្រប់​គ្រង​ព្រលាន​យន្តហោះ បាន​ដាក់​ក្នុង​កិច្ច​សន្យាការងារ​ហើយ គឺបញ្ហា អាច​មកពី​កម្មករយល់​មិន​ច្បាស់​។ ចំណែក​អ្នក​នាំពាក្យ​អាកាសដ្ឋាន​អន្តរជាតិ​កម្ពុជា មិន​មាន​សេចក្តី​ពន្យល់​យ៉ាងណា​ទេ។

យ៉ាងណា​ក៏ដោយ​ចុះ​ ប្រសិន​បើ​ សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ ធ្វើ​កូដ​កម្ម​មែននោះ គឺប្រហែល​អាច​មាន​បុគ្គលិកព្រលាន​យន្ត​ជិត​ពាក់​កណ្តាល​ នឹង​អត់ទៅ​​ធ្វើការ ព្រោះ​សហជីព​នេះ​ មាន​សមាជិក​ ប្រមាណ​ជិត​១ពាន់នាក់ ​ក្នុង​នោះធ្វើការ​​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ​ ចំនួន​ជាង​៥៣០នាក់​ នៅ​ព្រលានខេត្ត​​សៀមរាម ចំនួន​ជាង​៣១០នាក់ ហើយ​នៅ​ព្រលាន​យន្តហោះ ក្រុង​ព្រះសីហនុ ចំនួន​ ជិត​៤០នាក់។ ​ចំនួនទាំង​​នេះ គឺប្រមាណ​​ជាង​ពាក់កណ្តាល​​នៃ​បុគ្គលិក​សរុប​ ដែល​ធ្វើការ​នៅ​ព្រលានយន្ត​ហោះ​ទាំង​៣ នៅស្រុកខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ