លោកអាឡិច ថារដ្ឋាភិបាលធ្វើការរញ៉េរញ៉ៃ មិនគោរពច្បាប់
ក្នុងរយៈពេលតែប៉ុន្មានថ្ងៃសោះ ការសម្រេចឲ្យលោក Alejandro Gonzalez Davidson ជនជាតិអេស្បាញ ដែលជាប្រធានអង្គការចលនាមាតាធម្មជាតិ អាចចូលមកកម្ពុជា តាមដីកាកោះហៅរបស់តុលាការខេត្តកោះកុង ត្រូវបានក្រឡាប់ចាក់។ កាលពីថ្ងៃទី ៦មេសា លោកអាឡិច បានទទួលទិដ្ឋការអេឡិចត្រូនិច (e-Visa) ដែលមានសុពលភាពចូលកម្ពុជា ៣ខែ ក្នុងនាមជាភ្ញៀវទេសចរហើយ ប៉ុន្តែស្រាប់តែនៅថ្ងៃទី ៨មេសា ក្រសួងការបទេសកម្ពុជា បែរជាចេញលិខិតបញ្ជាក់ថា e-Visa របស់អាឡិច ត្រូវលុបចោលវិញ។ លោកអាឡិច ប្រាប់ថាលោកមិនបានភ្ញាក់ផ្អើលពីភាពរញ៉េរញ៉ៃនៃរបៀបធ្វើការរបស់រដ្ឋាភិបាលខ្មែរឡើយ ហើយលោកនឹងបន្តស្វែងរកអន្តរាគមពីលោកស ខេង ដើម្បីផ្តល់ Visa ឲ្យលោកចូលក្នុងប្រទេសកម្ពុជាម្តងទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១២
តាមលិខិតរបស់រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកឡុង វិសាលោ ដែលផ្ញើរទៅកាន់លោកសុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ដើមហេតុដំបូងដែលក្រសួងបានចេញ e-Visa ឲ្យជនជាតិអេស្បាញ ឈ្មោះអាឡិច គឺដោយសារតែប្រព័ន្ធត្រួតពិនិត្យបញ្ជីខ្មៅ ឬហៅថា Blacklist របស់ប្រព័ន្ធ e-Visa មានភាពរអាក់រអួល ដោយមិនផ្តល់សញ្ញាឲ្យដឹង ទើបបណ្តាលឲ្យការិយាល័យ e-Visa បានចេញ e-Visa ឲ្យឈ្មោះអាឡិច កាលពីថ្ងៃទី ០៦មេសា។ ប៉ុន្តែក្រោយមក ក្រសួង បានជូនដំណឹងទៅសាមីខ្លួន ពីការលុប e-Visa នេះរួចហើយ។
ក្រៅពីជូនដំណឹងហើយ រដ្ឋលេខាធិការរូបនេះ ថែមទាំងស្នើដល់មន្ត្រីអន្តោប្រវេសន៍តាមច្រកទ្វារអន្តរជាតិកម្ពុជាទាំងអស់ មិនអនុញ្ញាតឲ្យឈ្មោះ Alejandro Gonzalez Davidson ចូលក្នុងទឹកដីកម្ពុជានោះទេ។
ជុំវិញបញ្ហានេះ លោកអាឡិច បានប្រាប់វិទ្យុបារាំងតាមសារអេឡិចត្រូនិចថា លោកមិនបានភ្ញាក់ផ្អើលពីភាពរញ៉េរញ៉ៃនៃរបៀបធ្វើការរបស់រដ្ឋាភិបាលខ្មែរ ដែលមិនបានគោរពច្បាប់នោះឡើយ។ ជាជំហានបន្ទាប់ លោកនឹងផ្ញើលិខិតទៅលោកឧបនាយករដ្ឋមន្ត្រីស ខេង ផ្ទាល់ ដើម្បីជម្រាបពីការចោទប្រកាន់ទៅលើរូបលោក និងស្នើសុំឲ្យលោកស ខេង អនុញ្ញាតផ្ដល់វីស្សា ដល់លោក ដើម្បីចូលរួមក្នុងសវនាការនាពេលខាងមុខ។ តែប្រសិនបើការស្នើសុំទាំងនោះ ត្រូវបរាជ័យ លោកនឹងចាំរហូតដល់ការបើកសវនាការទៅលើរូបលោក និងសកម្មជនបីរូបទៀត នៅខេត្តកោះកុង ដោយលោក នឹងធ្វើដំណើរតាមយន្តហោះមករាជធានីភ្នំពេញតែម្ដង។
តាមលោកអាឡិច ប្រសិនបើរដ្ឋាភិបាល នៅតែមិនអនុញ្ញាតឲ្យលោក ចូលការពារខ្លូនពីការចោទប្រកាន់ក្នុងតុលាការនោះទេ វានឹងសបញ្ជាក់ថារដ្ឋាភិបាលកម្ពុជា កំពុងតែរំលោភច្បាប់ខ្លួនឯង ហើយបង្ហាញថាការចោទប្រកាន់ទៅសកម្មជនទាំងបួននាក់ គឺជារឿងដែលគ្មានមូលដ្ឋានពិតប្រាកដទាល់តែសោះ។ ហើយទង្វើនេះ គ្រាន់តែជាគំរាមគំហែង និងបំបាក់ស្មារតីដល់សកម្មជនផ្សេងទៀតតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា លោកអាឡិច ដែលត្រូវបានរដ្ឋាភិបាលខ្មែរបណ្តេញចេញពីប្រទេសកម្ពុជា តាំងពីខែកុម្ភៈឆ្នាំ ២០១៥នោះ បានព្យាយាមចូលក្នុងប្រទេសកម្ពុជាវិញ ដើម្បីប្រឈមទៅនឹងដីកាកោះហៅរបស់តុលាការខេត្តកោះកុង។ តុលាការសាលាឧទ្ធរណ៍ខេត្តកោះកុង ដែលកោះហៅលោកអាឡិច ឲ្យចូលខ្លួនមកកាន់តុលាការ នៅព្រឹកថ្ងៃទី ៥ ខែមេសា ដើម្បីជំនុំជម្រះពី “បទសមគំនិតគម្រាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ” ប្រព្រឹត្តទៅនៅស្រុកបទុមសាគរ ខេត្តកោះកុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ