អានតួអត្ថបទ
កម្ពុជា

ជនភៀស​ខ្លួន​៖​ ក្រសួង​មហា​ផ្ទៃ​មិន​ដែល​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​អូស្រ្តាលី

មន្ត្រី​ជាន់​ខ្ពស់​បាន​អះអាង​ជា​លើក​ដំបូ​ងថា ក្រសួង​មហា​ផ្ទៃ​ ដែល​ជា​អ្នក​អនុវត្ត​ដោយ​ផ្ទាល់​នូវ​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណេរុ Nauru ប្រទេស​ ​អូស្ត្រាលី មិន​ដែល​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​អូស្ត្រាលី ដូច​ការ​លើក​ឡើង​ ដែល​ថា កម្ពុជា​ព្រម​ទទួល​ជន​ភៀស​ខ្លួន​ជា​ថ្នូរ​ជាមួយ​ទឹក​ប្រាក់​ ៤០លាន​ដុល្លារ​នោះ​ទេ។ ការ​ប្រកាស​របស់​មន្ត្រី​កម្ពុជា​យ៉ាង​ដូច្នេះ​ស្រប​ពេល​មាន​ការ​លើក​ឡើង​ថា កម្មវិធី​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​កាន់​កម្ពុជា​ទទួល​បរាជ័យ។

ជនភៀសខ្លួន៤រូបមកពីកោះណារូប្រទេសអូស្ត្រាលីចំនួន៤រូបបានធ្វើដំណើមកដល់កម្ពុជា កាល​ពី​ពេល​កន្លង​មក។
ជនភៀសខ្លួន៤រូបមកពីកោះណារូប្រទេសអូស្ត្រាលីចំនួន៤រូបបានធ្វើដំណើមកដល់កម្ពុជា កាល​ពី​ពេល​កន្លង​មក។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

-----សំឡេង------

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​គូស​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ជន​ភៀស​ខ្លួន​រវាង​កម្ពុជា​ និង​អូស្រ្តាលី​ គ្មាន​ភាព​ល្អក​កករ​នោះ​ទេ បើ​ទោះ​បី​ជា​នៅ​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​ជំនួយ​ផ្លូវ​ការ​ពី​ភាគី​អូស្ត្រាលី​ក៏​ដោយ។ ភាគី​ទាំង​ពីរ​ ដែល​បាន​ចុះ​កិច្ច​សន្យា​រួម​ កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ ជាមួយ​ទឹក​ប្រាក់​ច្រើន​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ទទួល​យក​ជនភៀស​ខ្លួន​នេះ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ចុះ​កិច្ច​ព្រម​ព្រៀង ជន​ភៀស​បួន​នាក់​បាន​សម្រេច​មក​រស់នៅ​កម្ពុជា​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត។ ក្នុង​នោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់​ និង​ជនជាតិ​អ៊ីរ៉ង​ពីរ​នាក់​ទៀត​ ក៏​បាន​ត្រឡប់​ទៅ​រស់​នៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​ ក្រោយ​ការ​រស់នៅ​បាន​មួយ​រយៈ។

ហើយ​រហូត​ដល់​ពេល​នៅ​សល់​តែ​ជន​ភៀស​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​កំពុង​រស់​នៅ​កម្ពុជា។ ជន​ភៀស​ខ្លួន​ ដែល​នៅ​សល់​រូប​នេះ​ ក៏​បំរុង​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​អ៊ីរ៉ង​វិញ ដែល​ជា​ប្រទេស​កំណើត​ នៅ​ពីរ​បី​ខែ​ខាង​មុខ​ទៀត។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី។

សារព័ត៌មាន​នេះ​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា បំរុង​បង្កើត​មជ្ឈមណ្ឌល​ជនភៀស​ខ្លួន​មួយ​រស់​នៅ​កម្ពុជា​ ដែល​គ្រប់​គ្រង​ដោយ​ស្ថាន​ទូត​អូស្ត្រាលី​ តែ​មន្ត្រី​កម្ពុជា​មិន​បាន​និយាយ​ឲ្យ​ចំ​ ថា​ដំណើរ​ការ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​នោះ​ទេ។ លោក ខៀវ សុភ័គ បាន​អះអាង​ថា ជា​គោលការណ៍​របស់​ជនភៀស​ខ្លួន​បួន​នាក់​នោះ កម្ពុជា​មិន​មែន​ជា​គោលដៅ​សម្រាប់​ការ​រស់នៅ​របស់​ពួក​គេ​នោះ​ទេ​ គឺ​បំណង​ពួក​គេ​ចង់​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី

បច្ចុប្បន្ន​ភាព​នៃ​ជន​ភៀស​ខ្លួន លោក ខៀវ សុភ័គ បញ្ជាក់​ថា នៅ​មិន​ទាន់​មាន​អ្នក​ថ្មី​ ដែល​ចង់​មក​រស់នៅ​កម្ពុជា​នៅ​ឡើយ​ទេ។ តែ​លោក​ថា ក្នុង​ន័យ​នេះ​ មិន​មែន​កម្ពុជា​ជួប​បញ្ហា​ ឬ​បរាជ័យ​នោះ​ទេ​ គឺ​គ្រប់​យ៉ាង​អាស្រ័យ​លើ​ការ​ស្ម័គ្រចិត្ត​របស់​ជនភៀស​ខ្លួន​ទាំង​នោះ។ ម្យ៉ាង​ទៀត​កិច្ច​ព្រម​ព្រៀង​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​នៅ​ជា​ធរមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ