ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
កម្ពុជា

អំឡុង​ពេល​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ថ្មី អាមេរិក​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​ជា​បណ្ដើរៗ

media  
លោក ខៀវ​ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ។ @Ministry of Interior

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​អះ​អាង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កម្ពុជា​កំពុង​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ថ្មី ស្ដី​ពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​អតីត​ទណ្ឌិត​មក​កម្ពុជា​វិញ។ អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ ​អាមេរិក​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​ប្រទេស​កំណើត​វិញ​ជា​បណ្ដើរៗ ។ ក្នុង​នោះ ៧​នាក់​បាន​មក​ដល់​ស្រុក​វិញ​រួច​ហើយ​ដែរ កាល​ពី​ថ្ងៃ​ពុធ​ក្នុង​សប្ដាហ៍​នេះ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​យល់​ថា ពួក​គេ​ទាំង ៧​នាក់​ដែល​អាមេរិក​ទើប​តែ​បញ្ជូន​មក​នេះ​ទំនង​ជា​ស្ថិត​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំនួន ៣៦​នាក់ ដែល​អាមេរិក​ធ្លាប់​ស្នើ​មក​កម្ពុជា​ឲ្យ​ទទួល​យក។ ដែល​ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ស្រប​គ្នា​នឹង​ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ធ្វើ​វិសោធកម្ម​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​អតីត​ទណ្ឌិត​មក​កម្ពុជា។ សម្រាប់​លោក ជុំ សន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​យល់​ឃើញ​ស្រដៀង​នេះ​ដែរ។

បើ​តាម​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​លោក Jay Raman បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ពលរដ្ឋ​កម្ពុជា ៧​នាក់​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​ដោយ​ក្រសួង​មហាផ្ទៃ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។ ពួក​គេ​ទាំង​៧​នាក់​បាន​មក​ដល់​កម្ពុជា​គឺ​ធ្វើ​ឡើង​តែ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ពលរដ្ឋ​កម្ពុជា​៨​នាក់ ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣​ឧសភា។
 
ដោយ​ឡែក​ទាក់​ទង​ដំណើរ​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ថ្មី លោក ជុំ សន្ទរី មិន​បាន​បង្ហើប​ពី​ខ្លឹមសារ​សំខាន់​ថ្មី​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​កំពុង​រៀប​ចំ​នេះ​ទេ ប៉ុន្តែ​កន្លង​មក​រដ្ឋាភិបាល​ធ្លាប់​អះអាង​ហើយ​ថា ពលរដ្ឋ​ខ្មែរ​អាច​ត្រឡប់​មក​កម្ពុជា​វិញបាន ​អាស្រ័យ​លើ​ការ​ស្ម័គ្រ​ចិត្ត​មិន​មែន​ចាប់​បង្ខំ និង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​គ្រួសារ​នៅ​អាមេរិក​វិញ​បាន។ លក្ខខណ្ឌ​ពីរ​ចំណុច​នេះ​មិន​បាន​ដាក់​បញ្ជូន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​រវាង​កម្ពុជា និង​អាមេរិក​កាល​ពី​ឆ្នាំ ២០០២​ទេ។
 
សូម​បញ្ជាក់​ថា កិច្ច​ចចារ​រវាង​អាមេរិក និង​កម្ពុជា​កំពុង​តែ​ធ្វើ​នៅ​ពេល​នេះ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន  បាន​ស្នើ​សុំ​សហរដ្ឋ​អាមេរិក ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​កាល​ឆ្នាំ​ ២០០២។
 
បើ​តាម លោក ហ៊ុន សែន ពលរដ្ឋ​ខ្មែរ​រស់​នៅ​អាមេរិក ដែល​មាន​ទោស​កំហុស ហើយ​បាន​ទទួល​ទោស ទៅ​តាម​ច្បាប់​អាមេរិក​រួច​រាល់ គួរ​តែ​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​បន្ត​ទៀត ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ ខណៈ​ដែល​រួម​រស់​ជាមួយ​គ្នា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ កន្លង​មក។
 
បើ​តាម​គម្រោង ពលរដ្ឋ​ខ្មែរ​ ៣៦​នាក់ នឹង​ត្រូវ ​រដ្ឋាភិបាល​អាមេរិក ​បញ្ជូន​មក​ប្រទេស​កំណើត​​វិញ ក្នុង​ពេល​ឆាប់ៗ ។ គិត​ត្រឹម​ឆ្នាំ​២០១៧ ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ដែល​បាន​ធ្វើ​មាតុភូមិ​និវត្តន៍ មាន​ចំនួន ៥៤៤​នាក់ ស្រី​១៤​នាក់ ។​ នេះ​បើ​តាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រចាំ​ឆ្នាំ ២០១៦ ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ