ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
កម្ពុជា

សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី​ស្នើ​រដ្ឋាភិបាល​ខ្លួន ហាម​មិន​ឲ្យ​លោក​ ហ៊ុន សែន​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-អូស្រ្តាលី​ នៅ​ខែ​ក្រោយ​

media  
លោក Richard Di Natale សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី​ @សហការី

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រឆាំង​មួយ​រូប​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ដកហូត​មក​វិញ​នូវលិខិត​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រីហ៊ុនសែន ឲ្យ​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី ដែលគ្រោង​ធ្វើ​នៅ​ទីក្រុង​ស៊ីដនី នា​ខែ​ក្រោយ​នេះ។ នៅ​ក្នុង​ព្រឹត្តិបត្ត​ប្រចាំ​ថ្ងៃ​ចុះ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ សមាជិក​ព្រឹទ្ធ​សភាអូស្រ្តាលី​ រូប​នេះ​ក៏​បាន​សម្តែង​នូវ​ក្តី​បារម្ភ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធក្នុង​ការ​រុះ​រើ​សម្លេង​ឯករាជ្យ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​។

នៅ​ក្នុង​ព្រឹត្តិបត្ត​ប្រចាំថ្ងៃ​កម្រាស់​៣០​ទំព័រ សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី​ លោក Richard Di Natale ដែល​ជា​មេដឹក​នាំ​គណបក្ស​ប្រឆាំង​( The Greens Party)បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្រ្កាប​ទៅ​លើ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា និង​ការ​ចាប់​ខ្លួន លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ពី​បទ​ឃុប​ឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ឬ​ហៅ​ថា​បទ​ក្បត់ជាតិ ក្រោយ​ពី​លោក​បានឡើង​ថ្លែង​សុន្ទរកថា នៅ​ក្រុង​Melbourne ប្រទេស​អូស្រ្តាលី និង​ការនិរទេស លោក សម រង្ស៊ី អតីត​មេ​ដឹក​នាំ​បក្សប្រឆាំង ពី​បទ​បរិហាកេរ្តិ៍​។

លោក Richard Di Natale បាន​កត់​សម្គាល់​ទៀត​ថា ជិត ៤០% នៃ​សមាជិក​សភា​គណបក្សសង្គ្រោះជាតិ​នៅ​តែស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​បង្ខំ​ឱ្យ​គេច​ចេញ​ពី​ការ​គំរាម​កំហែង​នៃ​ការ​ចាប់​ខ្លួន​លើ​ការ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ។ សមាជិកព្រឹទ្ធ​សភា​អូស្ត្រាលី​មក​ពី​គណបក្ស​ប្រឆាំង​រូប​នេះ ក៏​មិន​ភ្លេច​លើក​ឡើង​អំពី ការសម្រេច​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ និង​អ្នក​ផលិត​ខ្សែ​ភាពយន្ត​អូស្រ្តាលី គឺលោក James Ricketson ពី​បទ​ចារកម្ម​ពីសំណាក់​អាជ្ញាធរ​កម្ពុជា​ដែរ​។

ជាមួយ​នឹង​ការ​លើក​ឡើង​ពី​ក្តី​បារម្ភ​ដូច្នេះ លោក Richard Din Natale ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី ​ដែល​ជា​ស្ថាបនិក​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ អនុវត្ត​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​មន្រ្តី​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​លោក​ចោទ​ថា បាន​ចូល​រួម​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ លោក Richard Di Natale ថែម​ទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ហាម​មិន​ឲ្យប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកហ៊ុន សែន មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី នៅ​ទីក្រុង​ស៊ីដនី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ មីនា ខាង​មុខ​នេះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោកសុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លើក​ឡើង​ថា សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ នឹង​គ្មាន​ប្រសិទ្ធិភាព​នោះ​ឡើយ ហើយ​ថា​លោក ក៏​មិន​ខ្វល់​ចំពោះ​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ដែរ​។​

សូម​រំឮក​ជូន​ថា​នេះ ការ​ស្នើ​សុំ​របស់​សមាជិក​ព្រឹទ្ធសភា​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ។ ចាប់​តាំង​ពី​មាន​ការរំលាយ​អតីត​គណបក្ស​សង្រ្គោះជាតិ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពីឆ្នាំ២០១៧ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវត្ត​នូវ​ស្ថានការណ៍​នយោបាយ​ថ្មីៗ​របស់​កម្ពុជា និង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។ ស្ថានទូត​អូស្ត្រាលី​ចាប់​អារម្មណ៍​ថា​ ការ​លុប​ចោល​គណបក្ស​ប្រឆាំង​ ជា​ជំហាន​ថយ​ក្រោយ​មួយ​នៅ​ក្នុង​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ ព្រម​ទាំង​ជះ​ឥទ្ធិពល​ដល់​ការ​ទទួល​បាន​ការ​បោះ​ឆ្នោត​ជាតិ​ដែល​សេរី យុត្តិធម៌ និង​មាន​តម្លាភាព​នា​ខែ​កក្កដា​ឆ្នាំ​២០១៨​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ