អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រសួង​ពាណិជ្ជកម្ម​នឹង​ប្រើ​ប្រាស់​វិធាន​ការ “ក្ដៅ” ​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ជា​សាធារណៈ​

លោក​ប៉ាន សូរស័ក្តិ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​មិន​គាំទ្រ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ស្រាបៀរ ឬ​គ្រឿង​ស្រវឹង​ដទៃ​ទៀត​ជា​សាធារណៈ​នោះ​ទេ​។ លោក​ប្រកាស​ដូច្នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ ជាមួយ​គ្នា​នេះ លោក​រដ្ឋ​មន្រ្តី​ក៏​គ្រោង​ប្រើ​ប្រាស់​វិធាន​ការ“ក្តៅ”ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ជា​សាធារណៈ​នេះ​ផង​ដែរ​។ 

ការប្រើប្រាស់គ្រឿងស្រវឹង (រូបតំណាង)
ការប្រើប្រាស់គ្រឿងស្រវឹង (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

វិធាន​ការ“ក្ដៅ”របស់​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ជា​សាធារណៈ​នៅ​ពេល​នេះ​មាន​ពីរ គឺទីមួយ លោក​គ្រោង​នឹង​រៀប​ចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ពិនិត្យ និង​សម្រេច​។ ទីពីរ គឺ​លោក​នឹង​រៀប​ចំ​ប្រកាស​អន្តរ​ក្រសួង ស្តី​ពី​ការ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម ដោយ​អនុ​លោម​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​គុណ​ភាព និង​សុវត្ថិភាព​ផលិត​ផល​ទំនិញ និង​សេវា​។

តាម​លោក​រដ្ឋ​មន្រ្តី​ប៉ាន សូរស័ក្តិ ការ​គ្រោង​ចាត់​វិធានការ​ទាំង​ពីរ​នេះ គឺ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជ​មាន ដែល​កើត​ចេញ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មក​លើ​សង្គម​កម្ពុជា ជា​ពិសេស លើ​យុវជន-យុវនារី ដែល​ជា​សសរទ្រូង​របស់​ប្រទេស​ជាតិ​។ លោក​ក៏​បញ្ជាក់​ឱ្យ​ដឹង​ពី​ជំហរ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ដែល​មិន​ទទួល​យក​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ស្រាបៀរ​ណា​មួយ​សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ​នោះ​ដែរ​។

ចំណាត់​ការ​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នេះ ធ្វើ​ឱ្យ​លោក​ពេជ្រ ស្រស់ ដែល​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​សម្តែង​នូវ​ការ​កោត​សរសើរ​។ សម្រាប់​លោក​ពេជ្រ ស្រស់ នេះ គឺ​ជា​ទង្វើ​មិន​គេច​វេស​ពី​បញ្ហា តែ​ជា​ការ​បង្កើន​នូវ​ភាព​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា ព្រម​ទាំង​ប្តេជ្ញា​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ថែម​ទៀត​។

ជា​ការ​កត់​សម្គាល់ វិធានការ​របស់​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​កើត​ឡើង​ព្រោង​ព្រាធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ខ្លះ​ផ្សាយ​ពាណិជ្ជកម្ម​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​ទូរទស្សន៍ វិទ្យុ កាសែត និង​វេប​សាយ​ជា​ដើម​។ រីឯ​ខ្លះ​ទៀត ផ្សាយ​ពាណិជ្ជកម្ម​តាម​បដារ​ធំៗ​នៅ​តាម​ទីសាធារណៈ និង​តាម​រយៈ​ការ​ចែក​ចាយ​នូវ​ខិត​បណ្ណ​ផ្សេងៗ​។ គ្រឿង​ស្រវឹង​ខ្លះ​ក៏​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដោយ​ភ្ជាប់​ជាមួយ​ការ​ឈ្នះ​រង្វាន់​នា​នា​ដែល​ជា​ការ​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​ការ​ផឹក​គ្រឿង​ស្រវឹង​។

ចំពោះ​បញ្ហា​នេះ លោក​ប៉ាន សូរស័ក្តិ បាន​បញ្ជាក់​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ចុះ​អប់រំ​ច្បាប់ និង​ផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពលរដ្ឋ​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​ភូត​កុហក ឬ​ឆបោក ព្រម​ទាំង​ផល​ប៉ះពាល់​នៃ​ការ​សេព​គ្រឿង​ស្រវឹង ក៏​ដូច​ជា​ដំណើរ​ការ​ចង​ក្រង​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិ​សំខាន់​ៗ សម្រាប់​បម្រើ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជ​កម្ម ជា​ពិសេស ការពារ​អត្ថ​ប្រយោជន៍​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​ប្រើ​ប្រាស់​ទំនិញ និង​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ