អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​ខ្មែរ​អនុម័ត​ច្បាប់​រឹតបន្តឹង​បក្សន​យោបាយ ចំពេល​ការ​បោះឆ្នោត​ជិត​មកដល់

តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃទី២០​ កុម្ភៈ​២០១៧​​នេះ រដ្ឋសភាជាតិ​ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​អនុម័ត​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដោយ​សំឡេង ​៦៦។ ច្បាប់​នេះ មាន​១១​ជំពូក និង​៥០​មាត្រា។រដ្ឋសភា​ប្រើ​ប្រាស់​ពេល​វេលា៥​ថ្ងៃ​តែ​ប៉ុណ្ណោះ​ដើម្បី​អនុម័ត​ច្បាប់​ដែល​ចម្រូង​ចម្រាស់​នេះ។ សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​បាន​លើក​ឡើង​ថា​ច្បាប់​នេះ​មាន​ចេតនា​គំរាម​គំហែង​ដល់​គណបក្ស​នយោបាយ​ខណៈ​ដែល​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់។​ 

​រដ្ឋសភា​​ពិភាក្សាពី​សេចក្តី​ព្រាង​ច្បាប់នាពេលកន្លងទៅ។
​រដ្ឋសភា​​ពិភាក្សាពី​សេចក្តី​ព្រាង​ច្បាប់នាពេលកន្លងទៅ។ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ដែល​នឹង​រឹត​ត្បិត​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បាន​រដ្ឋសភា​សម្រេច​អនុម័ត​យ៉ាង​ឆាប់រហ័ស​ខណៈ​ដែល​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់ និង​នៅ​ចំពេល​ដែល​ជម្លោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​កំពុង​តែតាន​តឹង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។​

ច្បាប់​ដែល​ទើប​តែ​វិសោធនកម្ម​នេះ នឹង​រឹត​បន្តឹង​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ប្រសិន​បើ​បក្ស​នោះ ប្រព្រឹត្តិ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ញុះញង់​ដែល​អាច​នាំឱ្យ​ការ​បែក​បាក់​ជាតិ​ជា​ដើម។​ ហើយ​ច្បាប់​នេះ ក៏បាន​ហាម​ឃាត់​មិនឱ្យ​បុគ្គល​ដែល​មាន​ទោស​ទណ្ឌ​ធ្វើ​ជាប្រធាន និង​អនុប្រធាន​គណបក្ស​នយោបាយ​ថែម​ទៀត​ផង។

បន្ថែម​ពី​នេះ មាត្រា​នៃច្បាប់​ក៏បាន​អនុញ្ញាតិ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្តឹង​គណបក្ស​នយោបាយ​ណាមួយ​ដើម្បី​ឈាន​​ដ​ល់ការ​រំលាយ​គណបក្ស​នោះ​ចោល​តែ​ម្តង តាម​រយៈ​យន្តការ​របស់​តុលាការ​កំពូល។ បន្ទាប់​ពីរំលាយ​បក្ស​ហើយ​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​នោះ​នឹង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើសកម្មភាព​នយោបាយ​រយៈ​ពេល៥​ឆ្នាំ​ផងដែរ​។ អ្វីដែល​ជាការ​គួរ​ឱ្យ​សំគាល់​មួយទៀត ច្បាប់​ដែល​វិសោធន​កម្មនេះ បាន​ហាម​ប្រាម​មិន​ឱ្យ​គណបក្ស​នយោបាយ​ទទួល​វិភាគ​ទាន​ពី​អង្គការ​ក្រៅរដ្ឋាភិបាល​ សហគ្រាស​សាធារណៈ និង​ស្ថាប័ន​បរទេស​នោះទេ។​ គួរ​កត់​សំគាល់​ថា​ ការ​ធ្វើ​វិសោធ​នកម្មច្បាប់​នេះ គឺ​ធ្វើឡើង​ត្រឹម​តែ៥ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​សេចក្តី​ស្នើ​ច្បាប់​នេះ ចូល​ដល់​ដៃ​សភា និង​បន្ទាប់​ពីការ​ស្នើ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែលជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ដែល​យក​គំរូ​តាម​ច្បាប់​តឹងរឹង​របស់​ប្រទេសថៃ។

សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​បាន​រិះគន់​យ៉ាងខ្លាំង​លើ​ច្បាប់​ដែលធ្វើ​ឡើង​ដោយគណបក្ស​កាន់​អំណាច​នេះ​ព្រោះ​ថាច្បាប់​នេះ មាន​ចេតនាត្រង់ៗ​ដាក់​សម្ពាធ​លើគណបក្ស​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី។ លោក​សម រង្ស៊ី​ដែល​មាន​ទោស​ជាប់​ខ្លួន និង​ទើប​តែ​លាលែង​តំណែង​ចេញ​ពី​ប្រធានបក្ស​សង្គ្រោះជាតិ​មុនពេល​ដែលសេចក្តី​ស្នើ​ច្បាប់​ត្រូវ​បាន​វិសោធនកម្ម។

គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ច្បាប់​នេះ​នឹង​បង្ក​ឱ្យ​មាន​ការ​បែក​បាក់​ឯកភាព​ជាតិ​ធ្ងន់ធ្ងរ ហើយ​ជា​ច្បាប់​ដែល​យក​មក​ប្រើ​ដើម្បី​គាប​សង្កត់ និង​បំផ្លាញ​គណបក្ស​ប្រជែង។
ក្រៅពី​ការរិះ​គន់​នៅ​ក្នុង​ស្រុក សភា​អាស៊ាន​​សម្រាប់​សិទ្ធិ​មនុស្ស ក៏​បាន​រិះគន់​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​ដែល​ស្នើ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាយ៉ាង​ចាស់​ដៃ​។ អង្គការ​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស ហើយ​ថា​ច្បាប់​នេះ មាន​គោល​បំណង​ចង់​សំដៅ​ទៅ​កាន់​បក្ស​ប្រឆាំង។ បន្ថែម​ពី​នេះ ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន លោក Charles Santiago បាន​អះ​​អាង​ថា​ច្បាប់​នេះ គឺជា​សូច​នាករ​នៃការ​វាយ​ប្រហារ​ចំពោះ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ាន​ទាំង​មូល។

ប៉ុន្តែ​សភា​កម្ពុជា​បាន​អះ​អាង​ថា ការ​វិសោធន​កម្ម​នេះ គឺ​មិន​មាន​រំលោភ​បំពាន​លទ្ធិ​ប្រជាធិប​តេយ្យ​​​នោះ​ទេ​ព្រោះ​ការ​ធ្វើ​វិសោធន​កម្ម​នេះ ធ្វើ​ឡើង​តាម​នីតិ​វិធី​ច្បាប់​ដែល​បាន​ចែង ហើយ​ក៏​មិន​បាន​ធ្វើ​​ឡើង​​ដើម្បី​​សំដៅ​​បុគ្គល​​ណា​មួយ ឬ​បក្ស​ណា​មួយ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ