អានតួអត្ថបទ
កម្ពុជា-អាមេរិក

ផ្អាក​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក កម្ពុជា​ថា​មិន​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​ចិន​ទេ

រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ បានឲ្យ​ដឹង​ពី​ការ​​លុប​ចោល​​សមយុទ្ធយោធា​ជាមួយ​សហរដ្ឋ​អាមេរិក​។ ជា​លំហាត់​សមយុទ្ធ​យោធា​ ឆ្មាំ​អង្គរ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ជារៀង​រាល់​ឆ្នាំរួម​គ្នា ៧​ឆ្នាំ​កន្លង​មក​ហើយ​។ ក្រសួង​ការពារជាតិ​កម្ពុជា​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា ការ​ផ្អាក​សមយុទ្ធ​ឆ្មាំ​អង្គរ​នា​ឆ្នាំ​នេះ មិន​ស្ថិត​ក្រោម​​ឥទ្ធិពល​របស់​ចិន​ទេ បើ​ទោះ​បី​ជា​ចិន​ទើប​តែ​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា​កាល​ពី​ខែ​មុន​ក៏​ដោយ​។

សកម្មភាព​លំហាត់​សមយុទ្ធ «ឆ្មាំ​អង្គរ» រវាង​យោធា​អាមេរិក​និង​កម្ពុជា​នា​ឆ្នាំ​កន្លង​មក
សកម្មភាព​លំហាត់​សមយុទ្ធ «ឆ្មាំ​អង្គរ» រវាង​យោធា​អាមេរិក​និង​កម្ពុជា​នា​ឆ្នាំ​កន្លង​មក
ផ្សាយពាណិជ្ជកម្ម

ការ​ផ្អាក​សមយុទ្ធ​យោធា​ឆ្មាំ​អង្គរ ដែល​កម្ពុជា​បាន​ធ្វើ​រួម​គ្នា​ជាមួយ​អាមេរិក​៧​ឆ្នាំ​កន្លង​មក​ហើយ គឺ​ដោយ​សារ​តែ​កម្ពុជា​កំពុង​ជាប់​រវល់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ខុស​ច្បាប់ និង​ត្រូវ​ត្រៀម​ខ្លួន​ការពារ​សន្តិសុខ​និង​សណ្ដាប់​ធ្នាប់ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​។

ជា​ការ​កត់​សម្គាល់ ការ​សម្រេច​លុប​ចោល​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក​នេះ ធ្វើ​ឡើង​តែ​មួយ​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​កម្ពុជា​បើក​សមយុទ្ធ​នាគមាស​ជាមួយ​ចិន រយៈ​ពេល​៩​ថ្ងៃ ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៦​កន្លង​ទៅ នៅ​ខេត្ត​កំពង់ស្ពឺ​។ ជា​សមយុទ្ធ​រួម​គ្នា​ដ៏​ធំ​មិន​ធ្លាប់​មាន រវាង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ដោយ​មាន​ការ​ចូល​រួម​ពី​នាយទាហាននៃ​ប្រទេស​ទាំង​ពីរ​ប្រមាណ​ជិត​៤​រយ​នាក់​ ក្នុង​គោលដៅ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​លើ​កិច្ចការ​មនុស្ស​ធម៌ ជួយ​សង្គ្រោះ​មហន្តរាយ និង​ប្រឆាំង​ភេរវកម្ម​។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​​បាន​បញ្ជាក់ច្បាស់​ៗ​​ថា ការ​សម្រេច​នេះ​មិន​ពាក់ព័ន្ធ​ជាមួយ​ឥទ្ធិពល​របស់​ចិន​លើ​កម្ពុជា​ទេ​។ និង​ថា នៅ​ក្នុង​វិស័យ​យោធា​ កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ទាំង​ជាមួយ​អាមេរិក​និង​ចិន​ ព្រម​ទាំង​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​។

គួរ​រំឭក​ជូន​ថា អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ កម្ពុជា​និង​សហរដ្ឋ​អាមេរិក បាន​រៀបចំ​លំហាត់​សមយុទ្ធ​យោធា​រួម​គ្នា​ ឲ្យ​ឈ្មោះ​ថា ​សមយុទ្ធ​ឆ្មាំ​អង្គរ។ ជា​សមយុទ្ធ​ដែល​ជាទូទៅប្រព្រឹត្ត​ធ្វើ​នៅ​ក្នុង​អំឡុង​ខែ​មីនា​និង​មេសា ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ហ្វឹកហ្វឺន​កង​កម្លាំង​កម្ពុជា​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​និង​មនុស្ស​ធម៌​។ កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ នៅ​ក្នុង​ពិធី​បិទ​លំហាត់​សមយុទ្ធ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចាត់​ទុក​សមយុទ្ធ​ឆ្មាំ​អង្គរជា​សមយុទ្ធ​មួយ​ក្នុង​ចំណោម​សមយុទ្ធ​ប្រចាំ​ឆ្នាំ​សំខាន់​ៗ​ក្នុង​ទំនាក់ទំនង​យោធា​រវាង​អាមេរិក​និង​កម្ពុជា​។ លោក​ថែម​ទាំង​​សង្ឃឹម​ថា សមយុទ្ធ​ដ៏​សំខាន់​នេះ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​​នា​ពេល​អនាគត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ