ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/08 12h00 GMT
កម្ពុជា

មេធាវី​អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ការ​ពារ​អារ៉ែង​នៅ​ក្រៅ​ឃុំ​

media  
សកម្មជនពីររូប​របស់ចលនា​​មាតា​​ធម្មជាតិ​​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែសីហា​​នេះ។​ Mother Nature

មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស (លីកាដូ) បាន​ឲ្យ​ដឹង​នៅថ្ងៃទី២៩ សីហា នេះថា ក្រុម​មេធាវី​របស់​ខ្លួន​បាន​ស្នើ​សុំ​តុលាការ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​អារ៉ែង​ទាំង៣នាក់​។ ស្រប​ពេលដែល​សកម្មជន​ម្នាក់​ក្នុង​ចំណោម ៣នាក់​នោះ កំពុង​មាន​ជំងឺ ដែល​តម្រូវ​ឲ្យ​គាត់​គួរ​តែ​នៅក្រៅ​ឃុំ ដើម្បី​ព្យាបាល។ ភរិយា​របស់​សកម្មជន​មាតាធម្មជាតិ​ម្នាក់​បាន​បញ្ជាក់​ថា ស្វាមី​របស់​គាត់​មាន​ក្អកធ្លាក់​ឈាម ហើយ​ត្រូវ​ការ​ការ​ព្យាបាល។

នៅថ្ងៃសៅរ៍ ទី២៩ សីហា នេះ លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ បាន​ឲ្យ​ដឹងថា ក្រុម​គ្រួសារ​របស់​សកម្ម​ជន​អារ៉ែ​បាន​ស្នើសុំ​ឲ្យអង្គការ​លីកាដូ​ជួយ​អន្តរាគម ឲ្យ​មាន​កាដោះ​លែង​អ្នក​ទាំង​បី ដែល​ជាប់​ឃុំ​នោះ ជា​បណ្តោះអាសន្ន​សិន។ ហើយ​តាម​រយៈការ​ស្នើ​នេះ ​នៅ​ទី២៦ សីហា​កន្លង​ទៅ ក្រុមមេធាវី ដែល​មាន​គ្នា​៣នាក់ មក​ពី​អង្គការ​លីកាដូ និង​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​ស្នើឲ្យតុលាការ​ដោះ​លែង​ជា​បណ្តោះ​អាស្ន។ ចំណែក​តុលាការ​ខេត្ត​កោះ​កុង មិន​ទាន់​បាន​សម្រេច​យ៉ាង​ណា​នៅឡើយ​ទេ ដោយ​ត្រូវ​រង​ចាំ​រហូត​ដល់​រយៈពេល​៥ថ្ងៃ ដើម្បី​ឲ្យ​តុលាការ​ឆ្លើយ​តប​នឹង​សំណើ​នេះ។

 
 
បច្ចុប្បន្ន​នេះ សកម្ម​ជន​ម្នាក់​ក្នុង​ចំណោម​សកម្មជន​ទាំង​បីនាក់ គឺ​លោក ស៊ឹម សំណាង ​អាយុ​២៦​ឆ្នាំ ​កំពុង​តែមាន​ជំងឺ​។ បើ​តាម​អ្នក​ស្រី ថា សុធា ភរិយា​របស់​សកម្ម​ជន ដែល​មាន​ជំងឺ​នោះ បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​មានជំងឺ​ក្រពះ ក្អក​រហូត​ធ្លាក់​ឈាម​ទៀត​ផង​។ គាត់​បាន​ស្នើសុំ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​គាត់​អាច​នាំ​ក្រុម​គ្រូ​ពេទ្យ ដើម្បី​ព្យាបាល​ប្តី​របស់​គាត់​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង ក៏​ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ​។ សមាជិក​អង្គការ “មាតា​ធម្ម​ជាតិ” ទាំង​៣នាក់​ខាង​លើ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន គឺ​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ឹម សំណាង។
 
នៅ​ពេលនេះ​ចៅ​ក្រម​ស៊ើប​សួរ​ក៏​បាន​ពន្យារ​ពេល​មួយ​រយៈ ដោយ​លើក​ហេតុ​ផល​ថា ​មាន​ការ​តវ៉ា​ពី​ប្រជាពល​រដ្ឋ​នៅ​ខាង​មុខ​តុលាការ​ខេត្ត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​លីកាដូ​ខេត្ត​កោះ​កុង។ តែ​ក្នុង​ពេល​ខាង​មុខ​នេះ ក្រុម​ចៅ​ក្រុម​ស៊ើប​សួរ​នឹង​បន្តការ​សាក​សួរ​បន្ត​ទៀត។ 
 
សូម​បញ្ជាក់​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៣​នាក់ ត្រូវ​បាន​ព្រះរាជ​អាជ្ញា​​ចោទ​ប្រកាន់ពី​បទ​គំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូច​ខាត ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ ហើយ​ក្រោយ​ពីការ​ចោទ​ប្រកាន់​មក​លើ​សកម្មជន​ការ​ពារ​អារ៉ែង​របស់​អង្គការ​មាតា​ធម្មជាតិ ប្រជា​ពល​រដ្ឋ​មក​ពី​សហ​គមន៍ចំនួន ៥នៅ​ខេត្ត​កោះ​កុង បាន​តវ៉ាអស់​រយៈពេល ១០ថ្ងៃ​មក​ហើយ​ ចាប់​តាំង​ពី​ថ្ងៃទី​១៩ សីហា​ ដើម្បី​អោយតុលាការ​ដោះ​លែង សកម្ម​ជន​មាតា​ធម្មជាតិ​ទាំង​៣រូប​នេះ។
 
តែ​ការ​តវ៉ា​របស់​សហគមន៍​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​មក​តាម​រំខាន​ជា​បន្ត​បន្ទាប់ ដោយ​គំរាម​ចាប់​ខ្លួន។ នេះបើ​តាម​មន្ត្រី​អង្គការ​លីកាដូ។ រហូម​ដល់​ពេល​នេះ វិទ្យុ​បារាំង​មិន​អាច​សុំការ​ឆ្លើយ​តប​ពី​ចៅ​ក្រម​ស៊ើប​សួរ​នៃតុលាការ​ខេត្ត​កោះ​កុង​បាន​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ