បើយោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ការដែលសមត្ថកិច្ចបានទប់ស្កាត់ទាន់ពេលនូវអ្វីដែលគេហៅថា ឧបាយកលផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះ គឺតាមរយៈការឈានទៅ«ចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ការរំលាយគណបក្សប្រឆាំងមួយនេះ និង ការហាមឃាត់ថ្នាក់ដឹកនាំ ចំនួន១១៨នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល០៥ឆ្នាំ»។
ក្នុងរបាយការណ៍ដដែលនេះ ក៏បាននិយាយផងដែរ ពីការចាប់ខ្លួន ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា និង ប្រធានគណបក្សរួបរួមជាតិ លោក ញឹក ប៊ុនឆៃ ក្នុងបទចោទពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនកាលពីជាង៥ឆ្នាំមុន។
ក៏ប៉ុន្តែ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិ បានយល់ឃើញថា ការដែលសមត្ថកិច្ចចាត់ទុក ករណីរំលាយគណបក្សសង្រ្គោះជាតិ និងការចាប់ខ្លួនមេដឹកនាំនយោបាយ ថាជាជោគជ័យរបស់ខ្លួនក្នុងការធានាបាននូវសន្តិសុខជាតិ គឺជាការយល់ច្រឡំ។ យល់ច្រឡំ ព្រោះការរំលាយគណបក្សប្រឆាំង និងការចាប់ខ្លួន លោក កឹម សុខា គឺកាន់តែបង្កើនការឈឺចាប់ដល់ភាគីជាអ្នកចាញ់ដោយសារតែអ្នកមានអំណាចដែលជាអ្នក ឈ្នះនៅតែបន្តការបន្តុះបង្អាប់បន្ថែម ដោយមិនបានស្វែងរកការពិត ដែលនេះនយោបាយមួយត្រូវបានគេធ្វើតាំងពីជំនាន់មុនៗមក។ នេះជាបញ្ជាក់របស់បន្ថែមរបស់លោក អ៊ូ ច័ន្ទរ័ត្ន។
យ៉ាងណាក៏ដោយ បើតាមអគ្គស្នងការនគរបាលជាតិ ក្នុងឆ្នាំកន្លងទៅសភាពការណ៍សន្ដិសុខនៅកម្ពុជា ដែលលេចធ្លោគួរកត់សម្គាល់ នោះគឺ«ឧបាយកលប៉ុនប៉ងផ្ដួលរំលំ រដ្ឋអំណាចស្របច្បាប់ របស់គណបក្សប្រឆាំង ដែលថាមានការឃុបឃិតជាមួយបរទេស ការរីកសាយនៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បម្រើសកម្មភាពល្មើសប៉ះពាល់ដល់សន្ដិសុខ និងការប្រើប្រព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើសកម្មភាពជម្រិតទារប្រាក់ និងសកម្មភាពភ្នាល់ល្បែងអនឡាញខុសច្បាប់»៕