អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អនាគត​តំបន់​អារ៉ែង ដែន​ជម្រក​ក្រពើ​ភ្នំ​តែ​មួយ​គត់​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

អារ៉ែង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ព្រៃ​ចុង​ក្រោយ​របស់​កម្ពុជា និង​ជា​កន្លែង​ដែល​មាន​ក្រពើ​ភ្នំ​រស់នៅ​ជា​ច្រើន​រយក្បាល ជម្រក​របស់​ត្រីនាគ និង​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​នោះ កំពុង​តែ​លាក់​ខ្លួន​យ៉ាង​ស្ងៀមស្ងាត់​ឆ្ងាយ​ពី​ពិភព​លោក​ខាង​ក្រៅ។ ឆ្ងាយ​ពី​ពិភព​លោក​ខាង​ក្រៅ ដោយសារ​តែ​តំបន់​នោះ ស្ថិត​នៅ​ក្នុង​តំបន់​មួយ​ដែល​ហុំ​ព័ទ្ធ​ជុំវិញ ទៅ​ដោយ​ជួរ​ភ្នំ​ក្រវ៉ាញ​និង​ភ្នំ​ដង​រែក។ គ្មាន​អ៊ីន​ធឺ​ណិត គ្មាន​សេវា​ទូរស័ព្ទ គ្មាន​អគ្គិសនី គ្មាន​ទឹក​ស្អាត ហើយ​ផ្លូវ​ធ្វើ​ដំណើរ​វិញ​ក៏​លំបាក ព្រោះ​ជា​ផ្លូវ​ឡើង​ចុះ​ភ្នំ។ តែ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​តំបន់​នេះ​នៅ​តែ​អាច​ទាក់​ទាញ​មនុស្ស​ឲ្យ​ទៅ​ចូល​ទស្សនា​សម្រស់​ធម្មជាតិ​របស់​ខ្លួន​ជាប់​ជា​រឿយ​ផង​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ផ្ទុះ​រឿង​រដ្ឋាភិបាល​ចង់​បង្កើត​គម្រោង​ទំនប់​វារី​អគ្គិសនី​នៅ​ទីនោះ។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​នៅ​ចុង​ឆ្នាំ​២០១៤។

ព្រៃឈើ​នៅ​ក្នុង​តំបន់​អារ៉ែង ​ថត​នៅ​ពេល​ព្រឹក​ព្រលឹម​ពី​លើ​ភ្នំ​ម្រេច​កង្កែប។​
ព្រៃឈើ​នៅ​ក្នុង​តំបន់​អារ៉ែង ​ថត​នៅ​ពេល​ព្រឹក​ព្រលឹម​ពី​លើ​ភ្នំ​ម្រេច​កង្កែប។​ រូបថតដោយ @Bun Chan
ផ្សាយពាណិជ្ជកម្ម

តំបន់​អារ៉ែង ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង​គឺ​ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ជនជាតិ​ភាគតិច​ជង​រាប់​រយ​គ្រួសារ​កំពុង​តែ​រស់នៅ​តាម​បែប​ប្រពៃណី​និង​ទំនៀម​ទម្លាប់​ដូនតា​របស់​ពួក​គេ។ ពួកគេ​រស់​នៅ​ដោយ​គ្មាន​អគ្គិសនី គ្មាន​ប្រព័ន្ធ​ទឹក​ស្អាត គ្មាន​អ៊ីនធឺណិត គ្មាន​សេវា​ទូរស័ព្ទ​ដៃ។ ជនជាតិ​ដើម​ភាគ​តិច​ជង​រាប់​ពាន់​នាក់ ដែល​រស់នៅ​ក្នុង​ឃុំ​ចំនួន ៣ និង​៧​ភូមិ​នៅ​ក្នុង​តំបន់​អារ៉ែង គឺ​ហាក់​បី​ដូចជា​កំពង់​តែ​រស់នៅ​ក្នុង​ពិភព​មួយ​ដាច់​ឆ្ងាយ​ពី​ពិភព​លោក។ សព្វ​ថ្ងៃ​ប្រជាជន​នៅ​ទីនោះ ហាក់​កំពុង​តែ​រស់នៅ និង​ពឹង​ផ្អែក​លើ​ការ​នេសាទ​ត្រី​នៅ​ក្នុង​ស្ទឹង​ ដែល​មាន​ក្រពើ​ភ្នំ​រាប់​រយ​ក្បាល​រស់នៅ​ទីនោះ​ដែរ។

ការ​រស់នៅ​នឹង​នេសាទ​នៅ​ក្នុង​ស្ទឹង​ក្រពើ​ភ្នំ​រស់នៅ​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ដូនតា​របស់​ពួក​គេ​មក​ម្ល៉េះ ដោយ​មាន​ពិធី​សែន​ព្រែន​នានា​ទៅ​តាម​រដូវ​កាល។ ដូច្នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​នៅ​ទីនោះ ពុំ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​នេសាទ​ត្រី​ ក្នុង​ទឹក​ស្ទឹង​ដែល​មាន​ក្រពើ​រស់​នៅ​នោះ​ទេ។

ប្រជាជន​នៅ​ក្នុង​តំបន់​អារ៉ែង​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ធម្មជាតិ​ស្ទើរ​តែ​ទាំង​ស្រុង ព្រោះ​តំបន់​នោះ​សំបូរ​ទៅ​ដោយ​ជីវៈ ​ចម្រុះ​ជា​ច្រើន​ ដែល​អាច​អនុគ្រោះ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​បាន។ ប៉ុន្តែ​តំបន់​មួយ​នេះ​បាន​រង​នូវ​រឿង​ចម្រូង​ច​ម្រាស់​បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​គម្រោង​សាង​សង់​ទំបន់​វារីអគ្គីសនី​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ហើយ​ក៏​ប្រកាស​ផ្អាក​ទៅ​វិញ នៅ​ពេល​ដែល​មាន​សកម្មជន​ការពារ​ព្រៃឈើ និង​ប្រជាជន​មួយ​ចំនួន​នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា។

កាល​ពី​ចុង​ឆ្នាំ​២០១៤ លោក​អ៊ិត ប្រាង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ជាយអារ៉ែង អាច​នឹង​ផលិត​ថាមពល​បាន ២៦០ មេហ្គាវ៉ាត់ ប៉ុន្តែ​កាត់​បន្ថយ​មក​ត្រឹម ១០៨ មេហ្គាវ៉ាត់ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ធំពេក។ ហើយ​គម្រោង​នោះ​នឹង​ត្រូវ​សិក្សា​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២០ ដែល​ប្រើ​ទឹក​ប្រាក់​អស់​ប្រមាណ ៤០០​លាន​ដុល្លារ​អាមេរិក។

ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល និង​ជា​ពិសេស​គឺ​អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​មាន​លោក Alex Gonzalez Davidson ជា​ស្ថាបនិក និង​ពេល​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​កម្ពុជា​វិញ​នោះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​ផ្អាក​ពី​ការ​សិក្សា​លើ​គម្រោង​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​តំបន់​អារ៉ែង។

ប៉ុន្តែ​ការ​ប្រកាស​ផ្អាក​នេះ នៅ​មិន​ទាន់​មាន​ជា​លាយលក្ខ​អក្សរ​នៅ​ឡើយ​នោះ​ទេ ដោយ​នៅ​ពេល​នោះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង បាន​ចេញ​មុខ​មក​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​កាល​ពី​ចុង​ឆ្នាំ​២០១៤ ថា «សម្តេច​ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា អត់​ទាន់​មាន​សេចក្តី​សម្រេច​អី​ទេ ហើយ​សម្តេច​បាន​លើក​ឡើង​ថា ប្រហែល​ជា​អាណត្តិ​នេះ​អត់​ធ្វើ​ទេ អាច​លើក​ទៅ​សម័យ​ក្រោយ ខ្មែរ​អ្នក​ជំនាន់​ក្រោយ​សម្រេច​ទៅ។»

កាសែត​នៅ​ក្នុង​ស្រុក​មួយ​បាន​ធ្វើ​ការ​ចុះផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៤ដែរ បាន​ឲ្យ​ដឹង​ថា ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​សម រង្ស៊ី លោក​សាយ​សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បិរស្ថាន បាន​បញ្ជាក់​នៅ​ក្នុង​សភា​ថា​គម្រោង​នោះ​មិន​អាច​ផ្អាក​ទេ តែ​រាជរដ្ឋាភិបាល កំពុង​តែ​សិក្សា​យ៉ាង​ល្អិត​ល្អន់ ដោយ​មាន​ការ​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់ ធ្វើ​ការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ី​វិល។ កន្លង​មក​គម្រោង​សាងសង់​ទំបន់​វារី​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង ត្រូវ​បាន​គេ​ដឹង​ថា រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ចិន​មួយ​ឈ្មោះ​ថា Sinohydro (Cambodia) United Ltd., ជា​អ្នក​ទទួល​អភិវឌ្ឍន៍​លើ​គម្រោង​នេះ។

សម្រាប់​លោក​វ៉ែន វ៉ន ដែល​ជា​សកម្មជន​ការពារ​តំបន់​អារ៉ែង និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន ត្រូវ​បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​៤​ខែ ២៥​ថ្ងៃ ហើយ​ដែល​ទើប​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ ​បាន​ប្រកាស​មិន​ផ្លាស់​ប្តូរ​ឆន្ទៈ​ការពារ​តំបន់​អារ៉ែង​ទៀត​នោះ​ទេ ។ ព្រោះ​រហូត​មក​ទល់​នឹង​ពេល​នេះ លោក​នៅ​មិន​ទាន់​ជឿជាក់​ទាំង​ស្រុង​ថា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​តំបន់​របស់​លោក​ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង​នោះ​ដែរ បើ​ទោះ​ បី​ជា​មាន​ការ​ប្រកាស​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ថា​មិន​ទាន់​មាន​អី​សម្រេច​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ