អានតួអត្ថបទ
កម្ពុជា

គណៈកម្មការ​ទី​១​រដ្ឋសភា ​ស្នើ​ក្រសួង​រៀបចំ​ដែនដី ​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​រឿង​ដីធ្លី​ ៣​នាក់​

បន្ទាប់​ពី​បាន​ទទួល​ការ​បំភ្លឺ​ពី​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម រយៈពេល​ប្រមាណ ៣ម៉ោង នៅ​ក្នុង​វិមាន​រដ្ឋសភា នាព្រឹក​ថ្ងៃ ទី១០​កញ្ញា​នេះ​រួច​មក ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា បាន​ស្នើ​សុំឲ្យ​ក្រសួង​នេះ មាន​អន្តរាគម ដោះលែង​ពលរដ្ឋ ៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ដោយសារ​បញ្ហា​ដីធ្លី។ យ៉ាង​ណា​ក៏​ដោយ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក​អ៊ឹម ឈុនលឹម បាន​បញ្ជាក់​ថា នឹង​ពិចារណា ពិភាក្សា​ពី​ក្រប​ខណ្ឌ​ច្បាប់ ជាមួយ​សមត្ថកិច្ច​ជា​មុនសិន។​

លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​(ឆ្វេង) ធ្វើ​សន្និសីទ​កាសែត​ជាមួយ​ លោក ​អេង ​ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា ​(ស្តាំ) ​នាព្រឹក​ថ្ងៃ​ទី ​១០កញ្ញា២០១៥។​
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​(ឆ្វេង) ធ្វើ​សន្និសីទ​កាសែត​ជាមួយ​ លោក ​អេង ​ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា ​(ស្តាំ) ​នាព្រឹក​ថ្ងៃ​ទី ​១០កញ្ញា២០១៥។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង​ អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា ដែល​មាន​លោក​អេង ឆៃអ៊ាង ជា​ប្រធាន នៅ​ថ្ងៃ​ទី ១០​កញ្ញា បាន​កោះ​ហៅ​លោក​អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ចូល​បំភ្លឺ​ចំពោះ​គណកម្មការ​ទី​១​នៃ​រដ្ឋសភា អំពី​លទ្ធផល​នៃការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ទាក់ទងនឹង​វិស័យ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង។

ហើយ​ក្រោយ​ពីការ​បំភ្លឺ ប្រមាណ​ជា ៣​ម៉ោង នៅ​វិមាន​រដ្ឋសភា​រួច​មក ប្រធាន​គណៈកម្មការ​ទី​១ លោក​អេង ឆៃអ៊ាង បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​ដែនដី ជួយ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​ ៣​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយ​សារ​បញ្ហា​ដី​ធ្លី។ ពលរដ្ឋទាំង​៣​នាក់ ដែល ២នាក់ មាន​ជម្លោះ​ដី​ធ្លី ក្នុងខេត្ត​កំពត និង​ម្នាក់​ទៀត នៅ​រាជធានី​ភ្នំពេញ។ យ៉ាង​ណា​ក៏​ដោយ លោក​អ៊ឹម ឈុន​លឹម បាន​តបវិញ​ថា ចំពោះ​អន្តរាគមន៍​ដោះលែង គឺ​ត្រូវ​ពិភាក្សា និង​ពិនិត្យ​មើល ទៅ​តាម​ផ្លូវ​ច្បាប់​ជា​មុន​សិន។

ក្រៅពី​បញ្ហានេះ ក្រសួង​ដែន​ដី ក៏​បាន​បង្ហាញ​ពី​កិច្ចការ​រយៈពេល​កន្លង​មក ដូចជា​ការ​ចុះបញ្ជី​ដីធ្លី ការ​បែងចែក​ដី​ជូន​ពលរដ្ឋ និង​លទ្ធផល​ការងារ​សម្បទាន​ដី​សង្គមកិច្ច ប្រាប់​ដល់​គណៈកម្មការ​ទី​១​នៃរដ្ឋសភា​ផង​ដែរ។ ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួង​ដែនដី បញ្ជាក់​ថា កន្លង​មក​ក្រសួង បាន​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ជូន​ពលរដ្ឋ បាន​ចំនួន​ជាង ៤​លាន​ប័ណ្ណ ដែល​ស្មើ​នឹង​ប្រមាណ ៥៧​ភាគរយ នៃ​គោលការណ៍​សរុប។

ក្រសួង​ដែនដី​ អះអាង​បន្ត​ថា ចំពោះ​លទ្ធផល​ដី​សម្បទាន​សង្គម​កិច្ច គឺ​ក្រសួង រួម​ជាមួយ​នឹង​ធនាគារ​ពិភពលោក និង​អង្គការ​នៃ​ប្រទេស​អាល្លឺម៉ង់ កំពុង​តែ​ធ្វើ​ការងារ​រួមគ្នា។ ដោយ​ឡែក ចំពោះ​បញ្ហា​ទំនាស់​ដី​ធ្លី​វិញ ក្រសួង ក៏​បញ្ជាក់​ថា បាន​និង​កំពុង​ដោះស្រាយ​ទៅ​តាម​សមត្ថកិច្ច​នៃ​ក្រុម​ការងារ​ជំនាញ​ផងដែរ។ តាម​ក្រសួងដែន​ដី នគរូបនីយកម្ម និង​សំណង់ តាំង​ពី​ឆ្នាំ ២០០៣​មក ក្រសួង បាន​ដោះស្រាយ​ជម្លោះដីធ្លី បាន​ជាង ៣​ពាន់​ករណី ក្នុងចំណោម​ករណី​បណ្តឹង​ជាង ៧​ពាន់​ករណី។ ហើយ​ករណី​ដែល​នៅសេសសល់​មក​ដល់ពេលនេះ មាន​ប្រហែល ៧០០ករណី។

ក្រោយ​ពី​ការ​ចូលបំភ្លឺ និង​សន្និសីទ​កាសែត​រួម​រួចមក ប្រធានគណកម្មការ​ទី​១​នៃរដ្ឋសភា នឹង​យក​ព័ត៌មាន និង​គោល​ដៅ ដែល​ក្រសួងដែន​ដី បាន​ធ្វើ​ទាំង​នោះ ទៅ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដើម​បណ្តឹង​ ដែល​បាន​ដាក់​ញ្ញត្តិ​មក​កាន់សភា ក្នុង​បញ្ហា​វិវាទ​ដីធ្លី​ទាំង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ