អានតួអត្ថបទ
កម្ពុជា

​ADB៖ ​ប្រទេស​កម្ពុជា ​ចាំ​បាច់​ត្រូវ​ពង្រីក​មូល​ដ្ឋាន​សេដ្ឋ​កិ​ច្ច​ឲ្យ​បាន​ធំ​ជាង​មុន

របាយ​ការណ៍​របស់​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី ​ADB ​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី១៧​ធ្នូ​នេះ ​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​ ចាំ​បាច់​ត្រូវ​ពង្រីក​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​របស់​ខ្លួន​ ដើម្បី​គាំទ្រ​ឲ្យ​មាន​កំណើន​រឹង​មាំ ​និង​មាន​លក្ខណៈ​ចែក​រំលែក​ សម្រាប់​ទាំង​អស់​គ្នា។​ ការ​ពង្រីក​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ ក៏ត្រូវ​ ADB ​អះ​អា​ង​ថា ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ អាច​ទាញ​ប្រយោជន៍​ពី​សហ​គមន៍​សេដ្ឋ​កិច្ច​អាស៊ាន ​AEC​ ដែល​នឹ​ងលេ​ច​ចេញ​ជា​រូប​រាង​ នា​ពេល​ខាង​មុខ។​​

ផែនទីសមាជិកទាំង១០ប្រទេសរបស់អាស៊ានដែលនឹងក្លាយជាសហគមន៍សេដ្ឋកិច្ច អាស៊ាននៅឆ្នា២០១៥ ។
ផែនទីសមាជិកទាំង១០ប្រទេសរបស់អាស៊ានដែលនឹងក្លាយជាសហគមន៍សេដ្ឋកិច្ច អាស៊ាននៅឆ្នា២០១៥ ។ @RFI
ផ្សាយពាណិជ្ជកម្ម

របាយ​ការណ៍​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ហៅ​កាត់​ថា ​ADB​ ដែល​មាន​ចំណងជើង​ថា ​“ប្រទេស​កម្ពុជា៖​ ការ​ធ្វើ​ពិពិធ​កម្ម​លើសពី​វិស័យ​កាត់​ដេរ​ និង​វិស័យ​ទេស​ចរណ៍”​ ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ ទី១៧​ ខែធ្នូ​នេះ។​ ជា​របាយ​ការណ៍ ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ចាំ​បាច់ ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ និង​លើក​កម្ពស់​សមត្ថ​ភាព​ឧស្សាហកម្ម​ ក៏ដូច​ជា ​ភាព​ចាំបាច់​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ឧស្សាហកម្ម​​កាត់ដេរ​ ទេសចរណ៍ ​និង​កសិកម្ម​របស់​ប្រទេស​កម្ពុជា ​កាន់​តែ​មាន​សក្តានុពល​ខ្លាំងក្លា។

របាយ​ការណ៍​ជា​ភាសា​អង់​គ្លេស ​កំរាស់ ​១៥១ ​ទំព័រ​ របស់ ​ADB ​បាន​កំណត់​ឧប​សគ្គ​សំខាន់ៗ ​ចំនួន ​៤ ​ដែល​នាំ​ឲ្យ​មាន​ភាព​រាំង​ស្ទះ​ដល់​សេដ្ឋ​កិច្ចកម្ពុជា​ ដូចជា​ ជំនាញ ​និង​កម្រិត​វប្ប​ធម៌រ​បស់​កម្មករ​និយោជិត​នៅ​មាន​កម្រិត​ទាប ​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អំពើពុក​រលួយ​ និង​ការ​គ្រប់​គ្រង​វិស័យ​សាធារណៈ​នៅ​មាន​កម្រិត។ ​កង្វះ​ពិពិធ​ភាព​នៃ​ផលិត​ផល ​និង​សេវាកម្ម​ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​នេះ ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​នេះ ​ងាយ​រង​គ្រោះ ​ដោយ​សារ​តែ​បម្រែប​ម្រួល​ស្ថាន​ភាព​នៃ​តម្រូវការ​ជាសាកល។
របាយ​ការណ៍​ដដែល​ លើក​ឡើងថា​ ដើម្បី​ជួយ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ដែល​កំពុង​ប្រមូលផ្តុំ​ខ្លាំង​នៅ​ក្នុង​វិស័យ​ចំនួន​ ៤​ ជាអាទិ៍​វិស័យ​ស្រូវ ​អង្ករ ​កាត់​ដេរ​ ទេសចរណ៍​ និង​សំណង់ គឺ​ប្រទេស​កម្ពុជា ​អាច​កសាង​វិស័យ​កម្មន្តសាល​របស់​ខ្លួន ​ដោយ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ផលិត​ផល ​ដែល​មាន​ស្រាប់​ផង ​និង​ផលិត​ផលថ្មីៗ ​ជា​សក្តានុ​ពល​ផង​ ដូច​ជា ឧស្សា​ហកម្ម​ផលិត​គ្រឿង​យន្ត​ លោហ​ធាតុ​ សារ​ធាតុ​គីមី ​គ្រឿង​សង្ហា​រឹម​ កង់ ​និង​ស្បែក​ជើង ​ជា​ដើម។ ​ក្នុង​នោះ ​ក៏​កម្ពុជា​អាច​ពង្រីក​សេដ្ឋ​កិច្ច ​ក្នុង​វិស័យ​កសិកម្ម ​កសិ​ផល​នានា​ ដូច​ជា ​ពោត ​បន្លែ ​ស្ករ ​ប្រេង ​ដូង ​និង​ក្តារ​បន្ទះ ​សុទ្ធ​តែ​ជា​ផលិត​ផល​ដែល​មាន​សក្តានុ​ពល ​ផង​ដែរ​។

តាម ​ADB​ ផលិត​ផល​ដែល​មាន​គុណ​តម្លៃ​បន្ថែម​ខ្ពស់​មួយ​ចំនួន​ ក្នុង​ចំណោម​ផលិត​ផល​ទាំង​នេះ ​បច្ចុប្បន្ន ​ត្រូវ​បាន​នាំ​ចេញ​ក្នុង​បរិមាណ​តិច​តួច​ ហើយ​នៅ​មាន​វិសាល​ភាព ​សម្រាប់​ពង្រីក​ផលិត​កម្ម​ផលិត​ផល​ទាំង​នេះ ​បន្ថែម​ទៀត។

លោក​ស្រី ​Cyn-Young Park​ អនុ​ប្រធាន​ក្រុម​សេដ្ឋ​វិទូ​របស់ ​ADB ​ដែល​បាន​ប្រកាស​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​នេះ ​បាន​លើក​ឡើង​ថា “កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ​ដែលមាន​កន្លង​មក​ មាន​ភាព​រឹង​មាំ ​និង​ឋិត​ឋេរ​ ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ ​ហើយ​ឥឡូវ​នេះ ប្រទេស​កម្ពុជា​ ចាំ​បាច់​ត្រូវ​ផ្តោត​សំខាន់​លើ​ការ​ផលិត​ទំនិញ ​និង​សេវា​កម្ម ​ដែល​មាន​លក្ខណៈ​ទំនើប​ និង​មាន​គុណ​តម្លៃ​ខ្ពស់​ជាង​មុន​បន្ថែម​ទៀត​ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ប្រទេស​កម្ពុជា​ អាច​ទាញ​ប្រយោជន៍​ពី​ឱកាស​ ដែល​ផ្តល់​ដោយ​សហ​គមន៍​សេដ្ឋ​កិច្ច​អាស៊ាន។ កម្ពុជា គួរផ្តល់​អាទិភាព​សំខាន់​លើ​ការកែលំអ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយា​កាស​ធុរ​កិច្ច ​និង​ការ​វិនិយោគ​លើ​ធន​ធាន​មនុស្ស ​និង​សេវា​សាធារណៈ។

របាយ​ការណ៍ ​ADB​ បង្ហាញ​ថា ​ប្រទេស​កម្ពុជា ​មាន​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប ផសស​ ជា​មធ្យម​ប្រចាំ​ឆ្នាំ ​៧,៦% ​ចាប់​ពី​ឆ្នាំ​១៩៩៥​ ដល់​ឆ្នាំ​២០១៣។ ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា ​ពីរ​ខ្ទង់ ក្នុង​ពេល ​៤ ឆ្នាំ​ បន្ត​បន្ទាប់ ​បាន​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ការ​ប្រមូល​ផល​កសិកម្ម។ ​ប៉ុន្តែ​បើ​ទោះបីជា​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​បែប​នេះ​ក៏ដោយ ​ក៏​ADB​ លើក​ឡើងថា ​ប្រទេស​កម្ពុជា ​នៅ​តែ​ជា​ប្រទេស​ក្រីក្រ​ជាង​គេ​មួយ​ នៅ​ទ្វីប​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ