ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
កម្ពុជា

អាជ្ញាធរ​ចាប់​ផ្ដើម​រុះ​រើ​សំណង់​ខុស​ច្បាប់​ក្នុង​រមណីយដ្ឋាន​អង្គរវត្ដ​ហើយ​នៅ​ព្រឹក​នេះ

media  
រូបភាព​ចាស់៖ សំណង់​ខុស​ច្បាប់​ដែល​គេ​សាង​សង់​នៅ​តំបន់​អង្គរ Photo Apsara

ថ្ងៃ​នេះ លំនៅ​ដ្ឋាន​និង​តូប​លក់​ដូរ​ខុស​ច្បាប់​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ពុំ​ព្រម​រុះ​រើ​តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​នៅ​ពេល​កន្លង​មក ត្រូវ​បាន​កម្លាំង​របស់​អាជ្ញាធរ​អប្សរា និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​សៀមរាប ចាប់​ផ្ដើម​ចុះ​រុះ​រើ​ហើយ។ បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​អប្សរា អាជ្ញាធរ​នឹង​បន្ដ​រុះ​រើ​សំណង់​ខុស​ច្បាប់​ទាំង​នោះ​រាល់​ថ្ងៃ​ រហូត​ដល់​អស់​ពី​តំបន់​ហាម​ឃាត់​នោះ។

អត្ថបទដោយ៖ យ៉ា រសាត់

មាន​សំណង់​ខុស​ច្បាប់​ជាង​៥២០ ដែល​សាង​សង់​ឡើង​នៅ​ក្នុង​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា​នេះ។ ការ​អនុវត្ត​ធម៌​ក្ដៅ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​រដ្ឋបាល​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា បាន​ចេញ​សេច​ក្ដី​ជូន​ដំណឹង​ជា​បន្ដ​បន្ទាប់​ដល់​ម្ចាស់​សំណង់​ទាំង​នោះ​ឲ្យ​រុះ​រើ​ដោយ​ខ្លួន​ឯង តែ​ម្ចាស់​សំណង់​ទាំង​នោះ​មិន​បាន​គោរព​តាម។

ប្រធាន​នាយក​ដ្ឋាន​ផ្សព្វ​ផ្សាយ​នៃ​អាជ្ញាធរ​អប្សរា លោក ឡុង​ កុសល បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ទី​១០ សីហា នេះ ថា​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​អប្សរា​និង​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រហែល​១០០​នាក់ រួម​នឹង​គ្រឿង​ចក្រ​ផង ទៅ​វាយ​កម្ទេច​សំណង់​ខុស​ច្បាប់​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ។ លោក​បន្ដ​ថា មិន​មាន​ការ​តវ៉ា​ណា​មួយ​ពី​ម្ចាស់​សំណង់​ខុស​ច្បាប់​ទាំង​នោះ​ទេ ប៉ុន្ដែ​លោក​ថា មាន​អ្នក​ខ្លះ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ទុក​សំភារៈ​របស់​ខ្លួន​កុំ​ឲ្យ​យក​ចេញ​ប៉ុន​នោះ។

គួរ​រម្លឹក​ថា អាជ្ញាធរ​អប្សរា រួម​នឹង​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ជូន​ដំណឹង​ចំនួន​ពីរ​លើក​រួច​មក​ដែល​លើក​ទី​១ ក្នុង​ខែ​កក្កដា ហើយ​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​០១​ ខែ ​សីហា ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​នាំ​គ្នា​ទៅ​សាង​សង់​សំណង់​ខុស​ច្បាប់​នៅ​តំបន់​អង្គរ​កាល​ពី​ពេល​កន្លង​ទៅ។ សេចក្ដី​ជូន​ដំណឹង​ទាំង​ពីរ​លើក​នោះ បាន​បញ្ជា​ឲ្យ រុះរើ​ចេញ​ដោយ​ខ្លួន​ឯង​មុន​នឹង​ចំណាត់​ការ​ចុង​ក្រោយ​ដោយ​អាជ្ញាធរ​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា​នេះ។

សូម​បញ្ជាក់​ថា លំនៅ​ដ្ឋាន​និង​តូប​លក់​ដូរ​សរុប​ជាង​៥២០ នៅ​តំបន់​អភិរក្ស​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​សាង​សង់​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ។ ​វា​បាន​ក្លាយ​ជា​ទំលាប់​ទៅ​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ​ដែល​បាន​ឆ្មក់​ចូល​ទៅ​វាត​យក​ដី​សាង​សង់​សំណង់​នៅ​ក្នុង​តំបន់​អង្គរ ​នៅ​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត​ម្តងៗ។ ​

បញ្ហា​នេះ​ត្រូវ​បាន​ដាក់​ការ​សង្ស័យ​ដែរ​ថា ​អាច​ជា​ការ​ចូល​ដៃ​ពី​អាជ្ញាធរ​ដែនដី ​ឬ​ការ​បណ្តោយ​ឲ្យ​ធ្វើ​បែប​នេះ ​ខណៈ​ដែល​មិន​មាន​ការ​រវី​រវល់​ណា​មួយ នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​បោះ​ឆ្នោត។​ ក៏​ប៉ុន្តែ​ទាំង​អាជ្ញាធរ​ជាតិ​អប្សរា ​និង​អាជ្ញាធរ​ខេត្ត​សៀមរាប​តែង​ធ្វើ​ការ​បដិសេធ ដោយ​ចាត់​ទុក​ថា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ​មិន​ដែល​មាន​ការ​អនុញ្ញាត​ណា​មួយ​ឲ្យ​មាន​ការ​សាង​សង់​សំណង់​អាណា​ធិបតេយ្យ​ដូច្នោះ​ទេ ​ព្រោះ​វា​ប៉ះ​ពាល់​ដល់​រូបភាព​និង​តម្លៃ​បេតិកភណ្ឌ​អង្គរវត្ត​ដែល​ជា​សម្បត្តិ​របស់​មនុស្ស​លោក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ