អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តំបន់​អារ៉ែង​ធ្លាក់​ទៅ​ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ពី​អ្នកគាំ​ទ្រ​នយោបាយ​មាន​និន្នាការ​ផ្ទុយ​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប៉ុនប៉ង​សាងសង់​ទំនប់​វារីអគ្គិសនី និង​ការ​តវ៉ា​ពី​សកម្មជន​ការពារ​ធម្មជាតិ​នៅ​តំបន់​ ជាយ​អារ៉ែង ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង បាន​ស្ងប់ស្ងាត់​មួយ​រយៈ បន្ទាប់​ពី​មាន​ការ​អះអាង​ពី​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ថា​នឹង​មិន​មាន​ការ​សាងសង់​ទេ​នៅ​មុន​ឆ្នាំ​២០១៨។ ក៏​ប៉ុន្តែ​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដែល​មិន​ដែល​ធ្លាប់​មាន​ការ​យក​ចិត្ត​ទុកដាក់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ​នៅ​ពេល​នេះ​ចាប់​ផ្តើម​មាន​ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​ទាំងពីរ​បាន​ចុះ​ទៅ​ទីនោះ​ជា​បន្ត​បន្ទាប់​ហើយ​ផ្តល់​ជំនួយ​ផ្សេង​ៗ​គ្នា​ទៅ​តាម​លទ្ធភាព​ផង​ដែរ។ សកម្មភាព​ទាំង​អស់​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ចំណង​នយោបាយ​ផង​ដែរ។

តំបន់អារ៉ែង
តំបន់អារ៉ែង RFI
ផ្សាយពាណិជ្ជកម្ម

តំបន់​ជាយ​អារ៉ែង​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ម​បាំង​ខេត្ត​កោះកុង​ទំនង​បាន​ផ្លាស់ប្តូរ​ពី​តំបន់​ការពារ​ ធម្មជាតិ​ទៅ​ជា​ទីណាត់​នៃ​ការ​ប្រកួត​ប្រជែង​នយោបាយ​រវាង​ក្រុម​យុវជន​ និង​សកម្មជន ដែល​គាំទ្រ​ដល់ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

ផ្តើម​ចេញ​ពី​ការ​ប៉ុនប៉ង​សិក្សា​ស្រាវជ្រាវ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ កាល​ពី​ឆ្នាំ​២០១៣​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង​ទាំង​ខ្មែរ​ទាំង​បរទេស​ បាន​ប្រឹងប្រែង​ការពារ ​ដោយ​ពួក​គេ​ប្រឈម​មុខ​នឹង​អាជ្ញាធរ​មិន​ឲ្យ​មាន​ការ​កែប្រែ​តំបន់​អារ៉ែង​ទៅ​ជា​ទំនប់​វារីអគ្គិសនី​ ហើយ​សំអាង​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្បតិ្ត​ធម្មជាតិ​ និង​ប្រព័ន្ធ​ជីវៈ​ចម្រុះ​ជា​ច្រើន​នៅ​ទីនោះ។

លោក​ Alejandro Gonzalez Davidson ជនជាតិ​អេស្ប៉ាញ​ដែល​ជា​ប្រធាន​ចលនា​មាតា​ធម្មជាតិ​និង​បាន​ធ្វើ​សកម្មភាព​ច្រើន​នៅ​តំបន់​បរិស្ថាន​ធម្មជាតិ​ជាយ​អារ៉ែង ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ដោយ​អាជ្ញាធរ​មិន​ពន្យារ​ទិដ្ឋាការ​ឲ្យ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត។

មិន​ត្រឹមតែ​ក្រុម​យុវជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​នោះ​ទេ ក្រុម​យុវជន​មក​ពី​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ៗ​ ដែល​មាន​ជំហរ​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​សាងសង់​ទំនប់​វារី​អគ្គិសនី​រួមទាំង​យុវជន​ដែល​គាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​ និង​អ្នក​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិផង​ដែរ ដាក់​វេន​គ្នា​ចេញ​ចូល​ទៅ​តំបន់​នោះ​ឥត​ដាច់។

តំបន់​ជាយ​អារ៉ែង​សម្បូរ​ដោយ​ជនជាតិ​ដើម​ភាគតិច មិន​មាន​ប្រជាជន​ច្រើន​ប៉ុន្មាន​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ក៏​ប៉ុន្តែ​រូបភាព​ដ៏​ស្រស់​ត្រកាល​និង​ការ​ប្រទាញ​ប្រទង់​គ្នា​នៅ​តំបន់​នោះ​ទំនង​ជា​បាន​ចាប់​ផ្តើម​ហើយ​ តាមរយៈ​នៃ​ការ​ចូល​ជ្រៅ​ទៅ​ដល់​ទី​កន្លែង​រស់នៅ​របស់​ប្រជាជន ​និង​បាន​ជួយ​អ្វី​ៗ​ដែល​មាន​ការ​ខ្វះខាត​កន្លង​មក។

បន្ទាប់​ពី​ការ​តាំងចិត្ត​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​អង្គការ​មាតា​ធម្មជាតិ ​ហើយ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ជា​ពិសេស​យុវជន បាន​ជួយ​សង់​បន្ទប់​ទឹក​និង​បង្គន់​អនាម័យ ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ សកម្មភាព​របស់​ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​ក៏​បាន​ចាប់​ផ្តើម​ដែរ។

កាល​ពី​សប្តាហ៍​មុន​ក្រុម​យុវជន​១៥៧ ដែល​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ទៅ​ដល់​ជាយ​អារ៉ែង​ផង​ដែរ។

ក្រុម​យុវជន​ដ៏​មាន​ឥទ្ធិពល​នេះ ​បាន​ចុះ​ទៅ​ជួយ​ធ្វើ​ផ្លូវ​ត្រង់​ចំណុច​ពិបាក​ៗ​ ជួយ​សាងសង់​សាលារៀន​ដល់​ក្មេង​ៗ ជួយ​ម៉ាស៊ីន​ភ្លើង​ដល់​វត្ត​អារ៉ាម ​និង​សម្ភារៈ​ដទៃ​មួយ​ចំនួន​ទៀត។

សកម្មភាព​ទាំង​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​កើត​ឡើង​បន្ទាប់​ពី​តំបន់​អារ៉ែង​បាន​ខកខាន​ដំណើរ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី ដោយហេតុ​ថា​មាន​ការ​ជំទាស់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ហើយ​ក៏​មាន​ការ​គាំទ្រ​ដោយ​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។

ប្រមុខ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន កាល​ពី​ខែ​កម្ភៈ​កន្លង​ទៅ​ បាន​ប្រកាស​ថា​ ទំនប់​វារី​អគ្គិសនី​ស្ទឹង​អារ៉ែង​នឹង​មិន​ត្រូវ​គេ​សាងសង់​នោះ​ទេ​មុន​ឆ្នាំ​២០១៨ បើ​ទោះ​ណា​ជា​ការ​សិក្សា​មួយ​ច្បាស់​ឬ​មិន​ច្បាស់​ក៏​ដោយ ​គឺ​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ជា​អ្នក​សម្រេច។

ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដែល​ទៅ​មុខ​មិន​ទាន់​រួច​ ថយ​ក្រោយ​មិន​កើត​ដូច្នេះ​ តំបន់​ជាយ​អារ៉ែង​ មើល​ទៅ​ហាក់​ដូចជា​មាន​ចលនា​ពីរ​ចូល​ទៅ​ទាក់ទង​និង​យក​ចិត្ត​ពី​ប្រជាជន​នៅ​ទី​នោះ។​ ការ​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាជន​នៅ​ពេល​នេះ ​ប្រៀប​បាន​នឹង​ការ​ប្រទាញ​ប្រទង់​គ្នា​ ក្នុង​រូបភាព​ការពារ​បរិស្ថាន​ ជួយ​ដល់​កុមារ​ឲ្យ​មាន​សាលារៀន​ មាន​ផ្លូវ​មិន​បែក​ភក់​ ឥរិយាបទ​ទាំង​នេះ ចង់​មិន​ចង់​ជា​រូបភាព​ទាក់ទាញ​ប្រជាប្រិយ​ពី​ប្រជាជន​នៅ​ក្នុង​ទិសដៅ​នយោបាយ។

វាជា​ការ​អបអរ​មួយ​ដែរ​ នៅ​ពេល​ដែល​ប្រជាជន​ក្រីក្រ ​ជនជាតិ​ភាគតិច មិន​ស្គាល់​ពន្លឺ​ភ្លើង​ អគ្គិសនី​ មិន​ស្គាល់​សាលារៀន បន្ទប់​ទឹក ហើយ​បែរ​ជា​ទទួល​បាន​របស់​អស់​ទាំង​នោះ​បើ​ទោះ​ណា​ជាយូរ​ហើយ​មិន​មាន​អ្នក​ណា​នឹកនា​ក៏​ដោយ​ចុះ។

ចំណុច​សំខាន់​គឺ​ស្ថានភាព ដែល​មាន​មនុស្ស​រស់នៅ​ដាច់​ស្រយាល​ដូច្នេះ​មាន​នៅ​សល់​ជា​ច្រើន​កន្លែង​ទៀត។ ហើយ​គេ​គួរ​តែ​រួមគ្នា​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពង់​រស់នៅ​ និង​អាស្រ័យ​ផល​តាម​បែប​ធម្មជាតិ​របស់​ពួក​គាត់​នៅ​ក្នុង​ក្របខណ្ឌ​ជីវិត​រស់នៅ​មួយ​សមរម្យ។

គេ​គួរ​តែ​ចៀសវាង​ពាក្យ​ថា ​ដើម្បី​ហេតុផល​នយោបាយ​ទើប​ធ្វើ​ឲ្យ​តំបន់​នេះ​ឬ​តំបន់​នោះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​មាន​ការ​អភិវឌ្ឍ។ល។និង។ល។ ហើយ​ការ​ជួយ​ទៀត​សោត​ ក៏​គួរ​តែ​ធ្វើ​ឡើង​ដោយ​សុទ្ធចិត្ត​ ដោយ​មិន​មាន​ការ​កែប្រែ​ខ្លាំង​ពេក​ទៅ​លើ​ប្រពៃណី​និង​ទម្លាប់​រស់នៅ​ដូចជា​ជនជាតិ​ដើម​ភាគ​តិច​ជា​ដើម។

ប្រជាជន​ម្ចាស់​ស្រុក​ទាំង​នោះ​ក្រៅ​ពី​ ចង់​រស់នៅ​បែប​ទម្លាប់​របស់​គាត់​ គាត់​ក៏​ត្រូវ​ការ​ធម្មជាតិ​ដែល​ធ្លាប់​តែ​ជា​ជម្រក​ ជា​ជីវិត និង​ការ​អាស្រ័យ​ផល​ដ៏​ចាំបាច់។ រាល់​ការ​អភិវឌ្ឍ ដែល​មាន​ផល​ប៉ះពាល់​គួរ​តែ​មាន​ការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​រវាង​ផល​ចំណេញ និង​ការ​បាត់បង់។ ហើយ​សកម្មភាព​នយោបាយ​ណា​ដែល​មាន​ការ​ខាតបង់​ដល់​ផល​ប្រយោជន៍​ប្រជាជន គួរ​តែ​បោះបង់​​ចោល​ ប្រសិន​បើ​អាច​ធ្វើ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ