អានតួអត្ថបទ
កម្ពុជា

លោកមាស វីរិទ្ធ៖ អាជ្ញាធរ​បាន​រំដោះ​តំបន់​ត្រពាំង​ឈូក ចេញ​ពី​ការ​គំរាម​កំហែង​ដោយ​គ្រឿង​ញៀន​ហើយ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ឲ្យ​ដឹង​ថា​ពេល​នេះ អាជ្ញាធរ​បាន​រំដោះ​តំបន់​ត្រពាំង​ឈូក​ចេញពី​ការ​គំរាម​កំហែង ដោយ​សារ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​គ្រប់​ប្រភេទ​បាន​ហើយ។ ប៉ុន្តែ​មិន​អាច​ធានា​ប្រសិទ្ធ​ភាព​១០០​ភាគ​រយ​នោះ​ទេ។ សកម្មភាព​រំដោះ​តំបន់​ត្រពាំង​ឈូក​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពីរដ្ឋាភិ​បាល​ចាប់​ផ្តើម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ គ្រឿង​ញៀន​លើក​ទី១ ​រយៈពេល​៦ខែ ដើម​ឆ្នាំ​២០១៧​នេះ​។

នាយឧត្តម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ង​ញៀន​​ ចូល​រួមក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ផែន​ការយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​ខុស​ច្បាប់​កាល​ពីថ្ងៃទី១៨ ខែកុម្ភៈ ​ឆ្នាំ២០១៧
នាយឧត្តម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ង​ញៀន​​ ចូល​រួមក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ផែន​ការយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​ខុស​ច្បាប់​កាល​ពីថ្ងៃទី១៨ ខែកុម្ភៈ ​ឆ្នាំ២០១៧ FB: NACD
ផ្សាយពាណិជ្ជកម្ម

លោក​មាស វីរិទ្ធ អគ្គ​លេខាធិការ​នៃ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ថា​អាជ្ញាធរ​បាន​ត្រួត​ត្រា​តំបន់​ត្រពាំង​ឈូក​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខបាន​ហើយ​ ប៉ុន្តែ​ប្រសិទ្ធ​ភាព​១០០​ភាគ​រយ​នោះ លោក​មាស វីរិទ្ធ​មិន​អាច​បញ្ជាក់​បាន​ទេ។

 
អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​តំបន់​ត្រពាំង​ឈូក អាជ្ញាធរ​ក៏​បាន​រក​ឃើញ​តំបន់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ជា​ទី​តាំង​ជួញ​ដូរ​គ្រឿង​ញៀន​ដែរ។តំបន់​ទាំង​នោះ​មាន​ដូច​ជា តំបន់​បឹង​កក់​ផ្លូវ​រទេះ​ភ្លើង តំបន់​រោង​ចក្រ​ឆ្នាំង តំបន់​បឹង​ទំពុន តំបន់​ស្ទឹង​មាន​ជ័យ និង​តំបន់​មាត់​ទន្លេ​ក្នុង​ខណ្ឌ​ច្បារអំពៅ។

លោក​ឃួង ស្រេង អភិបាល​រង​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៨ កុម្ភៈ​ថា ក្រោយ​ពីបំបែក​សំបុក​អ្នក​ជួញដូរ​គ្រឿង​ញៀន នៅ​ត្រពាំង​ឈូក​ហើយ គណៈបញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ទាំង​១២ ​ក៏​ដូច​ជាក្រសួង​មហា​ផ្ទៃបាន​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​តទៅ​ទៀត ដើម្បី​ស្វែង​រក​ទីតាំង​ផ្សេងៗ ទៀត ដែល​មានករណី​គ្រឿង​ញៀន​ច្រើន​។

លោក​បន្ថែម​ថា​នៅ​ពេល​ខាង​មុខ​នេះ អាជ្ញាធរ​រាជ​ធានី​នឹង​ប្រជុំ​វាយ​តម្លៃ ថា ទីតាំង​ណា​មួយ ដែល​ជា​ជម្រក​ធំនៃ​ក្រុម​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​ទី​ក្រុង​ភ្នំពេញ។ លោក​សង្កេត​ឃើញ​មាន​តំបន់​មួយ​ចំនួន​ទៀតជាតំនប់ចែក​ចាយ​គ្រឿង​ញៀន តែ​លោក​មិន​អាច​វាយ​ម្លៃ​បាន​ទេ លុះ​ណា​តែ​មាន​កិច្ច​ប្រជុំ​រវាង​អ្នក​ពាក់​ព័ន្ធ​ជា​មុនសិន​។

សូម​បញ្ជាក់​ថា​នៅ​ដើម​ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ចាប់​ផ្តើម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​លើក​ទី១​ រយៈ​ពេល​៦ខែ ពោល​គឺ​ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​មិថុនា នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​។ បើ​គិត​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល ៤៧​ថ្ងៃ​ហើយ​ ហើយ​សមត្ថ​កិច្ច​បាន​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ប្រមាណ​១,៦៩៩ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ អ្នក​សេព​គ្រឿង​ញៀន​ បាន​ចំនួន​៤,០៦៨នាក់៕​ 

ចំណែក​ការ​សាង​សង់​មជ្ឈ​មណ្ឌល​ព្យាបាល​អ្នក​ញៀន​វិញ លោក​ កែ គឹមយ៉ាន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនធ្លាប់បានលើកឡើងថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្រៀម​សង់​មជ្ឈ​មណ្ឌល​ព្យាបាល​អ្នក​ញៀន គ្រឿងញៀន​លើ​ផ្ទៃដី ២០​ហិកតា ក្នុង​ខេត្ត​ព្រះសីហនុ នៅខែ​កុម្ភៈ​​​។ ប៉ុន្តែ​បើ​តាមលោក​មាស វីរិទ្ធ រហូត​មក​ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ ការដ្ឋាន​នៃ​មជ្ឈ​មណ្ឌល​នោះ​ មិន​ទាន់​ចាប់​ផ្តើម​នៅឡើយ​ទេ ដោយ​សារ​ខ្វះ​ខាត​ថវិកា ប៉ុន្តែ​បាន​រៀប​ចំប្លង់​សម្រាប់​ការ​សាង​សង់​រួច​រាល់​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ