ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង​៣​នាក់​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ ត្រូវ​បាន​ចោទ​ប្រកាន់​

media  
មន្ត្រីគណបក្សប្រឆាំង (រូបភាពតំណាង) @Kem Sokha

អតីត​សកម្មជន​គណ​បក្ស​ប្រឆាំង​៣នាក់​ទៀត នៅ​ក្នុង​ខេត្ត​កំពង់​ធំ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់ ក្រោយ​ពី​ពួក​គេ​បាន​ចែក​រំលែក​ព័ត៌​មាន ស្តីពី មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ពី​បទ​ប្រឆាំង​សាល​ដីកា​តុលា​ការ​កំពូល​។ សូម​បញ្ជាក់​ថា គិត​ត្រឹម​ដើម​ខែ​កញ្ញា​នេះ មាន​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​ជិត​២០​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​ការ​មិន​អនុវត្ត​សាល​ដីកា​របស់​តុលា​ការ​។ 

លោក ស៊ុន ប៊ុនថុន និង​លោក នូ ភឿន អតីត​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​បារាយណ៍​ខេត្ត​កំពង់​ធំ ត្រូវ​បាន​ចៅ​ក្រម​តុលា​ការ​ខេត្ត​កំពង់​ធំ​ចេញ​ដី​កា​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី ០២ កញ្ញា។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​៥បទ​ល្មើស ទាក់​ទង​នឹង បរិហា​ជា​សាធារណៈ ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ ញុះ​ញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ មិន​គោរព​តាម​សាល​ដីកា​របស់​តុលា​ការ​កំពូល និង​ពី​បទ​ចោទ​ទាក់​ទង​នឹង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ជា​ដើម​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សំ សុខគង់ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ទាំង​ពីរ​ខាង​លើ​នេះ​។ ចំណែក​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​ម្នាក់​ទៀត ឈ្មោះ រស់ គឹម​ស្រៀង ក៏​ត្រូវ​បាន​ចៅ​ក្រម​តុលា​ការ​ខេត្ត​កំពង់​ធំ ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ​ដែរ និង​ទើប​តែ​បាន​ចេញ​ដី​កា​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន កាល​ពី​ថ្ងៃទី ០៣ កញ្ញា​។

សូម​បញ្ជាក់​ថា លោក ស៊ុន ប៊ុនថុន ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បារាយណ៍ ចំណែក​ឯ​លោក នូ ភឿន គឺ​ជា​អតីត​សកម្ម​ជន​នៅ​ឃុំ​បារាយណ៍ ខណៈ​ដែល​លោក រស់ គឹមស្រៀង ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីត​ប្រធាន​យុវជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់​ធំ។ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់​ធំ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កញ្ញា ឆ្នាំ២០១៩ បន្ទាប់​ពី​ពួក​គេ​បាន​ចែក​រំលែក​ព័ត៌​មាន ស្តី​ពី​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ការ​សន្ទនា​គ្នា​តាម​ទូរសព្ទ​ជា​លក្ខណៈ​នយោ​បាយ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ថត​សម្លេង​បាន​។

លោក សំ សុខគង់ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ពីរ​នាក់​ក្នុង​ចំណោម​៣​នាក់ បាន​អះអាង​ថា លោក​គ្រោង​នឹង​ដាក់​សំណើ​សុំ​ឲ្យ​កូន​ក្តី​លោក​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​វិញ នៅ​សប្តាហ៍​ក្រោយ​នេះ បន្ទាប់​ពី​លោក​បាន​សិក្សា​សំណុំ​រឿង​នេះ​ថា កូន​ក្តី​របស់​លោក គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​តែ​ប៉ុណ្ណោះ​។ ហើយ​ពួក​គេ​ទាំង​ពីរ​នាក់ ក៏​ជា​បុគ្គល​សំខាន់​នៅ​ក្នុង​គ្រួសារ​ដែល​កំពុង​ជួប​ភាព​ខ្វះ​ខាត​ថែម​ទៀត​។

អ្វី​ជា​ការ​កត់​សំគាល់ ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លើ​សកម្ម​ជន​អតីត​គណ​បក្ស​ប្រឆាំង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​កំពុង​កើន​ឡើង ក្រោយ​ពី​ការ​ប្រកាស​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។ គិតត្រឹម​ដើម​ខែ​កញ្ញា​ ឆ្នាំ២០១៩នេះ យ៉ាង​ហោច​ណាស់ មាន​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ ​ប្រមាណ​២០​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន។ នៅ​មុន​នេះ ក៏​មាន​សកម្មជន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​កំពត ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ ប៉ុន្តែ​មួយ​ចំនួន​ត្រូវ​បាន​ដោះ​លែង​មក​វិញ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ