អានតួអត្ថបទ
កម្ពុជា-សង្គម

​អាជ្ញាធរ​គ្រោង​ដាក់​ភ្លើង​បំភ្លឺ​នៅ​ប្រាសាទ​អង្គរ​វត្ត​ដើម្បី​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ពេល​រាត្រី​

ឆ្លើយ​តប​នឹង​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ ក្រសួង​ទេសចរណ៍ គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​នៅ​តាម​ប្រាសាទ​អង្គរ​វត្ត និង​ប្រាសាទ​មួយ​ចំនួន​ទៀត ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ចូល​ទៅ​ទស្សនា​នៅ​ពេល​រាត្រី​។ នេះ​ជា​គម្រោង​មួយ​នៅ​ក្នុង​គម្រោង​ជា​ច្រើន​ទៀត​ ដែល​គណៈ​កម្មការ​អន្តរ​ក្រសួង បាន​លើក​ឡើង​ក្នុង​កិច្ច​មួយ​នៅ​ខេត្ត​សៀម​រាប ថ្ងៃ​ទី១៦ កញ្ញា ដើម្បី​ស្រោច​ស្រង់​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ឡើង​វិញ ក្រោយ​មាន​ការ​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​៨ខែ ជាប់ៗ​គ្នា​ក្នុង​ឆ្នាំ​២០១៩​នេះ​។ 

ប្រាសាទអង្គរវត្តនាពេលរាត្រី
ប្រាសាទអង្គរវត្តនាពេលរាត្រី @សហការី
ផ្សាយពាណិជ្ជកម្ម

គម្រោង Angkor Night គឺជា​គំនិត​ផ្តួច​ផ្តើម​មួយ​ក្នុង​ចំណោម​គំនិត​ផ្តួច​ផ្តើម​ចំនួន​៤ សម្រាប់​ដាក់​បញ្ចូល​ក្នុង​ផែន​ការ​ចំពោះ​មុខ ដើម្បី​ដោះ​ស្រាយ​បន្ទាន់​នូវ​បញ្ហា​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​សៀម​រាប​។ ក្រសួង​ទេស​ចរណ៍ បាន​កត់​សំគាល់​ថា នៅ​ពេល​រាត្រី ​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​មាន​សកម្មភាព​តែ​នៅ​ក្នុង​ក្រុង​សៀម​រាប ដោយ​ឡែក តំបន់​ប្រាសាទ​គឺ​ស្ងាត់ ទើប​ភាគី​ពាក់​ព័ន្ធ​ស្នើ​ឱ្យ​មាន​ការ​សិក្សា ធ្វើ​យ៉ាង​ណា​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ទៅ​ទស្សនា​នៅ​ក្នុង​តំបន់​ប្រាសាទ​មួយ​ចំនួន​នៅ​ពេល​រាត្រី។

គេ​នៅ​ចាំ​បាន​ថា គម្រោង​ដាក់​បញ្ចាំង​អំពូល​ភ្លើង​ហ្វា​តាម​ប្រាសាទ​អង្គរ​វត្ត​នេះ ត្រូវ​បាន​ផ្អាក​ទៅ​វិញ​កាល​ពី​ខែ​ឧសភា ឆ្នាំ២០០៩ បន្ទាប់​ពី​មាន​ការ​រិះ​គន់​ថា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រាសាទ​។ តែ​បើ​តាម​ក្រសួង​ទេស​ចរណ៍ ការ​សិក្សា ដាក់​ឱ្យ​ដំណើរ​ការ​គម្រោង​ទស្សនា​ប្រាសាទ​អង្គរ​ពេល​រាត្រី​តាម​រយៈ​ការ​បញ្ចាំង​ភ្លើង និង​ការ​ទស្សនា​ក្រៅ​ប្រាសាទ​នោះ គឺ​ត្រូវ​តែ​ការពារ​សុវត្ថិភាព​ប្រាសាទ និង​វត្ថុ​បុរាណ​ ព្រម​ទាំង​សុវត្ថិ​ភាព​របស់​ភ្ញៀង​ទេសចរ​ផង​ដែរ​។

លោក ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ខេត្ត​សៀម​រាប​បាន​ធ្លាក់​ចុះ​រង្វង់​៩%​និយាយ​ជា​រួម​។ និយាយ​ដោយ​ឡែក​ចំនួន​អ្នក​ទេសចរ​ចិន​ក៏​ធ្លាក់​ចុះ៨% ខណៈ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​កូរ៉េ​ក៏​ធ្លាក់​ចុះ​ពី​២០%​ទៅ​៣០%។ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​នៅ​ទូទាំង​ប្រទេស​បែរ​ជា​មាន​ការ​កើន​ឡើង​ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​តែ​ម្តង​។

ចំពោះ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​មក​ខេត្ត​​សៀម​រាប​នៅ​ពេល​នេះ ត្រូវ​បាន​លោក ថោង ខុន បន្ទោស​ថា វា​ជា​ផ្នែក​មួយ​នៃ​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ចិន-អាមេរិក ដែល​ប៉ះ​ពាល់​ដល់​ចំណូល​របស់​ប្រជាជន​ចិន​។ ចិន​ដែល​ជា​ប្រភព​ទេសចរ​ដ៏​ធំ​របស់​កម្ពុជា​។ ប៉ុន្តែ​ជាមួយ​គ្នា​នោះ ការ​លក់​ផលិត​ផល​អនុស្សាវរីយ៍​ក្លែង​ក្លាយ​ឲ្យ​ភ្ញៀវ​ទេសចរ​ក៏​ជា​បញ្ហា​មួយ​ដែល​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​លេង​អង្គរ​វត្ត​ធ្លាក់​ចុះ​ដែរ​ ដែល​រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​ព្រមាន​ថា វា​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ណាស់​ដល់​គោល​ដៅ​ទេសចរណ៍ និង​កិត្យានុ​ភាព​ជាតិ ហើយ​បើ​អាជីវករ​ណា​នៅ​បន្ត​ធ្វើ​បែប​នេះ នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់​ដែល​បង្កើត​ថ្មី ដើម្បី​ការពារ​អ្នក​ប្រើ​ប្រាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ