អានតួអត្ថបទ
កម្ពុជា

អាមេរិក​និង​​អឺរ៉ុប​​អំពាវនាវ​ឲ្យ​កម្ពុជា​គោរព​លក្ខខណ្ឌការងារក្នុង​វិស័យ​កាត់ដេរ

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​​ បាន​អំពាវនាវ​ឲ្យ​កម្ពុជា ធានា​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ។ សម្រាប់​អាមេរិក ការ​ធានា​លក្ខខណ្ឌ​ការងារ​ស្រប​តាម​ស្តង់ដារ​អន្ដរជាតិ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​​រក្សា​កូតា​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អាមេរិក​។​ ការ​គូស​បញ្ជាក់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ជាមួយ​រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ​កម្ពុជា​នៅ​ថ្ងៃ​ទី​៦​តុលា​ម្សិលមិញ នា​ទីស្ដីការក្រសួង​។

ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​អាមេរិក​និង​អឺរ៉ុប ជាមួយ​រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ​ខ្មែរ លោក អ៊ិត សំហេង ថ្ងៃ​ទី​៦ តុលា ២០១៧។
ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​អាមេរិក​និង​អឺរ៉ុប ជាមួយ​រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ​ខ្មែរ លោក អ៊ិត សំហេង ថ្ងៃ​ទី​៦ តុលា ២០១៧។ ក្រសួងការងារ
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ក្រសួង​ការងារ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​រដ្ឋ​មន្ដ្រី អ៊ិត សំហេង លោក William Heidt ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប នឹង​មិន​ភ្ជាប់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​គោរព​លក្ខខណ្ឌ​ការងារ ទៅ​នឹង​ភាព​តានតឹង​ផ្នែក​ផ្សេង​ទៀត​ឡើយ​។ ក្រសួង​ការងារ​បន្ត​ស្រង់​ការ​លើក​ឡើងរបស់​​លោក​ឯកអគ្គរដ្ឋទូត​ទាំង​ពីរ​រូប​ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប នឹង​បន្ត​បើក​ទីផ្សារ​របស់​ខ្លួន​ដល់​កម្ពុជា និង​បង្កើន​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ស្ថានទូត​អាមេរិក​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ជំនួប​នៅ​ថ្ងៃ​ទី​៦​តុលា​នេះ ផ្ដោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​កម្មករ​និយោជិត​។ អាមេរិក​និង​អឺរ៉ុប បាន​ប្រាប់​រដ្ឋ​មន្ដ្រី​ការងារ លោក អ៊ិត សំហេង ឲ្យ​ពង្រឹង​ការ​អនុវត្ត​តាម​អនុសាសន៍​របស់​អង្គការ​ការងារ​អន្ដរជាតិ ILO ពិសេស​ទាក់ទង​នឹង​សិទ្ធិ​កម្មករ​និយោជិត​។ កម្មករ​និយោជិត​ដែល​មាន​សិទ្ធិ​ជ្រើស​រើស​សហជីព​ផ្ទាល់​ខ្លួន ចុះ​បញ្ជី​សហជីព​ដោយយុត្តិធម៌ និង​ការ​ដោះ​ស្រាយ​ជម្លោះ​ការងារ​ដោយ​តម្លាភាព​ជា​ដើម​​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​។

គួរ​ជម្រាប​ជូន​ថា ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​ទាំង​ពីរ​ជាមួយ​រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​គណៈកម្មការ​​ប្រឹក្សា​ការងារ​ប្រកាស​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ រហូត​ដល់​១៧០​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៨​​។ ចំពោះ​ការ​តម្លើង​ប្រាក់​ឈ្នួល​នេះ ឯកអគ្គរដ្ឋទូត​ទាំង​ពីរ​រូប​បាន​សារ​ទរ​ដល់​កម្ពុជា ដែល​ស្វែង​រក​បាន​លទ្ធផល​ដោយ​រលូន និង​កុងសង់ស៊ីស​គ្នា​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​។ លោក​ទាំង​ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​កម្ពុជា​បន្ត​ប្រកាន់​ខ្ជាប់​នូវ​យន្តការ​ត្រី​ភាគី ការ​សន្ទនា​សង្គម ការ​គោរព​លក្ខខណ្ឌ​ការងារ ការ​គោរព​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ និង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​ឲ្យ​បាន​លឿន​និង​មាន​តម្លា​ភាព​។

គួរ​ជម្រាប​ជូនថា អាមេរិក​និង​អឺរ៉ុប​គឺ ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​របស់​កម្ពុជា ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​។ របាយការណ៍​​ឆ្នាំ​២០១៦​កន្លង​ទៅ​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ សម្លៀក​បំពាក់​និង​ស្បែក​ជើង ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​ប្រមាណ​៧ពាន់​៣​រយលាន​ដុល្លារ​សហរដ្ឋ​អាមេរិក​​។ ក្នុង​នោះ ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប មាន​តម្លៃ​ជិត​៧​ពាន់​លាន​ដុល្លារ​អាមេរិក​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ