អានតួអត្ថបទ
កម្ពុជា

លទ្ធផល​វិភាគ​៖ កាហ្វេ​ជាង​៣០​តោន​ដែល​ត្រូវ​រឹប​អូស​កាល​ពី​ខែ​មករា គ្មាន​សារធាតុ​ប៉ះពាល់​ដល់​សុខភាព​ទេ

កាហ្វេ​ជាង​៣០​តោន​ដែល​ត្រូវ​រឹប​អូស​កាល​ពី​ខែ​មករា គ្មាន​​សារធាតុ​ប៉ះពាល់​ដល់​សុខភាព​​អ្នក​ប្រើ​ប្រាស់​ទេ។ នេះ​គឺ​ជា​លទ្ធផល​វិភាគ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​សន្និសីទ​កាសែត រៀបចំ​ដោយ​គណៈកម្មាធិការ​អន្ដរក្រសួង​ កាល​ពី​ថ្ងៃ​ចន្ទ​។ មិនមាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ក៏​ពិតមែន​ ប៉ុន្តែ​សិប្បកម្ម​កែច្នៃ​កាហ្វេ​នេះ ​បាន​ក្លែង​បន្លំ​ម៉ាក​និង​គុណភាព​កាហ្វេ។ ​ទង្វើ​នេះ ​បើ​តាម​មន្ដ្រី​ជំនាញ គឺ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១​ខែ​ដល់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន ដល់​១០​លាន​រៀល​ថែម​ទៀត​។

ផ្សាយពាណិជ្ជកម្ម

ពីរ​ខែ​ក្រោយ​ការ​រឹប​អូស​កាហ្វេ​ជាង​៣០​តោន​កាល​ពី​ខែ​មករា គណៈកម្មាធិការ​អន្ដរក្រសួង សម្រប​សម្រួល ត្រួត​ពិនិត្យ​គុណភាព​និង​សុវត្ថិភាព​ផលិតផល និង​គណៈកម្មាធិការ​កូដិច​ជាតិ បាន​រៀប​ចំ​សន្និសីទ​កាសែត​មួយ ដើម្បី​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​សិក្សា​ពិសោធន៍​គុណភាព​​កាហ្វេ​ដែល​ត្រូវ​បាន​រឹប​អូស​នោះ​។

លោក ឌឹម ថេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​​កាសែត​នៅ​ថ្ងៃ​ទី​២៣​ខែ​មីនា​ថា ការ​ពិសោធ​វិភាគ​ពី​មន្ដ្រី​ជំនាញ នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម​ បង្ហាញ​ថា សារធាតុ​គីមី​ដែល​យក​មក​ប្រើ​ក្នុង​កាហ្វេ​នោះ មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ទេ​។

យ៉ាង​ណា​ក៏​ដោយ  លោក ឡុង ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ បាន​គូស​បញ្ជាក់​ថា សិប្បកម្ម​កែ​ច្នៃ​កាហ្វេ​មេគង្គ បាន​ក្លែង​បន្លំ​ម៉ាក​និង​គុណភាព​កាហ្វេ​។ បើ​តាម​អនុប្រធាន​នាយកដ្ឋាន​រូបនេះ សិប្បកម្មមេគង្គ បាន​សុំ​ច្បាប់​ផលិត​កាហ្វេ នៅ​មន្ទីរ​ឧស្សាហកម្ម​រាជធានី ប៉ុន្តែ​កាហ្វេ​ដែល​សិប្បកម្ម​នេះ​ផលិត មាន​លាយ​ពោត​និង​សណ្ដែក​៧៧​ភាគរយ និង​មាន​កាហ្វេ​តែ​២៣ភាគរយ​ប៉ុណ្ណោះ​។ លោក​ ឡុង ស្រេង ​បញ្ជាក់​ថា ទង្វើ​នេះ​គឺ​ជា​ការ​បោក​ប្រាស់ ហើយ​បើ​តាម​ផ្លូវ​ច្បាប់ អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១​ខែ​ដល់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល ដល់​១០លាន​រៀល​ថែម​ទៀត​។

សូម​រំលឹក​ជូន​ថា កាល​ពី​ថ្ងៃ​ទី​២០​ខែ​មករា ដើម​ឆ្នាំ​២០១៥​នេះ ​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ មន្ត្រី​កាំកុងត្រូល​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កាហ្វេ​ក្លែងក្លាយ​មួយ​កន្លែង​យីហោ​មេគង្គ ស្ថិត​នៅ​ភូមិ​បន្លាស្អិត សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ​។ ប្រតិបត្តិការ​លើក​នោះ រឹប​អូស​បាន​វត្ថុ​ធាតុ​ដើម និង​សារធាតុ​គីមី​ជាង​៣៤​តោន ព្រម​ទាំង​ផលិតផល​សម្រេច​មួយ​ចំនួន​ទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ