អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ​ថា​រដ្ឋាភិបាល​មិន​ចង់​ចាប់​ខ្លួន​លោក​សម​ រង្ស៊ី ​តែក៏​មិន​ចង់​ឲ្យ​លោក​ចូល​ស្រុក​

ក្រោយ​ពី​មាន​លិខិត​មួយ​ ដែល​បង្ហាញ​ពី​​វិធាន​ការ​របស់​រដ្ឋា​ភិបាល​ទប់​ស្កាត់​មិន​ឲ្យ​លោក​សម ​រង្ស៊ី​ចូលប្រទេស​កម្ពុជា ​និង​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ចុះ​ផ្សាយ​នោះ ​អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថារដ្ឋាភិ​បាល​កំពុង​តែ​រក​វិធី​មិន​ឲ្យ​លោក​សម​ រង្ស៊ី ​ចូល​ស្រុក ជា​ជាង​ការ​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​។ លោកថា​វត្តមាន​របស់​លោក​សម​ រង្ស៊ី​​​នឹ​ងធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ប្រិយ​គណបក្ស​កាន់​អំណាច​។

លោក សម រង្ស៊ី រៀបចំចេញដំណើរមកកម្ពុជា
លោក សម រង្ស៊ី រៀបចំចេញដំណើរមកកម្ពុជា @Sam Rainsy
ផ្សាយពាណិជ្ជកម្ម

លោក​បណ្ឌិត​មាស ​នី​​ អ្នក​វិភាគន​យោបាយបា​ន​ឲ្យ​ដឹង​ថា​វិធាន​ការ​មួយ​ចំនួន​រាប់​ទាំង​វិធាន​ការ​ពី​តុលាការ​ផង គឺ​ជា​ផ្នែក​មួយ ​ដែល​រដ្ឋាភិបាលមិ​ន​ចង់​ឲ្យ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ចូល​ប្រទេស​កម្ពុជា ហើយ​មិន​មែន​ជា​ការ​ប៉ុន​ប៉ង​ចង់​ចាប់​ខ្លួន​លោក​សម ​រង្ស៊ីដា​ក់ព​ន្ធនាគារ​នោះទេ​។

អ្នក​វិភាគ​រូប​នេះប​ញ្ជាក់​ថា​វត្ត​មាន​របស់​លោក​សម​ រង្ស៊ី ​ក្នុង​ស្រុក​គឺ​គណប​ក្ស​កា​ន់​អំណាច​អាច​នឹង​ជួប​ការលំបាក​ពីរ​រឿង​។ ទី១​បើ​រដ្ឋ​​អំណាច​ចាប់​លោក​សម ​រង្ស៊ី ​ដាក់​ពន្ធនាគារ​ នោះ​អ្នក​គាំទ្រ​នឹង​ទាម​ទារ​ឲ្យ​ដោះលែង ដែល​​អាច​​នឹ​ង​ក្លាយ​ជា​រឿង​ធំ​ទៅៗ​ ហើយប្រ​ជា​ប្រិយ​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​ខូច ​ដោយ​សារ​តែ​ការ​បង្ក្រាប​ទៅ​លើ​ការ​ទាមទារ​នោះ។​​

លោកបន្ត​ថា ​បើរដ្ឋាភិបាល​បន្ត​ឲ្យ​លោក​សម ​រង្ស៊ី​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ក្នុង​ស្រុក ​នោះ​គេ​នឹងព្រួយ​បារម្ភ​ថា​ប្រជា​ប្រិយភាព​របស់​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​នឹង​កើន​ឡើង​លឿន​ ដោយសា​រ​គេ​ឆ្លុះបញ្ចាំង​លើ​សកម្មភាព​មហាជន​ ដែល​ធ្លាប់​គាំទ្រ​លោក​ ពេល​លោក​ត្រឡប់​ពី​បរទេស​វិញ​លើក​ដំបូង​។

លោកអេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចាត់​ទុក​លិខិត​នោះ​ថា​ជា​ការ​រំលោភ​រដ្ឋ​ធម្ម​នុញ្ញកម្ពុជា​ ព្រោះ​ការ​ហាម​ប្រាម​នេះ​ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុញ្ញជា​ច្រើន​មាត្រា ​ដូច​ជា​មាត្រា​៣១បា​នចែ​ង​ថាប្រជា​ពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ​ ឬ​និរទេស ឬចាប់​ខ្លួន​ទៅ​ប្រទេស​ណាមួយ​ឡើយ​។ លោកបន្ថែម​ថា​នេះ​គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ គឺ​គណបក្ស​កាន់​អំណាច​ចង់​បង្ហាញ​ប្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ថាលោក​សម ​រង្ស៊ី​អស់​ច្រក​ចូល​ស្រុក​ខ្មែរ ​អញ្ចឹង​គេ​ចង់​កាត់​បន្ថយ​ឥទ្ធិពល​នៃកា​រ​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​សារ​តែ​ថ្មីៗ​នេះ ​លោក​សម​ រ​ង្ស៊ី​ប្រកាស​វិល​ចូល​កម្ពុជា​វិញ​ ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណាក៏​ដោយ។

លោក​បញ្ជាក់​ថា​អ្វីៗគឺជារឿង​នយោបាយ ​គេ​អាច​ដោះ​ស្រាយ​បាន​ទាំង​អស់​ ឲ្យ​តែ​អ្នក​នយោបាយ​មាន​ឆន្ទៈដោះស្រាយ។​

លិខិត​ដែល​មាន​ត្រា​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​នោះ ​ត្រូវ​បាន​ចុះផ្សា​យ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ សម រង្ស៊ី ​កាល​ពី​ថ្ងៃទី២១ ​ខែ​តុលា។ លិខិត​នោះ ​បាន​ណែ​នាំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ចាត់​វិធាន​ការ​៤សំខាន់ៗ​ គឺការ​តម្រូវឲ្យ​គ្រប់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ទាំង​អស់ ​ដែល​ធ្វើ​ប្រតិបត្តិ​ការ​ហោះ​ហើរ​មក​កម្ពុជា​ មិន​ត្រូវ​អនុញ្ញាតឲ្យ​លោក​សម ​រង្ស៊ី​ ឡើង​យន្ត​ហោះ​មក​កម្ពុជា​ទេ ​ហើយ​ត្រូវ​ផ្ដល់​របាយ​ការណ៍​ទៀង​ទាត់​ក្នុង​ករណី​មាន​ការទិញ​សំបុត្រ​យន្ត​ហោះ​ធ្វើ​ដំណើរ​មក​កម្ពុជា​។

បន្ថែម​ពី​នេះ ​ករណីធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ​តាម​រយៈ​យន្ត​ហោះ​ណាមួយ​ យន្ត​ហោះ​នោះ​នឹង​ត្រូវ​បង្វែរ​ឲ្យ​វិលត្រឡប់​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​ដើម​វិញ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ចុះ​ចត​នៅ​កម្ពុជា​ឡើយ​។ មិ​នត្រឹម​តែប៉ុណ្ណោះ ក្នុ​ង​ករណី​យន្ត​ហោះ​ណា​ដែល​ដឹក​ប្រធាន​បក្ស​ប្រឆាំង​នេះ​ចុះ​ចត​ដល់អា​កាស​យាន​ដ្ឋាន​ណាមួ​យនៅ​កម្ពុជា​ យន្ត​ហោះ​នោះ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាក​ចេញ​ពី​យន្ត​ហោះ​ឡើយ​ និង​ត្រូវ​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​អាកាស​យាន​ដ្ឋាន​ដើម​វិញ​។ និ​ងចុង​ក្រោយ ​គឺ​ក្នុង​ករណី​ដែល​បុគ្គល ​សម​ រង្ស៊ី ​បាន​ចាក​ចេញ​ផុត​ពីយន្ត​ហោះ ​នគរ​បាល​អន្តោ​ប្រវេសន៍ ​ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ចូល​កម្ពុជា​បាន ​និងចាត់​វិធាន​ការ​ផ្សេង​ទៀត​តាម​ការ​ចាំបា​ច់។​

 
សូម​បញ្ជាក់​ថា​ក្នុង​លិខិត​នោះ​មាន​ហត្ថ​លេខា​ឈ្មោះ ​តឹក​រ៉េត​ សំរេច​ និង​មាន​ត្រា​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី១២ ខែតុលា។ យ៉ាង​ណាមិញ​រហូត​មក​ដល់​ពេល​នេះ មិ​នទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការណា​មួយ​ពី​រដ្ឋាភិ​បាល​កម្ពុជា​ ឬ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នៅ​ឡើយ​ទេ៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ