អានតួអត្ថបទ
កម្ពុជា

ប្រធាន​ចលនា​មាតា​ធម្មជាតិ ជំរុញ​ឲ្យ​តុលាការ​កោះ​ហៅ ដើម្បី​អាច​ត្រឡប់​មក​កម្ពុជា

លោក​អេឡិច តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លូន កាល​ពី​ថ្ងៃ​ម្សិល​មិញ​ បាន​ឲ្យ​ដឹង​ថា មេធាវី​របស់​លោក​កំពុង​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង​ចេញ​ដីកា​កោះ​ហៅ ដើម្បី​ឲ្យ​រូប​លោក​អាច​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​បាន។ ការ​លើក​ឡើង​របស់​លោក​អេឡិច​ប្រធាន​ចលនា​មាតា​ធម្មជាតិ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ធ្វើ​វេទិកា​ស្តីពី​ការ​ការពារ​បរិស្ថាន និង​អភិរក្ស​ធនធាន​ធម្មជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

លោក​អេឡិច ​ហ្សង់​ដ្រូ ​ហ្គន់​សាឡេ​ស ​ដេវិត​សិន ​ជា​ប្រធាន​អង្គការ​ចលនា​មាតា​ធម្ម​ជាតិ
លោក​អេឡិច ​ហ្សង់​ដ្រូ ​ហ្គន់​សាឡេ​ស ​ដេវិត​សិន ​ជា​ប្រធាន​អង្គការ​ចលនា​មាតា​ធម្ម​ជាតិ RFI
ផ្សាយពាណិជ្ជកម្ម

លោក​អេឡិច ​ហ្សង់​ដ្រូ ​ហ្គន់​សាឡេ​ស ​ដេវិត​សិន ​ជា​ប្រធាន​អង្គការ​ចលនា​មាតា​ធម្ម​ជាតិ​បាន​សរសេរ​​នៅ​លើបណ្តាញ​សង្គម​របស់​លោក​ថា​“នៅ​ខណៈ​ពេល​ដែ​ល​តារា​ហូលីវូដ ​កំពុ​ងពាក់​​ស្រោម​មុខ​ថា​ជា​សកម្ម​ជន​ការ​ពារតំបន់​អារ៉ែង ​តារា​ក្រៅ​ឆាក​ដូច​ជា​រូប​ខ្ញុំ ​សូម​ជម្រាប​ជូន​សាធារ​ណ​ជន​អោយ​បាន​ជ្រាប​ថា​៖ មេធាវី​របស់​ខ្ញុំ​កំពុងជំរុញ​ឲ្យតុលាការ​ខេត្ត​កោះ​កុង​ឆាប់​ចេញ​ដីកា​កោះ​ហៅ​ខ្ញុំ ​ដើម្បី​ឡើង​ជំនុំ​ជម្រះ​ក្នុង​ពេល​ឆាប់​ៗនេះ ​ដើម្បី​ឲ្យខ្ញុំ​ឆាប់​បាន​ត្រលប់​មក​កាន់​ប្រទេស​គួរ​អោយ​ស្រលាញ់​មួយ​នេះ​វិញ​”។

 
លោក​បាន​សរសេរ​បន្ត​ថា​ តែ​ចៅ​ក្រម​នៅ​តែ​មិន​អើពើ​នឹង​សំណើ​របស់​លោក។ លោក​បាន​លើក​ជា​សំនួរ​ថា​ មាន​អ្នក​ណាជួយឆ្លើយបានទេថាដោយសារអ្វី?

តាមរយៈសំណេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នេះ ​លោក​អេឡិច ​ក៏​បាន​ដាក់​ភ្ជាប់​មក​ជា​មួយ​នូវ​ពាក្យ​សុំរបស់​មេធាវី​ឲ្យ​តុលាការ​កោះ​ហៅ​រូប​លោក​ចូល​សវនាការ​។ មេធាវី​ការ​ពារ​ក្តី​នេះ គឺ​លោក​សំ ​ចំរើន​បាន​សរសេរ​នៅ​ក្នុង​ពាក្យ​សុំ​នោះ​ថា ​ដើម្បី​ធានា​បាន​នូ​វ​ដំណើរ​ការ​ក្តី​​ប្រកប​ដោយ​យុត្តិ​ធម៌ ​និង​មាន​ការ​អស់​ចិត្ត​ពី​គ្រប់ភាគី​ លោក​សុំ​ឲ្យ​ចៅ​ក្រម​កោះ​ហៅ​កូន​ក្តី​របស់​លោក ​ដើម្បី​ចូល​រួម​សវនាការ​ដោ​យផ្ទាល់​តាម​ផ្លូវ​ច្បាប់ ​ដើម្បីឲ្យ​កូន​ក្តី​លោក​បាន​បង្ហាញ​ពី​សុច្ចរិត​ភាព​របស់​ខ្លួន។​

លោក​ សំ ចំរើន ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ​ជា​បន្ត​លោក​នឹង​តាម​ដាន​មើល​ពាក្យ​សុំ​នេះ​សិន​ ហើយបន្តជំរុញបន្ថែមទៀត។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​ថា ​តើ​លោក​សង្ឃឹម​ថា​តុលាការ​នឹ​ងកោះ​ហៅលោ​កអេឡិចឆាប់​ៗ​នេះ​ឬ​ទេ?​ លោក​ថា​ចាំ​មើល​លើ​ទិដ្ឋភាព​ជាក់​ស្តែង​។

សូម​បញ្ជាក់​ថា​លោក​អេឡិច​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្តេញ​ចេញ ​និង​ចុះ​ក្នុង​បញ្ជី​ខ្មៅ ​កាល​ពី​ថ្ងៃទី២​៣ ខែកុម្ភៈ ​ឆ្នាំ​២០១៥ ​ដោយ​មិន​អាច​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​បាន​ទេ។​ លោក ​អាឡិច​ហ្សដ្រូ ហ្គន់​ហ្សេ​លេស ដេវីត​សុន ​(Alejandro GonZalez Davidson) ជន​ជាតិ​​អេស្ប៉ាញ ​ដែល​​បាន​ចូល​មក​​រ​ស់​នៅ​​កម្ពុជា​​​តាំង​​​ពី​​ឆ្នាំ ២០០៦មក ជា​ប្រធាន​ចលនា​មាតា​ធម្មជាតិ គឺជា​អ្នក​ចូលរួម​ការពារ ព្រៃឈើ​ខ្មែរ​មួយរូប​ដ៏​សកម្ម។ ទិដ្ឋាការ​ស្នាក់នៅ​ប្រទេស​កម្ពុជា​របស់​លោក​ត្រូវបាន​ផុតកំណត់​កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៥។ កន្លងមកនេះ​អាឡិច​តែងតែ​ដឹកនាំ​យុទ្ធនាការផ្សេងៗ ដើម្បី​ប្រឆាំង​ទៅនឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្តកោះកុង។

កាល​ពី​ថ្ងៃ​​ទី​២២ ខែ​សីហា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ការងារ​លើ​បរិស្ថាន និង​ធនធាន​ធម្មជាតិ រួម​ទាំង​ប្រធាន​កិត្តិយស​នៃ​ចលនា​មាតា​ធម្មជាតិ ព្រះតេជគុណ ព្រហ្ម ធម្មជាតិ ក៏​បាន​ចូលរួម​ក្នុង​វេទិកា​នេះ ដើម្បី​ជជែក​គ្នា​ពី​ការ​ការពារ និង​អភិរក្ស​ធនធានធ​ម្មជាតិ។ ក្នុង​វេទិកា​នោះ​ក៏​មាន​ការ​លើក​ឡើង​ពី​ការ​ការពារ​តំបន់​អារ៉ែង និង​ការ​ធ្វើ​ផ្លូវ​ទៅ​កាន់​តំបន់​នោះ​ផង​ដែរ។

កន្លង​មក​តុលាការ​ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​លោក​អេឡិច​ពី​បទ​ផ្សំ​គំនិត​ក្នុង​រឿង​គំរាម​កំហែង ដោយភ្ជាប់​នឹង​បញ្ជា​អ្វី​មួយ​ ទាក់ទង​នឹង​ការ​យុទ្ធនាការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង។ ដោយឡែក សកម្មជន​បី​នាក់​របស់​អង្គការ​នេះ ក៏​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ឃុំ​ខ្លួន​រយៈពេល​១០ ខែ និង​១៥​ថ្ងៃ​ផងដែរ។ ពួក​គេ​ទាំងបី​នាក់​ត្រូវ​បាន​ដោះលែង នៅ​ថ្ងៃ​ទី​ ១ កក្កដា ឆ្នាំ២០១៦​ ​តែតុលាការ​បង្គាប់​ឲ្យ​សង​សំណង​ខូច​ខាត​រួម​គ្នា​ចំនួន​១០០​លាន​រៀល​ ទៅ​ក្រុមហ៊ុនឯកជនមួយ​។

ការ​ដោះលែង​សកម្មជន​ទាំង​បី​រួម​មាន លោក ទ្រី សុវិគា លោក​សាន់ ម៉ាឡា និង​លោក ស៊ីម សំណាង។ បច្ចុប្បន្ន​អ្នក​ទាំងបី​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ដោយសារ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​កោះ​ហៅ​ពី​សាលាឧទ្ធរណ៍​ដើម្បី​ជំនុំ​ជម្រះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​លោក សាន់ ម៉ាឡា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ