អានតួអត្ថបទ
កម្ពុជា

លោក​អាឡិច គ្រោង​សុំ​ជួប​ទូត​ខ្មែរ​នៅ​ថៃ ដើម្បី​សុំ​បន្ត​ទិដ្ឋាការ​ចូល​ខ្លួន​មក​កាន់​តុលាការ​នៅ​កម្ពុជា

តាម​រយៈ​សារ​អេឡិច​ត្រូនិក​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​ អាឡិច​ហ្សង់​ដ្រូ ហ្គន់​សាឡេស​ ដេវិត​សិន​ប្រធាន​ចលនា​មាតា​ធម្មជាតិ​ ដែល​ទើប​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ថៃ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​នឹង​ព្យាយាម​សុំ​ជួប​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ក្នុង​ទីក្រុង​បាងកក​ដោយ​ផ្ទាល់ ដើម្បី​ស្នើ​សុំ​បន្ត​ទិដ្ឋាការ​ហើយ​អាច​ចូល​ខ្លួន​មក​កាន់​តុលាការ​ខ្មែរ​តាម​ការ​កោះ​ហៅ។ ការ​សុំ​ជួប​ដោយ​ផ្ទាល់​នេះ គឺ​បន្ទាប់​ស្ថាត​ទូត​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ បាន​បដិសេធ​សំណើ​របស់​លោក​ម្តង​រួច​មក​ហើយ​ កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ។

លោកAlejandro Gonzalez Davidson
លោកAlejandro Gonzalez Davidson @Alejandro Gonzalez Davidson
ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង​លោក​អាឡិច នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានទូត​កម្ពុជា​នៅ​ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​ក្រោយ​នេះ ដើម្បី​សុំ​ជួប​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីនោះ​ដោយ​ផ្ទាល់​តែ​ម្តង បន្ទាប់​ពី​លោក​ទើប​មក​ដល់​ប្រទេស​ថៃ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ តាម​រយៈ​សារ​អេឡិច​ត្រូនិក លោក​អាឡិច ដែល​ហ៊ុម​ព័ន្ធ​ដោយ​ដីកា​ពីរ​របស់​តុលាការ​ខ្មែរ បាន​គូស​បញ្ជាក់​ថា ការ​ព្យាយាម​របស់​គាត់​នៅ​ពេល​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ចូល​មក​ប្រទេស​កម្ពុជា​វិញ​បាន ហើយ​អាច​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​សាលាឧទ្ធរណ៍​តាម​ដីការ​កោះ​ហៅ។

តុលាការ​សាលា​ឧទ្ធរណ៍ បាន​កោះ​ហៅ​លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ​ឲ្យ​ចូល​ខ្លួន​មក​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មេសា ខាង​មុខ។ ការ​បង្គាប់​ឲ្យ​ចូល​ខ្លួន​នេះ គឺ​ដើម្បី​ជំនុំ​ជម្រះ​ពី “បទ​សម​គំនិត​គំរាម​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​”​។

ចំពោះ​ការ​កោះ​ហៅ​នេះ លោក​អាឡិច​បាន​បញ្ជាក់​ថា លោក​ពិត​ជា​ចង់​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍​នេះ​ខ្លាំង​ណាស់។ ប៉ុន្តែ​មិន​អាច​ដោយ​សារ​តែ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា។ ជាមួយ​គ្នា​នេះ លោក​អាឡិច ក៏​បាន​ជំរុញ​ឲ្យ​លោក​ចៅ​ក្រម​សាលាឧទ្ធរណ៍​សួរ​ទៅ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ថា ហេតុ​អី​បាន​ជា​អាជ្ញាធរ​តែង​តែ​បដិសេធ​ទិដ្ឋាការ​របស់​លោក ដើម្បី​ចូល​មក​កម្ពុជា​រហូត​បែប​នេះ? កាល​ពី​ថ្ងៃ​ទី​២ ដើម​ខែ​មីនា សកម្មជន​ការពារ​បរិស្ថាន​ខ្មែរ​ ដែល​ជា​ជនជាតិ​អេស្ប៉ាញ​រូប​នេះ ធ្លាប់​ត្រូវ​បាន​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​បដិសេធ​បន្ត​ទិដ្ឋាការ​ឲ្យ​លោក​ម្តង​រួច​មក​ហើយ​ក្រោម​ហេតុផល​ថា លោក​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​កម្ពុជា បើ​ទោះបី​លោក​បញ្ជាក់​ថា ដើម្បី​ចូល​ខ្លួន​មក​កាន់​តុលាការ​ក៏​ដោយ។
 
សូម​ជម្រាប​ជូន​ថា ដីកា​លើក​នេះ គឺ​ជា​ដីកា​ទីពីរ​ហើយ​ទៅ​លើ​លោក​អាឡិច​ពី​សំណាក់​តុលាការ​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦ តុលាការ​ខេត្ត​កោះកុង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​អាឡិច ដោយ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​គំរាម​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​បទុមសាគរ ខេត្ត​កោះកុង។ កាលណោះ សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ បាន​ចាត់​ទុក​ដីកា​នោះ​ថា ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។ អស់​សំណើច គឺ​ដោយសារ​តែ​នៅ​ក្នុង​ដីកា​នោះ តុលាការ​បាន​ចោទ​លោក​អាឡិចថា​ បាន​ប្រព្រឹត្ត​បទល្មើស​កាល​ពី​ថ្ងៃ​ទី​២៦ ដល់ថ្ងៃ​ទី​២៨ ខែ​កក្កដា​ឆ្នាំ​២០១៥ និង​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥ ខណៈ​ដែល​លោក​អាឡិច ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ចេញ​ពី​ប្រទេស​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ