អានតួអត្ថបទ
កម្ពុជា

អាមេរិក ចង់​ឲ្យ​កម្ពុជា​ មាន​​ច្បាប់​សម្រាប់​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​​ដែល​​ប្រកប​ដោយ​​តម្លាភាព​

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​​រយៈ​ពេលពីរ​ថ្ងៃនៅ​​កម្ពុជា​ លោក​ Scott Busby ឧបការី​​រង​​ក្រសួង​​ការ​​បរទេស​​អាមេរិក​​ ដែល​​ទទួល​​បន្ទុក​​ផ្នែក​​លទ្ធិ​​ប្រជាធិបតេយ្យ​​ សិទ្ធិ​​មនុស្ស​​ និង​​ការងារ​​ បាន​​ត្រឹម​​ជំរុញ​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា​ បង្ហាញ​​ បើក​​ការ​​ពិភាក្សា​ជា​ចំហរ​​​ និង​ពិចារណា​ឡើង​វិញ​ ពី​​សេចក្តី​​ព្រាង​​ច្បាប់​ស្តី​ពី​​សមាគម​​ និង​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​។ តាម​​មន្ត្រី​​សហរដ្ឋ​អាមេរិក​ រូប​ នេះ​ អាមេរិក​​គ្មាន​​អ្វី​ក្រៅ​តែ​ពី​ការ​​សំណូម​​ពរ​នោះ​ទេ​ ហើយ​​អាមេរិក​ ក៏​មិន​​អាច​​ដាក់​​សម្ពាធ​​អ្វី​​ផ្សេង​​បាន​​ដែរ​ ប្រសិន​​បើ​​រដ្ឋាភិបាល​កម្ពុជា​ ប្តេជ្ញា​ ត្រូវ​តែ​​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​នេះ។ ប៉ុន្តែ​​អាមេរិក​​ គ្រាន់​តែ​​ចង់​ឲ្យ​​កម្ពុជា​ មាន​​ច្បាប់​មួយ​ ដែល​​ប្រាកប​ដោយ​​តម្លាភាព​ប៉ុណ្ណោះ​។​

លោក Scott Busby ឧបការីរងក្រសួងការបរទេសអាមេរិក។
លោក Scott Busby ឧបការីរងក្រសួងការបរទេសអាមេរិក។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

លោក Scott Busby ឧបការី​រង​ក្រសួង​ការ​បរទេស​អាមេរិក ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ ពិចារណា​ឡើង​វិញ​ ចំពោះ​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​សមាគម​ និង​​អង្គការ​​ក្រៅ​រដ្ឋាភិបាល។​ នេះ​ជា​ការ​​លើក​ឡើង​ នៅ​ក្នុង​សន្និសីទ​កាសែត​ បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​​រយៈ​ពេល​​ពីរ​​ថ្ងៃ​​នៅ​កម្ពុជា​ នាស្ថាន​ទូត​អាមេរិក​ ក្រុង​ភ្នំពេញ​ នៅ​ព្រឹក​​ថ្ងៃ​ទី ០២​មិថុនា​នេះ។​

បន្ទាប់​ពី​បាន​​ជួប​​មន្ត្រី​​រដ្ឋាភិបាល​ និង​​សង្គម​​ស៊ីវិល​​មួយ​​ចំនួន​ នៅ​កម្ពុជា​ លោក​ Scott Busby បាន​​ត្រឹម​​ស្នើ​ឲ្យ​​រដ្ឋាភិបាល​​ គួរ​​តែ​​បង្ហាញ​​ជា​សាធារណៈ​ ពី​សេចក្តី​ព្រាង​​ច្បាប់​​ស្តី​ពី​សមាគម​ និង​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ជា​មុន​​សិន​ មុន​​នឹង​​សម្រេច​ចិត្ត​​ថា​​នឹង​​អនុម័ត​​សេចក្តី​​ព្រាង​​ច្បាប់​​ដ៏​​ចម្រូង​ចម្រាស់​នេះ​ នៅ​ក្នុង​ខែ​មិថុនា​នេះ​។​ អាមេរិក​ ក៏​​ចង់​ឲ្យ​​រដ្ឋាភិបាល​ បើក​​ការ​​ពិភាក្សា​​ថ្នាក់​ជាតិ​ ពិនិត្យ​​ឡើង​វិញ​ ​ជា​មួយ​​នឹង​​សង្គម​​ស៊ីវិល​ និង​​ពលរដ្ឋ​កម្ពុជា​ផង​ដែរ​។

លោក​ Scott Busby បាន​​ថ្លែង​​ថា​ ប្រទេស​ណា​ក៏​គួរ​តែ​មាន​​ច្បាប់​នេះ​ដែរ​ ប៉ុន្តែ​ច្បាប់​នេះ​ គួរ​​តែ​​ត្រូវ​បាន​​ពិភាក្សា​ និង​​មាន​​ការ​​ព្រម​​ព្រៀង​​ក្នុង​លក្ខខណ្ឌ​ល្អ​មួយ​ជា​មុន​​សិន​ មុន​​នឹង​​សម្រេច​ចិត្ត​​ដាក់​​ឲ្យ​​ប្រើប្រាស់។ លោក​​បាន​​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ មិន​​អាច​​ដាក់​សម្ពាធ​ណា​មួយ​​ដល់​កម្ពុជា​នោះ​ទេ​ ប្រសិន​​បើ​​កម្ពុជា​ បាន​​អនុម័ត​​ច្បាប់​នេះ។ ប៉ុន្តែ​អាមេរិក​ គ្រាន់​តែ​ចង់​ឲ្យ​​កម្ពុជា​ មាន​​ច្បាប់​មួយ​​ដែល​​ប្រកប​ដោយ​​តម្លាភាព គោរព​សិទ្ធ​មនុស្ស​​ត្រឹម​ត្រូវ​ មិន​​រឹត​ត្បិ​ត​សិទ្ធិ​​សេរីភាព​ ជា​ពិសេស​​គឺ​​អាច​​​លើក​​កម្ពស់​​កិច្ច​​សហប្រតិបត្តិការ​​ក្នុង​​ភាព​​ជា​​ដៃគូ​​ដ៏​ល្អ​ រវាង​​រដ្ឋាភិបាល​​ និង​​អង្គការ​​សង្គម​ស៊ីវិល​​តែ​​ប៉ុណ្ណោះ។​

 
សូម​​បញ្ជាក់​ថា​ មក​​ដល់​ឆ្នាំ​ ២០១៥​នេះ​ មាន​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ ជាង​​មួយ​​ពាន់​អង្គការ​​ បាន​​នឹង​​កំពុង​​ដំណើរ​ការ​​​នៅក្នុង​ប្រទេសកម្ពុជា។ ដំណើរ​ទស្សនកិច្ច​របស់​លោក Scott Busby នៅ​ពេល​នេះ នៅ​មិន​​ទាន់​​មាន​​ឥទ្ធិពល​​ ដល់​​ការ​តាំង​ចិត្ត​​របស់​រដ្ឋាភិបាល​ខ្មែរ​ ដែល​​គ្រោង​​នឹង​​បញ្ជូន​​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​​ក្រៅ​រដ្ឋាភិបាល​នេះ​ ទៅ​រដ្ឋសភា​ នៅ​​ថ្ងៃ​​សុក្រ​​សប្តាហ៍​​នេះ​​នោះ​ទេ​៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ