អានតួអត្ថបទ
កម្ពុជា

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ៖ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ

អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International នៅ​ថ្ងៃ​ទី​២២​កុម្ភៈ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០១៧ ដោយ​បាន​វាយ​តម្លៃ​ទៅ​លើ​ស្ថានភាព​សិទ្ធិ​ក្នុង​ប្រទេស​១៥៩ នៅ​លើ​ពិភព​លោក។ អំពី​កម្ពុជា អង្គការ​លើក​លែង​ទោស​អន្តរជាតិ មើល​ឃើញ​ថា សេរីភាព​នៃ​សិទ្ធិ​មនុស្ស​បាន​ដើរ​ថយ​ក្រោយ​ក្នុង​ឆ្នាំ​កន្លង​មក។ តែ​សម្រាប់​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា គ្រប់​យ៉ាង​ដែល​រដ្ឋាភិបាល​ធ្វើ​គឺ​អនុវត្ត​តាម​ច្បាប់។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International
អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​វាយ​តម្លៃ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International ដែល​ថា​សេរីភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ក្នុង​ឆ្នាំ​កន្លង​មក គឺ​ផ្អែក​ទៅ​លើ​ការ​បង្ក្រាប​ក្រុម​ប្រឆាំង តាម​រយៈ​ការ​រំលាយ​គណបក្ស​ប្រឆាំង។ ហើយ​ក្នុង​នោះ​រដ្ឋាភិបាល​ក៏​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន​ដើម្បី​បង្ក្រាប​ទៅ​លើ​សម្លេង​ប្រឆាំង​ផង​ដែរ។​ នេះ​បើ​តាម​អង្គការ​លើក​លែង​ទោស​អន្តរជាតិ។

អង្គការ​ដដែល​ក៏​បាន​លើក​ឡើង​ទៀត​ថា ការ​បិទ​ការិយាល័យ​កាសែត ខេម បូឌាដេលី​ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​រួម​មាន វិទ្យុ​អាស៊ី​សេរី ឬ​ការ​បញ្ជា​ពី​រដ្ឋាភិបាល​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​បញ្ឈប់​ការ​ជួល​ម៉ោង​ផ្សាយ ទៅ​ឲ្យ​វិទ្យុ​បរទេស​ក៏​ជា​ផ្អែក​មួយ​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ​ដែរ។

ទាក់​ទង​ទៅ​នឹង​ការ​លើក​ឡើង​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ដូច្នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ឆ្លើយ​តប​ទៅ​វិញ​ថា អ្វី​ដែល​រដ្ឋាភិបាល​អនុវត្ត​ផ្អែក​ទៅ​តាម​ច្បាប់។ ច្បាប់​តម្រូវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ​បង់​ពន្ធ​ជូន​រដ្ឋ និង​ចុះ​បញ្ជី​ដំណើរ​ការ​ការងារ​នៅ​កម្ពុជា។ តែ​ស្ថាប័ន​ទាំង​នោះ​មិន​បាន​អនុវត្ត​ដូច​ច្បាប់​កម្ពុជា​តម្រូវ​ឡើយ។ ហើយ​ច្បាប់​ក៏​តម្រូវ​ឲ្យ​អ្នក​នយោបាយ​គោរព​ច្បាប់ តែ​បើ​មិន​គោរព​ច្បាប់​នឹង​មាន​វិធានការ​ទៅ​វិញ។ នេះ​បើ​តាម​លោក សុខ ឥសាន។

សូម​បញ្ជាក់​ថា ក្រៅ​ពី​កម្ពុជា នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ដែល​មាន​កម្រាស់​ជិត​៥០០​ទំព័រ​នេះ ក៏​បាន​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ប្រទេស​១៥៩​ផ្សេង​ទៀត​នៅ​លើ​ពិភព​លោក។ ក្នុង​នោះ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​រួ​មមាន៖​ថៃ ម៉ាឡេស៊ី និង​ភូមា ក៏​ត្រូវ​បាន​អង្គការ​លើក​លែង​ទោស​អន្តរវាយ​តម្លៃ​ដូច​កម្ពុជា​ដែរ។

សម្រាប់​ប្រទេស​ថៃ ម៉ាឡេស៊ី និង​កម្ពុជា ត្រូវ​បាន​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​សម្ដែង​ក្ដី​បារម្ភ ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។ ជា​ទូទៅ​មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​វិធានការណ៍​ជា​ច្រើន​ទៅ​ក្រុម​ប្រឆាំង​មុន​ការ​បោះ​ឆ្នោត​មក​ដល់។ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ក៏​បាន​ព្រមាន​រដ្ឋាភិបាល​នៃ​ប្រទេស​ដូច​បាន​រៀប​រាប់​ខាង​លើ​គួរ​ផ្លាស់​ប្តូរ​ឥរិយាបថ កុំ​ប្រើ​ការ​បោះ​ឆ្នោត​ដើម្បី​ជា​លេស​ដើម្បី​រឹត​ត្បឹត​សិទ្ធិ​មនុស្ស។

ចំណែក នៅ​ប្រទេស​ហ្វីលីពីន​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​រិះគន់​ចំពោះ ប្រធានាធិបតី​ឌូទែតេ​ដែល​បាន​ប្រើ​វោហា​សាសន៍​វាយ​ប្រហារ​ទៅ​ក្រុម​អ្នក​សិទ្ធិ​មនុស្ស និង​បាន​ឈាន​ទៅ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ដែល​តែង​តែ​វាយ​ប្រហារ​រដ្ឋាភិបាល​ហ្វីលីពីន។ ដោយ​ឡែក​នៅ​ភូមា អ្នក​​កាសែត​ភូមា​ពីរ​នាក់ ដែល​បម្រើ​ការ​ឱ្យ​ភ្នាក់ងារ​ព័ត៌មាន​Reuters ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ពី​បទ​ប៉ះពាល់​ការ​សម្ងាត់​រដ្ឋ តាម​រយៈ​ការ​ស៊ើប​រក​ព័ត៌​មាន​ ស្តីពី​សកម្មភាព​របស់​យោធា​ភូមា​បង្ក្រាប​ជនជាតិ​ភាគ​តិច ​នៅ​ភាគ​ខាង​លិច​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ