ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/09 12h00 GMT
កម្ពុជា

អាជ្ញាធរ​សម្រេច​រុះ​រើ​បាន​១០០%​នូវ​សំណង់​ខុស​ច្បាប់​នៅ​ឆ្នេរ​អូឈើទាល ក្រោយ​ពី​មាន​បទ​បញ្ជា​នាយក​រដ្ឋមន្រ្តី

media អាជ្ញាធរ​​រុះ​រើ​​សំណង់​ខុស​ច្បាប់​នៅ​ឆ្នេរ​អូឈើទាល @សហការី

សំណង់​សណ្ឋាគារ​កម្ពស់​៧​ជាន់ ដែល​គ្រោង​សាង​សង់​នៅ​លើ​ឆ្នេរ​អូឈើទាល​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​សម្រេច​រុះ​រើ​បាន ១០០%​ហើយ ក្រោយ​ពី​មាន​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ។ សំណង់​អគារ​ដែល​គេ​ចាត់​ទុក​ថា ខុស​ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សម្រស់​ឆ្នេរ​សាធារណៈ ប្រសិន​បើ​មាន​ការ​សាង​សង់​មែន។

នៅ​ទី​បំផុត​ទៅ គម្រោង​សាង​សង់​សំណង់​យក្ស ស្ថិត​នៅ​លើ​ឆ្នេរ​អូឈើទាល ក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត សម្រេច​រុះ​រើ​បាន​១០០%​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​៥​មីនា​នេះ។ សំណង់​អគារ​កម្ពស់​៧​ជាន់ ដែល​គេ​ដឹង​ថា នឹង​ក្លាយ​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ថា​ខុស​ច្បាប់​នេះ មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ លី ឡាយ (Ly Lay) ត្រូវ​បាន​អភិបាល​ក្រុង​ព្រះសីហនុ​លោក អ៊ី សុខឡេង ចេញ​លិខិត​ឲ្យ​ផ្អាក​ការ​សាង​សង់​ជា​បន្ទាន់ កាល​ពី​ថ្ងៃ​ទី ២ មីនា នៅ​២​ម៉ោង​ក្រោយ ពី​មាន​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​កាល​ពី​ចុង​សប្តាហ៍​នេះ បាន​ចំណាយ​រយៈ​ពេល​២​ថ្ងៃ ដើម្បី​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ-​កម្មការិនី​​ជាង​៤​ម៉ឺន​នាក់។ ក៏​ប៉ុន្តែ នៅ​ក្នុង​ដំណើរ​ចុង​សប្តាហ៍ ទៅ​កាន់​ខេត្ត​ជាប់​មាត់​សមុទ្រ​​របស់​កម្ពុជា​មួយ​នេះ លោក​បាន​ទើប​ប្រទះ​ផ្ទាល់​នឹង​ភ្នែក នូវ​សំណង់​អគារ​ដែល​បាន​ព័ន្ធ​យក​ដី​ឆ្នេរ​និង​ផ្លូវ​សាធារណៈ​មួយ​នេះ ដោយ​លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​គេ​នឹង​សាង​សង់​ជា​អ្វី? និង​ថា​​ ហេតុ​អ្វី​លោក​មិន​បាន​ដឹង?

សូម​បញ្ជាក់​ថា អគារ​ដែល​ប្រុង​លេច​ចេញ​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នេះ ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​លិខិត​បញ្ឈប់​ការ​សាង​សង់​របស់​លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី ២ មីនា បាន​គូស​បញ្ជាក់​ថា សំណង់​របស់​លោក លី ឡាយ ដែល​មាន​ដី​ទំហំ​ប្រហែល​១​ហិកតា ស្ថិត​នៅ​លើ​ដី​ដែល​ជា​អតីត​បន្ទាយ​កង​រាជវុធហត្ថ​ខេត្ត​នេះ ពុំ​ទាន់​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​សាង​សង់​ពី ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ណា​មួយ​នៅ​ឡើយ​ទេ។

គួរ​ជំរាប​ជូន​ដែរ​ថា នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ខេត្ត​ព្រះសីហនុ បាន​រង​ការ​រិះ​គន់ ថែម​ការ​ព្រួយ​បារម្ភ ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ ពី​កំណើន​ដ៏​ឆាប់​រហ័ស​របស់​ជន​ជាតិ​ចិន និង​សំណង់​ស្អេក​ស្កះ​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​ថា កំពុង​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​អ្នក​វិនិយោគិន​ចិន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ