អានតួអត្ថបទ
កម្ពុជា

លោក​ផៃ ស៊ីផាន​៖ ការ​ព្រមាន​ផ្តាច់​ជំនួយ​របស់​អាមេរិក គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ

គណៈកម្មាធិការ​​ថវិកា​នៃ​ព្រឹទ្ធសភា​អាមេរិក​កាល​ពី​សប្តាហ៍​មុន បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​មួយ​ដោយ​បាន​ព្រមាន​ចង់​ផ្តាច់​ជំនួយ​ដល់​កម្ពុជា ដោយសារ​តែ​មាន​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​យាយី​លើ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល។ លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ប្រតិកម្ម​ថា ការ​ព្រមាន​នេះ គឺ​អាមេរិក​អាង​ខ្លួន​ឯង​ជា​មហា​អំណាច តែ​វា​មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។

លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​
លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា ការ​ព្រមាន​ផ្តាច់​ជំនួយ​របស់​អាមេរិក​នេះ មិន​មាន​ប្រសិទ្ធភាព​អ្វី​នោះ​ទេ ហើយ​ក៏​មិន​ប៉ះពាល់​អ្វី​នោះ​ដែរ។ មិន​ប៉ះពាល់ បើ​តាម​លោក​ផៃ ស៊ីផាន ​ក៏​ព្រោះ​ថា ជំនួយ​របស់​អាមេរិក​ភាគ​ច្រើន​គឺ​ផ្តល់​ទៅ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​ផ្តល់​ជា​ប្រាក់​ខែ​ដល់​បុគ្គលិក និង​អនុវត្ត​គម្រោង​នានា​របស់​ខ្លួន​ប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះ លោក​ផៃ ស៊ីផាន បាន​ព្រមាន​តប​ថា បើ​អាមេរិក​ផ្តាច់​ជំនួយ​មែន​នោះ ផល​ប៉ះពាល់​មិន​មែន​កើត​ឡើង​លើ​រដ្ឋាភិបាល​កម្ពុ​ជាឡើយ ប៉ុន្តែ​គឺ​ធ្លាក់​ទៅ​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឯ​ណោះ​ទៅ​វិញ​ទេ។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​ថវិកា​នៃ​ព្រឹទ្ធសភា​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា​កន្លង​ទៅ បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​ចំនួន​ជាង​ ៧៧,៨លាន​ដុល្លារ​សម្រាប់​ផ្តល់​ឲ្យ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៧ខាង​មុខ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ។ សេចក្តី​ព្រាង​ថវិកា​នោះ បាន​សរសេរ​ថា គ្មាន​កញ្ចប់​ថវិកា​ណាមួយ​សម្រាប់​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​ទេ​  លុះ​ត្រា​តែ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កំណត់  និង​រាយការណ៍​ជូន​គណៈកម្មាធិការ​ព្រឹទ្ធសភា​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​ការ​យាយី​លើ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​គណបក្ស​ប្រឆាំង​ត​ទៅ​ទៀត។

គណៈកម្មាធិការ​ថវិកា​ព្រឹទ្ធសភា​អាមេរិក ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​គឺ​ចង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​ក្នុង​ឆ្នាំ​២០១៧។ ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​ថវិកា​ព្រឹទ្ធសភា​អាមេរិក​ក៏​បាន​សម្រេច​ផង​ដែរ​ថា ​ការ​ផ្តល់​ជំនួយ​ថវិកា​ដល់​សាលា​ក្តី​ក្រហម គឺ​នឹង​ត្រូវ​ផ្តល់​ជូន​តែ​ក្នុង​ករណី​តុលាការ​ពិចារណា​លើ​សំណុំ​រឿង​០០៣ ប្រឆាំង​លោក​មាស មុត ដែល​ជា​អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ជើងទឹក​តែ​ប៉ុណ្ណោះ។

លោក​ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា បាន​គូស​បញ្ជាក់​ថា អាមេរិក​មិន​អាច​យក​ថវិកា​ទាំង​នេះ មក​ទិញ​តុលាការ​កម្ពុជា​បាន​ទេ។ លោក​ថា ការ​ព្រមាន​នេះ គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ហើយ​វា​គ្រាន់​តែ​ជា​ការ​បង្កើត​បរិយាកាស​ឲ្យ​ស្រុក​ខ្មែរ​បែក​បាក់​គ្នា បាត់បង់​សណ្តាប់​ធ្នាប់ និង​បាត់​បង់​ការ​គោរព​ច្បាប់​តែ​ប៉ុណ្ណោះ។ បើ​ទោះ​បី​រង​ការ​ព្រមាន​ផ្តាច់​ជំនួយ​យ៉ាង​ណា​ក៏​ក្តី ក៏​លោក​អ្នក​នាំ​ពាក្យ​រូប​នេះ​នៅ​តែ​អះអាង​ថា​ តុលាការ​ខ្មែរ​នឹង​នៅ​តែ​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​ខ្លួន​ជា​ធម្មតា​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ