អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​អប្សរា​ រកឃើញថា​ ស្ត្រីថត​រូបភាព​អាក្រាត​ពាក់​កណ្តាល​ខ្លួន​ នៅ​ប្រាសាទ​បុរាណ ​ជាជនជាតិចិន​

អាជ្ញាធរ​​ជាតិ​អប្សរា​ បាន​ធ្វើការ​ថ្កោល​ទោស​ ចំពោះ​រូបភាព​អាក្រាត​ពាក់​កណ្តាល​ខ្លួន​ របស់​​ស្ត្រី​ម្នាក់​ នៅ​ប្រាសាទបុរាណ​ ក្នុង​ខេត្តសៀមរាប​។ រូបភាព​ស្ត្រី​នោះ​ បាន​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​ ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ រហូត​ដល់​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​រកឃើញថា​ ស្រ្តី​ថតរូបភាព​អាក្រាត​នោះ ​ជា​ជនជាតិ​ចិន​។

រូបភាព​ស្ត្រី​បរទេសថ​ត​អាក្រាត​កាយ​ផ្នែក​ខាងលើ​​នៅ​ប្រាសាទ​អង្គរវត្ត​
រូបភាព​ស្ត្រី​បរទេសថ​ត​អាក្រាត​កាយ​ផ្នែក​ខាងលើ​​នៅ​ប្រាសាទ​អង្គរវត្ត​ @Facebook
ផ្សាយពាណិជ្ជកម្ម

ការ​ថត​បង្ហាញ​កាយ​អាក្រាត​ មួយ​កំណាត់​ខ្លួន​ឡើង​លើ ​របស់​ស្ត្រី​ម្នាក់​ នៅ​ប្រាសាទ​បុរាណ​ ជា​អំពើ​ប្រាសចាក​ ផ្ទុយ​ទាំង​ស្រុង​ពី​សីលធម៌​ និង​វប្បធម៌​ខ្មែរ​ ព្រម​ទាំង​អោយ​មាន​ការ​អាប់ឱន​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​បេតិកភណ្ឌ​ជាតិ​ និង​កិត្តិយស​នារី​ភេទ។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

សេចក្តី​ប្រកាស​ ដែល​បាន​ផ្សព្វផ្សាយ​ កាល​ពី​យប់​ថ្ងៃទី២៤​ ខែមករា​ បង្ហាញ​ថា ​អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​ធ្វើ​ការ​ស្រាវជ្រាវ​រក​ការពិត​ ព្រម​ទាំង​ប្តេជ្ញា​អនុវត្ត​នីតិវិធី​ច្បាប់​ តាម​គ្រប់​រូបភាព​ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ ចំពោះ​ការ​ប្រព្រឹត្ត​បែប​អាសអាភាស​ និង​ខ្វះ​ការ​ពិចារណា​បែបនេះ។

ជាមួយ​គ្នា​នោះ​ អាជ្ញាធរ​ជាតិ​អប្សរា ​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ចូលរួម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជា​តម្រុយ ​​ដែល​អាច​នាំអោយ​រកឃើញ​ការពិត​ក្នុង​ករណី​រូបភាព​អាក្រាត​នោះ។ សេចក្តី​ប្រកាស​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​លើក​កំពស់​កិត្យានុភាព​ នៃ​វប្បធម៌​ខ្មែរ​ដ៏​រុងរឿង។

រូបភាព​ស្ត្រី​ម្នាក់​ ថត​ដោះអាវ​ នៅក្នុង​ប្រាសាទ​ ស្លៀក​តែ​សំពត់ ​និង​ជូត​ក្បាល​ ថត​តាមបែប​បង្ហាញ​ម៉ូត​ចំនួន​ ៤ ប៉ុស្តិ៍។ ​រូបថត​ទាំងនោះ​ មាន​សរសេរ​អក្សរ​ឡាតាំង​ ដាក់ថា ​WANIMAL។

លោក​ស្រី ចៅ ស៊ុនកិរិយា​ អ្នកនាំពាក្យ​​អាជ្ញាធរជាតិអប្សរា​ បាន​ឲ្យដឹងថា​ រហូត​ដល់​ថ្ងៃអាទិត្យ​នេះ ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ស្រាវជ្រាវ​រកឃើញ​រូបថត​នោះ ​ថត​នៅ​ប្រាសាទ​​ណា​ ហើយ​ស្ត្រី​អ្នក​ថតរូបអាក្រាត​ពាក់កណ្តាល​ខ្លួន​ នៅ​ប្រាសាទ​បុរាណ​ខ្មែរ​នោះ​ ជាជន​ជាតិ​ចិន​ ដោយ​មាន​ក្រុមហ៊ុន​ មក​ពី​ប្រទេស​ចិន​ ជា​អ្នក​ផលិត​​។ នៅ​ពេល​ដឹង​ឈ្មោះ​ក្រុមហ៊ុន​ចិន​ ផលិត​រូបភាព​អាក្រាត​នោះ ​អាជ្ញាធរ​ជាតិ​អប្សរា ​នឹង​រៀបចំ​ឯកសារ​ ប្តឹង​​ទៅ​កាន់​ស្ថាន​ទូតចិន។

ជា​ការ​កត់​សម្គាល់​ កាល​ពី​ឆ្នាំ​២០១៣​ ក៏​មាន​ស្ត្រី​រុស្ស៊ីម្នាក់ ​មក​ថត​រូបអាក្រាត​ នៅប្រាសាទ​បុរាណ​ខ្មែរ​ ហើយ​ទទួល​បាន​ពាន​រង្វាន់​លេខ​១​ ក្នុង​ទស្សនាវដ្តី​ Play Boy៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ