អាជ្ញាធរសម្រេចរុះរើបាន១០០%នូវសំណង់ខុសច្បាប់នៅឆ្នេរអូឈើទាល ក្រោយពីមានបទបញ្ជានាយករដ្ឋមន្រ្តី
សំណង់សណ្ឋាគារកម្ពស់៧ជាន់ ដែលគ្រោងសាងសង់នៅលើឆ្នេរអូឈើទាលក្នុងខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរសម្រេចរុះរើបាន ១០០%ហើយ ក្រោយពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសុក្រ។ សំណង់អគារដែលគេចាត់ទុកថា ខុសច្បាប់នេះ នឹងធ្វើឲ្យប៉ះពាល់ដល់សម្រស់ឆ្នេរសាធារណៈ ប្រសិនបើមានការសាងសង់មែន។
ចុះផ្សាយនៅថ្ងៃ៖
នៅទីបំផុតទៅ គម្រោងសាងសង់សំណង់យក្ស ស្ថិតនៅលើឆ្នេរអូឈើទាល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរខេត្ត សម្រេចរុះរើបាន១០០%ហើយ គិតត្រឹមថ្ងៃទី៥មីនានេះ។ សំណង់អគារកម្ពស់៧ជាន់ ដែលគេដឹងថា នឹងក្លាយជាសណ្ឋាគារលំដាប់ផ្កាយ៥ ដែលត្រូវបានអាជ្ញាធរចាត់ទុកថាខុសច្បាប់នេះ មានម្ចាស់កម្មសិទ្ធិឈ្មោះ លី ឡាយ (Ly Lay) ត្រូវបានអភិបាលក្រុងព្រះសីហនុលោក អ៊ី សុខឡេង ចេញលិខិតឲ្យផ្អាកការសាងសង់ជាបន្ទាន់ កាលពីថ្ងៃទី ២ មីនា នៅ២ម៉ោងក្រោយ ពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាលពីចុងសប្តាហ៍នេះ បានចំណាយរយៈពេល២ថ្ងៃ ដើម្បីស្នាក់នៅក្នុងខេត្តព្រះសីហនុ ដើម្បីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង៤ម៉ឺននាក់។ ក៏ប៉ុន្តែ នៅក្នុងដំណើរចុងសប្តាហ៍ ទៅកាន់ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ លោកបានទើបប្រទះផ្ទាល់នឹងភ្នែក នូវសំណង់អគារដែលបានព័ន្ធយកដីឆ្នេរនិងផ្លូវសាធារណៈមួយនេះ ដោយលោកបានចោទជាសំណួរថា តើគេនឹងសាងសង់ជាអ្វី? និងថា ហេតុអ្វីលោកមិនបានដឹង?
សូមបញ្ជាក់ថា អគារដែលប្រុងលេចចេញជាសណ្ឋាគារលំដាប់ផ្កាយ៥នេះ ស្ថិតនៅមិនឆ្ងាយពីភូមិគ្រឹះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ។
យ៉ាងណាក៏ដោយ នៅក្នុងលិខិតបញ្ឈប់ការសាងសង់របស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី ២ មីនា បានគូសបញ្ជាក់ថា សំណង់របស់លោក លី ឡាយ ដែលមានដីទំហំប្រហែល១ហិកតា ស្ថិតនៅលើដីដែលជាអតីតបន្ទាយកងរាជវុធហត្ថខេត្តនេះ ពុំទាន់មានច្បាប់អនុញ្ញាតឲ្យសាងសង់ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធណាមួយនៅឡើយទេ។
គួរជំរាបជូនដែរថា នៅមួយរយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុ បានរងការរិះគន់ ថែមការព្រួយបារម្ភ ពីសំណាក់ភ្ញៀវទេសចរជាតិ ពីកំណើនដ៏ឆាប់រហ័សរបស់ជនជាតិចិន និងសំណង់ស្អេកស្កះនៅក្នុងខេត្តទេសចរណ៍ជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះថា កំពុងស្ថិតក្រោមការកាន់កាប់របស់អ្នកវិនិយោគិនចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ