អានតួអត្ថបទ
កម្ពុជា-ច្បាប់

សមាសភាព​រដ្ឋាភិបាល​ថ្មី​ផ្លាស់​ប្តូរ​តិច​តួច ​ខណៈ​មាន​ការ​កែ​សម្រួល​និង​បង្កើន​ចំនួន​ឧបនាយករដ្ឋ​មន្ត្រី​និង​ទេស​រដ្ឋ​មន្ត្រី​

សមាស​ភាព​រាជ​រដ្ឋា​ភិបាល​ថ្មី​អាណត្តិ​ទី៦ ដែល​មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី ត្រូវ​បាន​រដ្ឋ​សភា បោះ​ឆ្នោត​ផ្តល់​ការ​ទុក​ចិត្ត​ហើយ នៅ​ព្រឹក ថ្ងៃទី ៦ ខែកញ្ញា​នេះ។ អ្វី​ជា​ការ​កត់​សំគាល់ បញ្ជី​ឈ្មោះ​រដ្ឋ​មន្ត្រី​អាណត្តិ​ថ្មី​ចំនួន​២៩រូប មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​នោះ​ទេ ខណៈ​ចំនួន​ឧប​នាយក​រដ្ឋ​មន្ត្រី និង​ទេស​រដ្ឋ​មន្ត្រី​ត្រូវ​បាន​កែ​សម្រួល និង​បង្កើន​ចំនួន​បន្ថែម។ ភ្លាមៗ​នេះ អតីត​គណ​បក្ស​​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ប្រកាស​មិន​ទទួល​ស្គាល់​រដ្ឋា​ភិបាល​ថ្មី​នេះ​ឡើយ។ 

កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ដ្រី​នៃ​កម្ពុជា​នា​ពេល​កន្លង​មក​។
កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ដ្រី​នៃ​កម្ពុជា​នា​ពេល​កន្លង​មក​។ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

សមាស​ភាព​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ថ្មី​អាណត្តិ​ទី៦ ត្រូវ​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត តាម​រយៈ​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី១ នីតិ​កាល​ទី៦ នៅ​ថ្ងៃ​ទី ៦ កញ្ញា ឆ្នាំ ២០១៨​នេះ ក្នុង​សំលេង ១២៥ លើ ១២៥ នៃ​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​នោះ​ លោក ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា គឺ​ជា​នាយក​រដ្ឋ​មន្ត្រី អម​ដោយ​ឧប​នាយក​រដ្ឋ​មន្ត្រី ចំនួន​១០រូប ទេស​រដ្ឋ​មន្ត្រី​ចំនួន​១៧រូប និង​រដ្ឋ​មន្ត្រី​ចំនួន​២៩​រូប។

បើ​ប្រៀប​ធៀប​នឹង​អាណត្តិ​ទី៥ ចំនួន​ឧប​នាយក​រដ្ឋ​មន្ត្រី​ថ្មី ក្នុង​អាណត្តិ​ទី៦​នេះ បាន​កើន​ឡើង​១រូប និង​ទេស​រដ្ឋ​មន្ត្រី​កើន​ឡើង​ចំនួន​២រូប និង​ដោយ​មាន​ការ​កែ​សម្រួល​មួយ​ចំនួន ក្នុង​នោះ លោក គាត ឈន់ ដែល​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​ទី៥ មិន​ឃើញ​មាន​ឈ្មោះ​នោះ​ទេ ខណៈ​ដែល​លោក សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​ទី៥ បាន​ទទួល​មរណ​ភាព​កាល​ពី​ខែ​មីនា ឆ្នាំ​មុន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តំណែង​ឧប​នាយក​រដ្ឋ​មន្ត្រី​នេះ ត្រូវ​បាន​បំពេញ​បន្ថែម​ដោយ​ឥស្សរ​ជន​ថ្មី​៣រូប គឺ​លោក ប្រាក់ សុខុន លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក ជា សុផារ៉ា ដែល​ធ្វើ​ឲ្យ​ចំនួន​ឧប​នាយក​រដ្ឋ​មន្ត្រី​កើន​ឡើង​ពី​៩នាក់​នៅ​អាណត្តិ​ទី៥ ដល់​១០នាក់​នៅ​អាណត្តិ​ទី៦​នេះ។ ចំណែក​ឯទេស​រដ្ឋ​មន្ត្រី​វិញ ក៏​ត្រូវ​បាន​បង្កើន​ពី​១៥រូប​នៅ​អាណត្តិ​ទី៥ ដល់​១៧រូប នៅ​ក្នុង​អាណត្តិ​ទី៦។ ក្នុង​នោះ​លោក អ៊ឹម ឈុនលឹម លោកច័ន្ទ សារុន និង​លោក សេរី កុសល ដែល​ធ្លាប់​ជា​ទេស​រដ្ឋ​មន្ត្រី​អាណត្តិ​ទី៥ ត្រូវ​បាន​ផ្លាស់​ប្តូរ និង​ជំនួស​មក​វិញ​ដោយ​ទេស​រដ្ឋ​មន្ត្រី​ថ្មី​៤រូប រួម​មាន លោក ប៉ុល សារឿន លោក គន់ គីម លោក មាស សុភា និង​លោក អូស្មាន ហាស្សាន់។

ដោយ​ឡែក លោក ម៉ៅ ហាវណ្ណាល់ ត្រូវ​បាន​តម្លើង​ឋានៈ​ពី​រដ្ឋ​លេខា​ធិការ ទៅ​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល ចំណែក​រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង មិន​ឃើញ​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​សមាស​ភាព​រាជ​រដ្ឋា​ភិបាល​ថ្មី​នោះ​ទេ និង​ជំនួស​មក​វិញ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ លោក ពេជ្រ ប៊ុនធិន។ ក្រៅ​ពី​នេះ សមាស​ភាព​រដ្ឋ​មន្ត្រី​ទាំង​អស់ ត្រូវ​បាន​រក្សា​ទុក​ឲ្យ​នៅ​ដ​ដែល ខណៈ​ដែល​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ប៊ិន ឈិន គឺ​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ពេញ​សិទ្ធិ។

យ៉ាង​ណា​ក៏​ដោយ ភ្លាមៗ​នេះ អតីត​គណ​បក្សសង្គ្រោះ​​ជាតិ ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​របស់​គណ​បក្ស​កាន់​អំណាច​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៧ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ ដោយ​មិន​ទទួល​ស្គាល់​រាជ​រដ្ឋា​ភិបាល​ថ្មី​អាណត្តិ​ទី៦​នេះទេ។ សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី៦ កញ្ញា បាន​ចាត់​ទុក​ថា រដ្ឋា​ភិបាល​ថ្មី​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ របស់​ប្រជាពល​រដ្ឋ​ខ្មែរ​នោះ​ឡើយ ហើយ​ក៏​ពុំ​អាច​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ទាំង​មូល​បាន​ដែរ។ ទន្ទឹម​គ្នា​នេះ អតីត​គណ​បក្ស​ប្រឆាំង បាន​លើក​ឡើង​ថា រដ្ឋ​ឯក​បក្ស​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​នេះ នឹង​នាំ​ឲ្យ​កម្ពុជា​ត្រូវ​ទទួល​រង​ទណ្ឌ​កម្ម​ផ្សេងៗ​ ពី​សហគមន៍​អន្តរជាតិ។

គួរ​ជំរាប​ជូន​ថា បន្ទាប់​ពី​ទទួល​បាន​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត លើ​សមាស​ភាព​និង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ទី៦​ហើយ​នោះ​ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សមាជិក​រាជ​រដ្ឋា​ភិបាល​ទាំង​អស់ នឹង​ចូល​ទៅ​កាន់​ព្រះ​បរម​រាជ​វាំង ដើម្បី​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​តំណែង នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​មហាក្សត្រ​កម្ពុជា។ ហើយ​គណៈ​រដ្ឋ​មន្ត្រី​ថ្មី នឹង​​បើក​កិច្ច​ប្រជុំ​លើក​ទី១​របស់​ខ្លួន​ នៅ​ព្រឹក ថ្ងៃ​ទី ៧ កញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ