អានតួអត្ថបទ
កម្ពុជា

អន្សមយក្ស​ខ្មែរ​បំបែក​កំណត់ត្រា​ពិភពលោក

នៅ​ថ្ងៃទី១៣មេសា​នេះ នំអន្សម​យក្ស​ខ្មែរ​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness World។ គឺ​ជា​មោទនភាព​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប និង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​ត្រូវ​គណៈកម្មាធិការ​ឯតទគ្គកម្ម​ពិភពលោក កត់ត្រា​ចុះ​ក្នុង​បញ្ជី។ បន្ទាប់​ពី​បាន​ពិនិត្យ​និង​វាយ​តម្លៃ​យ៉ាង​ល្អិតល្អន់​ទាំង​លើ​ផ្នែក​បច្ចេកទេស រសជាតិ និង​ពិសេស​គឺ ទម្ងន់ គណៈកម្មាធិការ Guinness World បាន​សម្រេច​ផ្តល់​ប័ណ្ណ​ដល់​កម្ពុជា ដែល​បញ្ជាក់​ថា អន្សម​យក្ស​ខ្មែរ​បំបែក​កំណត់ត្រា​ពិភពលោក។ 

នំអន្សម​យក្សដែលជាប់​ Guinness World ​កំពុង​ដាក់​តាំង​នៅ​ទីលាន​ជល់​ដំរី ខេត្ត​សៀមរាប
នំអន្សម​យក្សដែលជាប់​ Guinness World ​កំពុង​ដាក់​តាំង​នៅ​ទីលាន​ជល់​ដំរី ខេត្ត​សៀមរាប @UYFC
ផ្សាយពាណិជ្ជកម្ម

ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ដែល​អាច​ឈាន​ដល់​សម្រេច​បាន​ការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក តាម​រយៈ​នំ​អន្សម​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​លើ​លោក។ តាំង​ពី​ថ្ងៃទី១២​មេសា អ្នកស្រី Seyda Subasi Gemici ជា​ជនជាតិ​អាល្លឺម៉ង ដែល​តំណាង​ឲ្យ​ក្រុមការងារ Guinness World Records បាន​មក​អញ្ជើញ​ទៅ​ដល់​ខេត្តសៀមរាប​ដោយ​ផ្ទាល់ ដើម្បី​ពិនិត្យ​នំអន្សម​យក្ស​របស់​ខ្មែរ។  

អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរសង្គ្រាន្ត លោក សោម រតនា បាន​ប្រាប់​វិទ្យុ​បារាំង​ថា គណៈកម្មាធិការ​ឯតទគ្គកម្ម​ពិភពលោក បាន​ពិនិត្យ​វិនិច្ឆ័យ​យ៉ាង​ហ្មត់​ចត់ ទៅ​លើ​បច្ចេកទេស​ចម្អិន រសជាតិ និង​ជា​ពិសេស​គឺ​ទម្ងន់​របស់​អន្សម​តែម្តង។

គួរ​បញ្ជាក់​ថា អន្សម​នេះ មាន​ទម្ងន់ ៣ ២០០​គីឡូក្រាម​ពេល​នៅ​ឆៅ ហើយ​ពេល​ចម្អិន​រួច គឺមាន​ទម្ងន់​រហូត​ដល់​ទៅ​៤​តោន​ឯណោះ។ ដើម្បី​អាច​ចម្អិន​អន្សម​នេះ​ឲ្យ​ឆ្អិត​បាន គេ​ត្រូវ​ប្រើពេល​ចម្អិន​ជិត​៥០​ម៉ោង។ នំ​អន្សម​យក្ស​នេះ មាន​កម្ពស់​មួយ​ម៉ែត្រ និង​មាន​ប្រវែង​រហូត​ទៅដល់​ប្រាំ​ម៉ែត្រ។ យោងតាម​សមាគម​ចុងភៅ​កម្ពុជាក្នុងការ​វេច​ខ្ចប់​និង​ចម្អិន​អន្សម​យក្ស​នេះ គេ​ត្រូវការ​ក្រុម​មេ​ចុងភៅ និង​កូនកាំបិត​ចំនួន១០០នាក់ ហើយ​នំ​អន្សម​ដ៏​ធំ​មិន​ធ្លាប់​មាន​នេះ គឺជា​ស្នាដៃ​របស់​ចុងភៅ​ខ្មែរ និង​កូន​ខ្មែរ​ពិតៗ។

លោក សោម រតនា អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្គ្រាន្ត បាន​ថ្លែង​ដោយ​រំភើប​ថា នេះ​គឺ​ជា​មោទនភាព​ជាតិ​ខ្មែរ ហើយ​នេះ​គឺ​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​កាន់​តែ​ច្បាស់​ទៅ​កាន់​ពិភព​លោក។

សូម​រម្លឹក​ជូន​ថា កម្ពុជា​ធ្លាប់​ជាប់​កំណត់ត្រា​ពិភពលោក ចំនួន​បួន​ដង​មក​ហើយ។ កាល​ពី​ឆ្នាំ២០១២ គឺ​ការ​រាំ​ចង្វាក់​ម៉ាឌីហ្សុន ដែល​មាន​អ្នក​ចូល​រួម​ជិត​១ ០០០ នាក់។ កំណត់ត្រា​មួយទៀត គឺ​កម្ពុជា​មាន​អណ្តើក​ទឹកសាប​ដ៏​ធំ​ជាង​នៅ​ទន្លេមេគង្គ។ ភាសា​ខ្មែរ​ជា​ភាសា​ដែលមាន​អក្សរ​ច្រើន​ជាង​គេ និង​កំណត់ត្រា​មួយ​ទៀត គឺ អ្នកនយោបាយ​ដែល​កាន់​ការ​ក្នុង​តំណែង​ផ្សេង​ៗ​ច្រើន​ប្រភេទ​ជាង​គេ​ក្នុង​លោក ដែល​កំណត់ត្រា​នេះ ថ្វាយ​ដល់​ព្រះបាទ នរោត្តម សីហនុ ។

នៅ​ឆ្នាំ​២០១៥​នេះ គ្រប់​គ្នា​ក៏​កំពុង​សម្លឹង​មើល​កំណត់​ត្រា​មួយ​បន្ថែម​ទៀត គឺ​ការ​រាំ​ចង្វាក់​ម៉ាឌីហ្សុន ដែល​មាន​អ្នក​រាំ​ចំនួន​២០១៥​នាក់ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្គ្រាន្ត នៅ​ខេត្តសៀមរាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ