អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ជាតិ​អប្សរា ហាម​មិន​ឲ្យ​យានយន្ត​ឆ្លង​កាត់​មុខ​ប្រាសាទ​អង្គរវត្ត

អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​នេះ​តទៅ មុខ​ប្រាសាទ​អង្គរ​វត្ត នឹងលែង​ឲ្យ​មាន​ការ​ចរាចរ​យានយន្ត ដូចជា រថយន្ត ឬ​ម៉ូតូ ទៀតឡើយ​។ យ៉ាងណា​ក៏​ដោយ ការ​ថ្មើរ​ជើង ឬ​ការ​ជិះកង់ ឬ ក្នុង​ករណី​ចាំបាច់​ សម្រាប់​រថយន្ត​ពន្លត់​អគ្គីភ័យ ឬ​រថយន្ត​សង្គ្រោះ​បន្ទាន់​ជា​ដើម អាច​ធ្វើ​ដំណើរ​ត្រង់​ទៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​បាន។ អាជ្ញាធរ​ជាតិ​អប្សរា អះអាង​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​រក្សា ការពារ សោភ័ណភាព និង​សណ្តាប់​ធ្នាប់ នៅ​មុខ​ប្រាសាទ​ដែល​ជា​បេះដូង​នៃ​សម្បត្តិ​បេតិកភណ្ឌ​កម្ពុជា​។

​ចាប់​​តាំង​​​ពី​​ដើម​​ខែ​ឧសភា​នេះ​តទៅ ​មុខ​ប្រាសាទ​អង្គរវត្ត​ មិន​តម្រូវ​ឲ្យ​មាន​ការ​ចរាចរ​យានយន្ត​ ដូចជា ​រថយន្ត ​ឬម៉ូតូ​ នោះ​ទេ។​
​ចាប់​​តាំង​​​ពី​​ដើម​​ខែ​ឧសភា​នេះ​តទៅ ​មុខ​ប្រាសាទ​អង្គរវត្ត​ មិន​តម្រូវ​ឲ្យ​មាន​ការ​ចរាចរ​យានយន្ត​ ដូចជា ​រថយន្ត ​ឬម៉ូតូ​ នោះ​ទេ។​ @អាជ្ញាធរជាតិអប្សរា
ផ្សាយពាណិជ្ជកម្ម

 

អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នក​ជំនាញ​ បាន​ពិនិត្យ​ឃើញ​ហេតុផល ៣​យ៉ាង ទើប​សម្រេច​ចិត្ត ដាក់​សញ្ញា​បិទ​មិន​ឲ្យ​មាន​ការ​ចរាចរ​យានយន្ត​ប្រើ​ដោយ​ម៉ាស៊ីន ឆ្លង​កាត់​មុខ​ប្រាសាទ​អង្គរវត្ត។ ហេតុផល​ទាំង ៣​យ៉ាង ដែល​លោក​ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ថា ដោយសារ​ចំនួន​អ្នក​ទេសចរ​មាន​ច្រើន ដូច្នេះ​បាន​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ប្រសិន​បើ​មាន​ការ​បើក​បរ​ឆ្លង​កាត់។ មួយ​វិញ​ទៀត រថយន្ត​ដឹក​អ្នក​ទេសចរ​ភាគ​ច្រើន បាន​ចត​គ្មាន​សណ្តាប់​ធ្នាប់ ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​អ្នក​ទស្សនា។ លើស​ពី​នេះ រថយន្ត​ដឹក​អ្នក​ទេសចរ​ខ្លះ បាន​ចត​ដាក់​ភ្ញៀវ នៅ​ជិត​ប្រាសាទ​ពេក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រំញ័រ ដល់​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត។

លោក​ឡុង កុសល អះអាង​ថា នេះ​គ្រាន់​តែ​ជា​ការ​សម្រួល​ចរាចរណ៍​ដើម្បី​ថែរក្សា សោភ័ណភាព និង​សណ្តាប់​ធ្នាប់ សុវត្ថិភាព មុខ​ប្រាសាទ​អង្គរ​វត្ត​តែ​ប៉ុណ្ណោះ។ ហើយ​តំណាង​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក​សំណូម​ពរ ឲ្យ​ពលរដ្ឋ ជា​ពិសេស​អ្នក​ទេសចរ យោគយល់ និង​គោរព​នៅ​លក្ខខណ្ឌ​នេះ ដើម្បី​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា។

យ៉ាងណា​ក៏​ដោយ អ្នក​ដំណើរ​ ឬ​អ្នក​ទេសចរ ដែល​ចង់​ប្រើ​មធ្យោបាយ ដូច​ជា​ឡាន ម៉ូតូ ទៅ​កាន់​ប្រាសាទ​បាយ័ន ឬ​ប្រាសាទ​ផ្សេង​ៗ​ទៀត ដែល​នៅ​ជិត​ប្រាសាទ​អង្គរ​វត្ត អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់​គំនូស​សញ្ញា​បង្ហាញ។ ហើយ​រថយន្ត​ដឹក​អ្នក​ទេសចរ ក៏​ទទួល​បាន​ចំណត​ដ៏​សមរម្យ​មួយ ដែល​មាន​ចម្ងាយ​ប្រមាណ​តែ ៥០​ម៉ែត្រ ពី​មុខ​ប្រាសាទ​អង្គរវត្ត។

សូម​បញ្ជាក់​ថា ដើម្បី​រក្សា​សោភ័ណភាព​រមណីយដ្ឋាន​អង្គរ​ កន្លង​មក​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ចេញ​បំរាម​មិន​ឲ្យ ដាក់​តាំង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ នៅ​តាម​ហាង ឬ​តូប​លក់​ដូរ និង​បាន​ដាក់​សំណើ​មួយ​ទៀត ទៅ​ដល់​ក្រុម​ហ៊ុន​ស្រាបៀរ និង​ភេសជ្ជៈ​ទាំង​ឡាយ ដែល​មាន​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​តំបន់​អង្គរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ