អានតួអត្ថបទ
កម្ពុជា

បញ្ជូន​​ជន​ភៀស​​ខ្លួន​​អូស្ត្រាលី​​មក​​កម្ពុជា​៖ ទីក្រុង​​កង់បេរ៉ា​​ផ្ដល់​​ថវិកា​​បន្ថែម​​១២​លាន​​ដុល្លារ​

អូស្ត្រាលី​នឹង​ផ្ដល់​ថវិកា​បន្ថែម​ប្រមាណ​​១២​លាន​ដុល្លារ ទៅ​លើ​ជំនួយ​ដែល​បាន​ព្រម​ព្រៀង​ស្រាប់​ចំនួន​៣១,២​លាន​ដុល្លារ ទាក់ទង​នឹង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​អូស្ត្រាលី​មក​កម្ពុជា​។ ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ថ្មីនេះ ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​អូស្ត្រាលី កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។

សន្និសីទកាសែតស្តីពីការទទួលយកជនភៀសខ្លួនពីអូស្រ្តាលីមកកម្ពុជា។
សន្និសីទកាសែតស្តីពីការទទួលយកជនភៀសខ្លួនពីអូស្រ្តាលីមកកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ជំនួយ​ហិរញ្ញ​វត្ថុ​បន្ថែម​ចំនួន​១២,១​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​គាំទ្រ​ដល់​ការ​តាំង​ទី​លំនៅ​របស់​ជន​ភៀស​ខ្លួន​អូស្ត្រាលី នៅ​កម្ពុជា ដែល​ក្នុង​នោះ រួម​មាន​បញ្ហា​សុខភាព ការ​អប់រំ និង​ការ​បណ្ដុះ​បណ្ដាល​។ អ្នក​នាំ​ពាក្យ​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​២៦​ឧសភា​​ថា ថវិកា​១២,១​លាន​ដុល្លារ​ថ្មី​នេះ នឹង​ត្រូវ​បន្ថែម​ទៅ​លើ​ជំនួយ​ដែល​បាន​ព្រម​ព្រៀង​ស្រាប់​ចំនួន​៣១,២​លាន​ដុល្លារ ដើម្បី​​បញ្ជូន​ជន​ភៀស​ខ្លួន​អូស្ត្រាលី​មក​កម្ពុជា​។

គម្រោង​​ថវិកា​​ប្រចាំ​​ឆ្នាំ​​របស់​​អូស្ត្រាលី​ ដែល​​បាន​​ប្រកាស​​កាល​​ពី​​ពេល​​កន្លង​​ទៅ​​ថ្មី​ៗ​​នេះ​បង្ហាញ​​ឲ្យ​​ឃើញ​​ថា អូស្ត្រាលី​​នឹង​​កាត់​​បន្ថយ​​ជំនួយ​​ទៅ​​កាន់​​ប្រទេស​ជិត​​ខាង​​កម្ពុជា​​ជា​​ច្រើន​ ប៉ុន្តែ​​ជំនួយ​​ដ៏​​ច្រើន​​មក​​កាន់​​ប្រទេស​កម្ពុជា​ មិន​​ត្រូវ​​បាន​​ប៉ះពាល់ ឬ​ផ្លាស់​ប្ដូរ​នោះ​ ទេ​។

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា ការ​ទទួល​ជន​ភៀស​ខ្លួន​ទាំង​នោះ គឺស្រប​តាម​ច្បាប់​អន្ដរជាតិ និង​​ផ្អែក​ទៅ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត​តែ​ប៉ុណ្ណោះ​។ បើ​តាម​រដ្ឋាភិបាល​កម្ពុជា ការ​សម្រេច​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្ត្រាលី​មក​កម្ពុជា​នេះ មិន​មែន​ជា​ថ្នូរ​នឹង​ថវិកា​ជាង​៣០​លាន​ដុល្លារ​នោះ​ទេ​។ ថវិកា​ជាង​៣០​លាន​ដុល្លារ​នោះ ត្រូវ​បាន​អូស្ត្រាលី​បន្ថែម​លើ​គម្រោង​ជំនួយ​អភិវឌ្ឍ​ប្រចាំ​ឆ្នាំ ដើម្បី​ជួយ​កម្ពុជា​លើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ផលិតកម្ម​ស្រូវ​អង្ករ និង​ការ​ដោះ​មីន​ប៉ុណ្ណោះ​។

សូម​រំលឹក​ជូន​ថា រហូត​មក​ទល់​ពេល​នេះ មាន​ជន​ភៀស​ខ្លួន​តែ​៤​នាក់​ប៉ុណ្ណោះ ដែល​យល់​ព្រម​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​កម្ពុជា ដែល​ក្នុង​នោះ​៣​នាក់​ជា​ជន​ជាតិ​អ៊ីរ៉ង់ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​។ កាល​បរិច្ឆេទ​នៃ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំង​៤​នាក់​នោះ​មក​កាន់​កម្ពុជា មិន​ទាន់​ត្រូវ​បាន​កំណត់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។ ក៏​ប៉ុន្តែ​មន្ដ្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ការងារ​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​មក​កម្ពុជា ធ្លាប់​បាន​អះអាង​ប្រាប់​អ្នក​កាសែត​ថា ជំហាន​ដំបូង ជន​ភៀស​ខ្លួន​ទាំង​នោះ អាច​រស់​នៅ​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មុន​នឹង​បញ្ជូន​ទៅ​កាន់​មណ្ឌល​រស់​នៅ​ក្រៅ​ក្រុង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ