អានតួអត្ថបទ
កម្ពុជា

អ្នក​ការពារ​ធម្មជាតិ៖ តំបន់​អារ៉ែង មិន​គួរ​ជា​កន្លែង​កេង​ចំណេញ​នយោបាយ

បន្ទាប់​ពី​មាន​សកម្មភាព​អភិវឌ្ឍន៍​តំបន់​អារ៉ែង ជា​បន្ត​បន្ទាប់​ ពី​សំណាក់​ក្រុម​យុវជន​គាំទ្រ​បក្ស​ប្រឆាំង​ និង​បក្ស​កាន់​អំណាច ​ស្ថាបនិក​ការពារ​ព្រៃឈើ​នៅ​តំបន់​អារ៉ែង បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ព្រួយ​បារម្ភ ព្រោះ​គេ​យល់​ថា ​ការ​ជួយ​អភិវឌ្ឍន៍​នេះ ជា​សកម្មភាព​ទាញ​ប្រយោជន៍​នយោបាយ សេដ្ឋកិច្ច​ ជា​ជាង​ប្រយោជន៍​សហគមន៍ និង​ព្រៃ​ឈើ​ក្នុង​តំបន់។

រូបភាព​នៃ​តំបន់​អារ៉ែង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ We Love Nature​
រូបភាព​នៃ​តំបន់​អារ៉ែង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ We Love Nature​ @We Love Nature
ផ្សាយពាណិជ្ជកម្ម

 

អ្នក​ការពារ​ធម្មជាតិ​តំបន់​អារ៉ែង​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ពួកគេ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​ជា​បន្ត​បន្ទាប់​ ទៅ​លើ​តំបន់​អារ៉ែង របស់​ក្រុម​យុវជន ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ ជា​ការ​ព្រួយ​បារម្ភ ដែល​កើត​ចេញ​មក​ ដោយ​សំអាង​ថា អ្នក​មក​អភិវឌ្ឍន៍​តំបន់​នេះ បាន​ឆ្លៀត​កេង​ចំណេញ​​យក​ប្រយោជន៍​នយោបាយ សេដ្ឋកិច្ច សម្រាប់​តែ​ខ្លួន​ឯង មិន​មែន​សម្រាប់​ប្រជាសហគមន៍ នៅ​ក្នុង​តំបន់​នោះ​ឡើយ។

 

លោក​ ម៊ូត គឹមរី សហស្ថាបនិក​ចលនា​មាតា​ធម្មជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ​ថា​ កាល​ពី​ចុង​សប្តាហ៍​នេះ តំបន់​អារ៉ែង ទើប​ទទួល​បាន​វត្តមាន​របស់​ក្រុម​យុវជន ១៥៧នាក់​ ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ លោក​គឹមរី បាន​សាទរ​ចំពោះ​ការ​ចុះ​ទៅ​ចែក​អំណោយ និង​ផ្តល់​ជំនួយ​ជា​គោយន្ត ២​គ្រឿង​ដល់​ឃុំ​ចំនួន​មួយ​ នៅ​ក្នុង​តំបន់​នេះ ​ប៉ុន្តែ​អ្នក​ការពារ​ព្រៃឈើ​រូប​នេះ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ច្រើន ជាង​ការ​សប្បាយ​ចិត្ត។​

 
លោក​ម៊ូត គឹមរី បាន​បង្ហាញ​ទស្សនៈថា ការ​ទៅ​ដល់​របស់​ក្រុម​យុវជន ១៥៧​នេះ គឺ​ដើម្បី​គ្រាន់​តែ​ទាញ​ប្រជាប្រិយ​ភាព​ផ្នែក​នយោបាយ ឬ​ជា​ការ​មើល​ភូមិ​សាស្ត្រ ​ដាក់​បន្ទាយ​ទ័ព។ ​ហើយ​លោក​ថែម​ទាំង​បារម្ភ​ថា អាច​នឹង​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ នៅ​តំបន់​អារ៉ែង​ជា​ថ្មី បើ​ទោះបី​ជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​បញ្ឃប់​សកម្មភាព​វារី​អគ្គិសនី​នោះ​ក៏​ដោយ។ លោក​គឹមរី ​មើល​ឃើញ​ថា ការ​ទៅ​ដល់​នេះ ក៏​ហាក់​ដូចជា​ការ​ប្រើ​ឥទ្ធិពល​មួយ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ ដោយ​សារ​គេ​សង្កេត​ឃើញ​មាន​ការ​ហែហម​ដោយ​កម្លាំង​ប៉ូលីស ទាហាន និង​កម្លាំង​យោធា ជាច្រើន​នាក់ បូករួម​ទាំង​សម្ភារៈ​យោធា​ទៀត​ផង។

ក្រៅ​ពី​នេះ សហស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​រូប​នេះយល់​ឃើញ​ថា ការ​អភិវឌ្ឍន៍ ​រួម​មាន​ការសាងសង់​បន្ទប់​ទឹក​ របស់​កញ្ញា​ធី សុវណ្ណថា យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ គឺ​ជា​រឿង​ល្អ​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំពោះ​ការ​នាំភ្ញៀវ​ចូល​តំបន់​អារ៉ែង​ របស់​កញ្ញា​ម្នាក់​នេះ​ មិន​បាន​នាំ​ចំណូល​មក​ដល់​អ្នក​ភូមិ​តំបន់​អារ៉ែង​នោះ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​កញ្ញា​ធី សុវណ្ណថា មិន​បាន​សហការ​ជាមួយ​កម្មវិធី​ដំណើរ​កម្សាន្ត​អេកូ​ទេសចរណ៍​ទៀត​ផង។ លោក​គឹមរី អះអាង​ថា​ សកម្មភាព​របស់​កញ្ញាធី សុវណ្ណថា មាន​ការ​អភិវឌ្ឍ​ផង​ និង​​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ​បាត់បង់​វប្បធម៌ ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច​ នៅ​ក្នុង​តំបន់​អារ៉ែង​ផង​ដែរ។

ជាសំណូម​ពរ អ្នក​ការពារធម្មជាតិ​តំបន់អារ៉ែង ចង់ឲ្យ​មានការ​អភិរក្ស​តំបន់អារ៉ែង ដូចជាការ​ធ្វើផ្លូវថ្នល់ សាលារៀន ជាបន្តទៀត ក្នុងលក្ខខណ្ឌរក្សា​ប្រពៃណី វប្បធម៌ ជនជាតិ​ដើម​ភាគតិចដដែល។ និង​សំណូម​ពរ កុំឲ្យ​មានការ​ប្រើប្រាស់តំបន់អារ៉ែង សម្រាប់រូបភាពផ្សេងៗ ដូចជាការ​ផ្តល់ដីសម្បទាន ការ​ដាក់លានដ្ឋាន បន្ទាយ​ទ័ព នៅតំបន់នេះ​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ