អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​រុះ​រើ​សំណង់​ខុស​ច្បាប់​នៅ​តំបន់​អង្គរ​ដោយ​គ្មាន​ការ​លើក​លែង

អាជ្ញា​ជាតិ​អប្សារា​បាន​ថ្លែង​ថា ​សំណង់​ខុស​ច្បាប់​ទាំង​អស់​ដែល​បាន​សាង​សង់​នៅ​តំបន់​អង្គរ​នឹង​ត្រូវ​រុះ​រើ​ដោយ​គ្មាន​ការ​លើក​លែង​។ សេច​ក្តី​ថ្លែង​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​កក្កដា​ ឆ្នាំ​២០១៧​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅទី​ស្នាក់​ការ​អា​ជ្ញា​ធរ​ជាតិ​អប្សរា​។ ​សន្និ​សីទ​កា​សែត​នេះ ​ជា​សារ​ដាស់​តឿន​ និង​ជា​ព័ត៌​មាន​ដើម្បី​ជួយ​ជំ​រុញ​ឲ្យ​ម្ចាស់​សំណង់​ខុស​ច្បាប់​ និង​សា​ធារ​ណ​ជន​ទាំង​អស់​ យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ផល​ប៉ះ​ពាល់​នៃ​សំ​ណង់​ចំ​ពោះ​បេតិ​ក​ភណ្ឌ​អង្គរ​ និង​ចូល​រួម​អភិ​រក្ស​ឲ្យ​បាន​គង់​វង្ស​។

អាជ្ញាធរ​ជាតិ​អប្សរា​ប្រមាន​រុះ​រើ​សំណង់​ខុស​ច្បាប់​នៅ​តំបន់​អង្គរ​ដោយ​គ្មាន​ការ​លើក​លែង
អាជ្ញាធរ​ជាតិ​អប្សរា​ប្រមាន​រុះ​រើ​សំណង់​ខុស​ច្បាប់​នៅ​តំបន់​អង្គរ​ដោយ​គ្មាន​ការ​លើក​លែង @Apsara Authority
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖​ តាន់ គឹមច័ន្ទវាសនា​ និងហេង ពុធីរៈ

នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ស្តី​ពី​គណៈ​កម្ម​ការ​ចម្រុះ​ដើម្បី​រុះ​រើ​សំ​ណង់​ខុស​ច្បាប់​ក្នុង​តំបន់​អង្គរ​ លោក​ ស៊ុំ​ ម៉ាប់​ អគ្គ​នា​យក​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​អោយ​ដឹង​ថា ​ម្ចាស់​សំណង់​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អង្គរ​តំរូវ​អោយ​ធ្វើ​ការ​រុះរើ​ជា​បន្ទាន់​ ដោយ​ហេតុ​ថា​សំណង់​ទាំង​អស់​ បាន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សម្បត្តិ​បេ​តិ​ក​ភណ្ឌ​ ទេស​ភាព​វប្បធម៌​ និង​កំរិត​បរិស្ថាន​ ។​ ហើយ​ផល​ប៉ះ​ពាល់​អាក្រក់​ធ្ងន់​ធ្ងរ​ជាង​នេះ ​គឺ​អាច​បណ្តាល​អោយ​ប្រាសាទ​អង្គរ​វត្ត​ ត្រូវ​អង្គ​ការ​យូ​ណេ​ស្កូ​ដក​ចេញ​ពី​បញ្ជី​សម្បត្តិ​បេ​តិកភណ្ឌ​ពិភព​លោក​ថែម​ទៀត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ប្រ​ជា​ពល​រដ្ឋ​គ្មាន​ហេតុ​ផល​ និង​លិខិត​ស្នាម​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ការ​ទាម​ទារ​នោះ​ទេ​ ដោយ​សារ​តែ​ពួក​គេ​ធ្វើ​ការ​សាង​សង់​ដោយ​គ្មាន​ច្បាប់​ទំលាប់​។

​តាម​កិច្ច​ប្រជុំ​ដែល​រៀប​ចំ​ឡើង​ដោយ​អាជ្ញា​ធរជាតិ​​អប្សរា​ កាល​ពី​ម្សិល​មិញ​ ភាគី​ពាក់​ព័ន្ធ​បាន​ឯក​ភាព​គ្នា​លើ​ការ​ងារ​រុះ​រើសំណង់​ខុស​ច្បាប់​ក្នុង​តំបន់​អង្គរ​ ក្នុង​ន័យ​ការ​ពារ​ឲ្យ​បាន​នូវ​បេតិ​កភណ្ឌ​អង្គរ​។ ​ស​កម្ម​ភាព​នៃ​ការ​ចុះ​រុះ​រើ​ នឹង​ធ្វើ​ឡើង​ដោយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ នៅ​ក្នុង​សប្តាហ៍​ទី​ ៣​ នៃ​ខែ​កក្កដា​ នេះ​។ យ៉ាង​ណា​មិញ​អា​ជ្ញា​ធរ​ បាន​រៀប​ចំ​ម​ធ្យោ​បាយ​ សម្ភារៈ​ និង​ត្រៀម​កម្លាំង​ដើម្បី​ទប់​ស្កាត់​បាតុ​ភាព​ណា​មួយ​ដែល​អាច​នឹង​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​អនុវត្ត​ការងារ​។

គួរ​បញ្ជាក់​ថា ​ស​កម្ម​ភាព​សាង​សង់ ​របស់​ពលរដ្ឋ​នៅ​តំបន់​អង្គរ​រួម​មាន ​ផ្ទះ ​តូប​លក់​ដូរ​ និង​ការ​ចាក់​ដី​បំពេញ​សំណង់​ ខុស​ច្បាប់​ក្នុង​ មាន​ជាង ​៥០០​ករណី​ ដែល​ក្នុង​នោះ ​មាន​ការ​រំលោភ​សាង​សង់​កៀក​នឹង​កំពែង​ប្រាសាទ​។ អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ថា ​សកម្មភាព​រំលោភ​សាង​សង់ទាំង​នេះ បាន​ក្លាយ​ជា​សកម្មភាព​អវិជ្ជមាន​ដ៏​ធ្ងន់ធ្ងរ ហើយ​ធ្វើ​ឲ្យ​អាប់ឱន​ដល់​កិត្យានុ​ភាព​របស់​កម្ពុជា ក្នុង​ការ​ថែ​រក្សា ​ការ​ពារ ​និង​អភិរក្ស​រមណីយ​ដ្ឋាន​អង្គរ​។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់​កំណត់​ឲ្យ​រុះរើ ដែល​ត្រូវ​ផុត​កំណត់​នៅថ្ងៃទី​១៥មិថុនា​មកម្ល៉េះ។ ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​រុះ​រើ​រហូត​មក​ដល់​ថ្ងៃ​ ដែល​អាជ្ញាធរ​អប្សរា​ចាប់​ផ្តើម​ចាត់​វិធាន​ការ​។

គួរ​រំ​លឹក​ផង​ដែរ​ថា​ តំបន់​អង្គរ​ចុះ​បញ្ជី​ នៅ​ឆ្នាំ ​១៩៩២​ ក្នុង​បេ​តិ​ក​ភណ្ឌ​ពិភព​លោក​ ដែល​ប្រឈម​ នឹង​គ្រោះ​ថ្នាក់ ​ក្នុង​គោល​បំណង​គៀរ​គរ​ធន​ធាន​ហិ​រញ្ញ​វត្ថុ​ និង​បច្ចេក​ទេស ​ដើម្បី​អភិ​រក្ស​ និង​អភិ​វឌ្ឍ​។ ​ដូច្នេះ​ហើយ​ ប្រទេស​ចុះ​បញ្ជី ​ត្រូវ​កំណត់​តំបន់​ការ​ពារ​របស់​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ