អានតួអត្ថបទ
កម្ពុជា-នយោបាយ

រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ តម្រូវ​ឲ្យ​គណបក្ស​ចំនួន​ពីរ​ប្តូរ​ឈ្មោះ​ចេញ

លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​មន្ត្រី​ក្រោម​ឱវាទ របស់​លោក​ឲ្យ​ពិភាក្សា​ជា​មួយ​គណបក្ស​ចំនួន​ពីរ ធ្វើ​ការ​ផ្លាស់ប្តូរ​ឈ្មោះ​របស់​គណបក្ស​ទាំង​នោះ​ចេញ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នឹង​ឈ្មោះ​របប​ដឹក​នាំ​ប្រទេស។ ជា​ការ​ឆ្លើយ​តប តំណាង​គណបក្ស​ទាំង​ពីរ​អះអាង​ថា ឈ្មោះ​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ និង គណបក្ស​ខ្មែរ​សាធារណ​រដ្ឋ​គឺ​គ្រាន់​តែ​ជា​ឈ្មោះ​របស់​គណបក្ស​ប៉ុណ្ណោះ​។

គណបក្សខ្មែរសាធារណរដ្ឋ និង គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
គណបក្សខ្មែរសាធារណរដ្ឋ និង គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ RFI
ផ្សាយពាណិជ្ជកម្ម

ពី​ខេត្ត​ព្រៃវែង នៅ​ថ្ងៃទី១៦ ខែ​កញ្ញា នេះ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ស ខេង បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ឈ្មោះ​របស់​គណបក្ស​ទាំង​ពីរ​នេះ គឺ​មិន​បាន​បង្ហាញ​ពី​របប​នយោបាយ​របស់​គណបក្ស​នោះ​ទេ ក៏​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ថា បើ​គណបក្ស​ទាំង​ពីរ​នេះ​ឈ្នះ អាច​នឹង​មាន​ការ​ដូរ​របប ពី​របប​រាជា​និយម ទៅ​ជា​របប​សាធារណរដ្ឋ។ ដូច្នេះ​ត្រូវ​តែ​មាន​ការ​ដូរ​ឈ្មោះ​របស់​គណបក្ស​ទាំង​ពីរ​នេះ​ចេញ។

ជា​ការ​កត់​សម្គាល់ ការ​អះអាង​របស់ លោក ស ខេង ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​បញ្ចប់​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃទី២៩ ខែ​កក្កដា កន្លង​ទៅ​។ ជា​ការ​បោះ​ឆ្នោត ដែល​គណបក្ស​ទាំង​ពីរ​នេះ បាន​ចូល​រួម​ផង​ដែរ តែ​មិន​ទទួល​បាន​អាសនៈ​សោះ​ឡើយ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​អាសនៈ​ក្នុង​សភា​ទាំង​១២៥ ។ ការ​បោះ​ឆ្នោត ដែល​មិន​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​ចូល​រួម​នេះ គឺ​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរ​ជាតិ​ ពិសេស​អាមេរិក និង​សហភាព​អឺរ៉ុប។

បើ​តាម​ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ លោក លន់ ឫទ្ធិ ការ​គិត​ថា​គណបក្ស​របស់​លោក​ឈ្នះ​អាច​នឹង​ដូរ​របប​ដឹក​នាំ​ទៅ​ជា​របប​សាធារណរដ្ឋ​វិញ​នោះ ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ ហើយ​គណបក្ស​របស់​លោក​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ និង​ព្រះ​មហាក្សត្រ។ លោក​បញ្ជាក់​ថា ខ្មែរ​សាធារណរដ្ឋ​នា​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ឈ្មោះ​របស់​គណបក្ស​តែ​ប៉ុណ្ណោះ ហើយ​ថា គណបក្ស​របស់​លោក​ មិន​មាន​បំណង​ណា​មួយ​ក្នុង​ការ​ដូរ​ឈ្មោះ​គណបក្ស​បច្ចុប្បន្ន​នេះ​ទេ។

ដោយ​ឡែក លោក ​ចាន់ យ៉េត​ អនុ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ បាន​អះអាង​ថា បើ​មាន​ការ​ស្នើ​ឲ្យ​គណបក្ស​របស់​លោក​ដូរ​ឈ្មោះ នោះ​គណបក្ស​របស់​លោក​នឹង​ជជែក​ពិភាក្សា​ផ្ទៃ​ក្នុង​ជា​មុន​សិន​ ហើយ​នឹង​ប្រាប់​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ​វិញ។ លោក​បញ្ជាក់​ថា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​គ្រាន់​តែ​ជា​ឈ្មោះ​របស់​គណបក្ស​ប៉ុណ្ណោះ ហើយ​លក្ខខន្តិកៈ​របស់​គណបក្ស​គឺ​គោរព​របបរាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ