តំបន់អារ៉ែងធ្លាក់ទៅក្នុងការយកចិត្តទុកដាក់ពីអ្នកគាំទ្រនយោបាយមាននិន្នាការផ្ទុយគ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២០
ការប៉ុនប៉ងសាងសង់ទំនប់វារីអគ្គិសនី និងការតវ៉ាពីសកម្មជនការពារធម្មជាតិនៅតំបន់ ជាយអារ៉ែង ស្ថិតនៅក្នុងខេត្តកោះកុង បានស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីមានការអះអាងពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថានឹងមិនមានការសាងសង់ទេនៅមុនឆ្នាំ២០១៨។ ក៏ប៉ុន្តែតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល ដែលមិនដែលធ្លាប់មានការយកចិត្តទុកដាក់អស់ជាច្រើនឆ្នាំមកហើយនោះ នៅពេលនេះចាប់ផ្តើមមានក្រុមយុវជនដែលគាំទ្រគណបក្សទាំងពីរបានចុះទៅទីនោះជាបន្តបន្ទាប់ហើយផ្តល់ជំនួយផ្សេងៗគ្នាទៅតាមលទ្ធភាពផងដែរ។ សកម្មភាពទាំងអស់នេះ ត្រូវគេមើលឃើញថាមានជាប់ទាក់ទងទៅនឹងចំណងនយោបាយផងដែរ។
តំបន់ជាយអារ៉ែងស្ថិតនៅក្នុងស្រុកថ្មបាំងខេត្តកោះកុងទំនងបានផ្លាស់ប្តូរពីតំបន់ការពារ ធម្មជាតិទៅជាទីណាត់នៃការប្រកួតប្រជែងនយោបាយរវាងក្រុមយុវជន និងសកម្មជន ដែលគាំទ្រដល់ គណបក្សជាប់ឆ្នោតទាំងពីរ។
ផ្តើមចេញពីការប៉ុនប៉ងសិក្សាស្រាវជ្រាវគម្រោងសាងសង់ទំនប់វារីអគ្គិសនី កាលពីឆ្នាំ២០១៣សកម្មជនការពារបរិស្ថានតំបន់អារ៉ែងទាំងខ្មែរទាំងបរទេស បានប្រឹងប្រែងការពារ ដោយពួកគេប្រឈមមុខនឹងអាជ្ញាធរមិនឲ្យមានការកែប្រែតំបន់អារ៉ែងទៅជាទំនប់វារីអគ្គិសនី ហើយសំអាងថាបានធ្វើឲ្យប៉ះពាល់ដល់សម្បតិ្តធម្មជាតិ និងប្រព័ន្ធជីវៈចម្រុះជាច្រើននៅទីនោះ។
លោក Alejandro Gonzalez Davidson ជនជាតិអេស្ប៉ាញដែលជាប្រធានចលនាមាតាធម្មជាតិនិងបានធ្វើសកម្មភាពច្រើននៅតំបន់បរិស្ថានធម្មជាតិជាយអារ៉ែង ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈកន្លងទៅ ដោយអាជ្ញាធរមិនពន្យារទិដ្ឋាការឲ្យរស់នៅក្នុងប្រទេសកម្ពុជាបន្ត។
មិនត្រឹមតែក្រុមយុវជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិនោះទេ ក្រុមយុវជនមកពី អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ដែលមានជំហរមិនចង់ឲ្យរដ្ឋាភិបាលសាងសង់ទំនប់វារីអគ្គិសនីរួមទាំងយុវជនដែលគាំទ្រគណបក្សនយោបាយប្រឆាំង និងអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិផងដែរ ដាក់វេនគ្នាចេញចូលទៅតំបន់នោះឥតដាច់។
តំបន់ជាយអារ៉ែងសម្បូរដោយជនជាតិដើមភាគតិច មិនមានប្រជាជនច្រើនប៉ុន្មានគួរឲ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែរូបភាពដ៏ស្រស់ត្រកាលនិងការប្រទាញប្រទង់គ្នានៅតំបន់នោះទំនងជាបានចាប់ផ្តើមហើយ តាមរយៈនៃការចូលជ្រៅទៅដល់ទីកន្លែងរស់នៅរបស់ប្រជាជន និងបានជួយអ្វីៗដែលមានការខ្វះខាតកន្លងមក។
បន្ទាប់ពីការតាំងចិត្តអភិរក្សធនធានធម្មជាតិរបស់អង្គការមាតាធម្មជាតិ ហើយអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនជាពិសេសយុវជន បានជួយសង់បន្ទប់ទឹកនិងបង្គន់អនាម័យ ដល់ប្រជាពលរដ្ឋនៅទីនោះ សកម្មភាពរបស់ក្រុមយុវជនដែលគាំទ្រគណបក្សកាន់អំណាចក៏បានចាប់ផ្តើមដែរ។
កាលពីសប្តាហ៍មុនក្រុមយុវជន១៥៧ ដែលស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទៅដល់ជាយអារ៉ែងផងដែរ។
ក្រុមយុវជនដ៏មានឥទ្ធិពលនេះ បានចុះទៅជួយធ្វើផ្លូវត្រង់ចំណុចពិបាកៗ ជួយសាងសង់សាលារៀនដល់ក្មេងៗ ជួយម៉ាស៊ីនភ្លើងដល់វត្តអារ៉ាម និងសម្ភារៈដទៃមួយចំនួនទៀត។
សកម្មភាពទាំងនេះត្រូវគេមើលឃើញថាបានកើតឡើងបន្ទាប់ពីតំបន់អារ៉ែងបានខកខានដំណើរការសាងសង់ទំនប់វារីអគ្គិសនី ដោយហេតុថាមានការជំទាស់ពីក្រុមអង្គការសង្គមស៊ីវិល ហើយក៏មានការគាំទ្រដោយក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។
ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីខែកម្ភៈកន្លងទៅ បានប្រកាសថា ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែងនឹងមិនត្រូវគេសាងសង់នោះទេមុនឆ្នាំ២០១៨ បើទោះណាជាការសិក្សាមួយច្បាស់ឬមិនច្បាស់ក៏ដោយ គឺទុកឲ្យក្មេងជំនាន់ក្រោយជាអ្នកសម្រេច។
ស្ថិតនៅក្នុងដំណាក់កាលដែលទៅមុខមិនទាន់រួច ថយក្រោយមិនកើតដូច្នេះ តំបន់ជាយអារ៉ែង មើលទៅហាក់ដូចជាមានចលនាពីរចូលទៅទាក់ទងនិងយកចិត្តពីប្រជាជននៅទីនោះ។ ការដែលមានការយកចិត្តទុកដាក់ដល់ប្រជាជននៅពេលនេះ ប្រៀបបាននឹងការប្រទាញប្រទង់គ្នា ក្នុងរូបភាពការពារបរិស្ថាន ជួយដល់កុមារឲ្យមានសាលារៀន មានផ្លូវមិនបែកភក់ ឥរិយាបទទាំងនេះ ចង់មិនចង់ជារូបភាពទាក់ទាញប្រជាប្រិយពីប្រជាជននៅក្នុងទិសដៅនយោបាយ។
វាជាការអបអរមួយដែរ នៅពេលដែលប្រជាជនក្រីក្រ ជនជាតិភាគតិច មិនស្គាល់ពន្លឺភ្លើង អគ្គិសនី មិនស្គាល់សាលារៀន បន្ទប់ទឹក ហើយបែរជាទទួលបានរបស់អស់ទាំងនោះបើទោះណាជាយូរហើយមិនមានអ្នកណានឹកនាក៏ដោយចុះ។
ចំណុចសំខាន់គឺស្ថានភាព ដែលមានមនុស្សរស់នៅដាច់ស្រយាលដូច្នេះមាននៅសល់ជាច្រើនកន្លែងទៀត។ ហើយគេគួរតែរួមគ្នាជួយប្រជាពលរដ្ឋដែលកំពង់រស់នៅ និងអាស្រ័យផលតាមបែបធម្មជាតិរបស់ពួកគាត់នៅក្នុងក្របខណ្ឌជីវិតរស់នៅមួយសមរម្យ។
គេគួរតែចៀសវាងពាក្យថា ដើម្បីហេតុផលនយោបាយទើបធ្វើឲ្យតំបន់នេះឬតំបន់នោះមានការយកចិត្តទុកដាក់ និងមានការអភិវឌ្ឍ។ល។និង។ល។ ហើយការជួយទៀតសោត ក៏គួរតែធ្វើឡើងដោយសុទ្ធចិត្ត ដោយមិនមានការកែប្រែខ្លាំងពេកទៅលើប្រពៃណីនិងទម្លាប់រស់នៅដូចជាជនជាតិដើមភាគតិចជាដើម។
ប្រជាជនម្ចាស់ស្រុកទាំងនោះក្រៅពី ចង់រស់នៅបែបទម្លាប់របស់គាត់ គាត់ក៏ត្រូវការធម្មជាតិដែលធ្លាប់តែជាជម្រក ជាជីវិត និងការអាស្រ័យផលដ៏ចាំបាច់។ រាល់ការអភិវឌ្ឍ ដែលមានផលប៉ះពាល់គួរតែមានការសិក្សាឲ្យបានល្អិតល្អន់រវាងផលចំណេញ និងការបាត់បង់។ ហើយសកម្មភាពនយោបាយណាដែលមានការខាតបង់ដល់ផលប្រយោជន៍ប្រជាជន គួរតែបោះបង់ចោល ប្រសិនបើអាចធ្វើបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ