ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
កម្ពុជា

​សហជីព​ថា សំណុំ​រឿង​ពួក​គេ អូស​បន្លាយ​ឆ្លង​ចូល​ឆ្នាំ​ថ្មី ​ផ្ទុយ​ពី​នាយក​រដ្ឋ​មន្ត្រី ដែល​ជំរុញ​ឲ្យ​បិទ​បញ្ចប់​ត្រឹម​ចុង​ឆ្នាំ២០១៨​

media  
លោក អាត់ ធន់ ប្រធានសម្ពន័សហជីព RFI-ចាន់ណា

ប្រធាន​សហជីព​មួយ​ចំនួន​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ជម្រុញ​ឲ្យ​តុលាការ​ពន្លឿន​ ការ​ដោះ​ស្រាយ​បណ្ដឹង​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​ទៅ​តាម​ការ​ជម្រុញ​របស់​ប្រមុខ​រដ្ឋា​ភិបាល​កន្លង​មក​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​ជំរុញ​កាល​ពី​មួយ​ខែ​មុន ​ឲ្យ​អ្នក​ពាក់ព័ន្ធ​រូតរះ​បិទ​បញ្ចប់​បណ្ដឹង​ពាក់​ព័ន្ធ​សហជីព​ត្រឹម​ចុងឆ្នាំ២០​១​៨។ តែ​ផ្ទុយ​ទៅ​វិញ​សហជីព​ថា សំណុំ​រឿង​របស់​ពួក​គេ​អូស​បន្លាយ​ឆ្លង​ចូល​ដល់​ដើម​ឆ្នាំ​២០១៩​។ 

ការ​ជំរុញ​ពី​សហជីព​មួយ​ចំនួន​ឲ្យ​តុលាការ​ពន្លឿន​ដោះ​ស្រាយ​បណ្ដឹង​ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​តាំង​តែ​ពាក់​កណ្ដាល​ខែ​ធ្នូ ខណៈ​សហ​ជីព​ខ្លះ​អះ​អាង​ថា​ ពួក​គេ​នៅ​មិន​ទាន់​ដាក់​ពាក្យ​បណ្ដឹង​ទាស់​នៅ​ឡើយ​ទេ​។ បណ្ដឹង​ជំទាស់​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ កាល​ថ្ងៃ​ទី១១​ខែធ្នូ ​ប្រកាស​សាល​ក្រម​ឲ្យ​ប្រធាន​សហជីព​ទាំង​៦រូប ជាប់​ពន្ធនាគារ​២ឆ្នាំ​៦ខែ តែ​ត្រូវ​ព្យួរ​ទោស និង​បង់​ប្រាក់​ជំងឺ​ចិត្ត​រួមគ្នាទៅ​ជន​រង​គ្រោះ​២នាក់​ ចំនួន​៣៥​លាន​រៀល​។

ជាមួយ​គ្នា​នេះ មេ​ដឹក​នាំ​សហជីព លោក អាត់ ធន់ និង​លោក ប៉ាវ ស៊ីណា បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ក្រោយ​ការ​ជំរុញ​របស់​ប្រមុខ​រដ្ឋា​ភិបាល ការ​វិវត្តន៍​នៃ​សំណុំ​រឿង​របស់​ពួក​គេ​ហាក់​ដូច​ជា​គ្មាន​អ្វី​ប្រែ​ប្រួល​។ មិន​ប្រែ​ប្រួល​ព្រោះ​ថា គ្មាន​សំណុំ​រឿង​ណា​មួយ​ត្រូវ​ទម្លាក់​ចោល ឬ​ជម្រះ​ឲ្យ​បាន​ឆាប់​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ជម្រះ​ឲ្យ​សហជីព​ជាប់​ទោស​។ នេះ​បើ​តាម​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា។

ចំណែក​លោក អាត់ ធន ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​លើក​ឡើង​ថា សេរីភាព​ពេល​បំពេញ​ការងារ​ក៏​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ដែរ ខណៈ​សំណុំ​រឿង​នៅ​មិន​ទាន់​បាន​បិទ​បញ្ចប់

​នោះ​។ ជា​ថ្មី​ទៀត​លោក​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ទាំង​ប៉ុន្មាន​មក​លើ​ប្រធាន​សហ​ជីព​ទាំង​៦​។ នេះ​ក៏​ដោយ​សារ​តែ​ពួក​គេ​មិន​ជាប់​ទាក់​ទង​នឹង​បទ​ចោទ​ក្នុង​ពេល​កន្លង​មក​ឡើយ​។​

ប៉ុន្តែ​យ៉ាង​ណា​មិញ​មេធាវី​របស់ លោក អាត់ ធន់ និយាយ​ថា សំណុំ​រឿង​របស់​សហជីព​ស្មុគ​ស្មាញ​បន្តិច ព្រោះ​ប្រធាន​សហជីព​ខ្លះ​មិន​ទាន់​ការ​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់ ទៅ​កាន់​តុលាការ​ឧទ្ធរណ៍ ខណៈ​តុលាការ​ទំនង​ជា​ចង់​ជំនុំ​ជម្រះ​ជា​កញ្ចប់​តែ​ម្ដង​។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​គូស​បញ្ជាក់​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់​ទៅ​កាន់​តុលាការ​ឧទ្ធរណ៍​មិន​ឲ្យ​ផុត​ថ្ងៃ​ទី១១​ខែ​មករា​ឡើយ​។

គួរ​រំឭក​ថា នៅ​ក្នុង​ចំណោម​មេ​សហជីព​ទាំង​៦ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ​នេះ គឺ​មេ​សហជីព​បី​នាក់ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចេញ​មុខ​ធានា​ថា​មាន​សាក្សី​ដែល​បញ្ជាក់​ថា​ពួក​គេ មិន​ជាប់​ទាក់​ទង​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋា​ភិបាល​នៅ​ផ្លូវ​វេង​ស្រេង កាល​ពី​ចុង​ឆ្នាំ​២០១៣​ឡើយ​។ មនុស្ស​៣នាក់​រួម​មាន លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា និងលោក ជា មុន្នី ។ ប៉ុន្តែ​យ៉ាង​ណា​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​ធានា​ចំពោះ​មេដឹក​នាំ​សហជីព​៣រូប​ផ្សេង​ទៀត​ឡើយ​ ក្នុងនោះមាន លោក រ៉ុង ឈុន អ្នកស្រី យ៉ាង សោភ័ណ្ឌ និង អ្នកស្រី ម៉ម ញឹម។

សម្រាប់ប្រមុខរដ្ឋាភិបាល ផ្លូវ​វេង​ស្រេង​ជា​សំណុំ​រឿង​មួយ​ធ្ងន់ធ្ងរ​ដែល​អ្នក​ពាក់​ព័ន្ធ​ត្រូវ​មាន​ទោ ស​។ មាន​ទោស​ព្រោះ​បាតុកម្ម​កាល​ណោះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ខូច​ខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ឯកជន​។ ហើយ​នេះ​ជា​រូបភាព​មួយ​ផ្ដួល​រលំ​រដ្ឋា​ភិបាល​។ ប៉ុន្តែយ៉ាងណាក៏ដោយ ​អង្គការ​ជាតិ​ និង​អន្តរជាតិ​ចំនួន​៩៥​ស្ថាប័ន ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា ដោយ​ទាមទារ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​សហជីព​ចំនួន​៦នាក់​នៅ​កម្ពុជា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ