ចប់បាក់ឌុប យុវជនគួរសម្រុកធ្វើការងារស្ម័គ្រចិត្ត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៨
ការប្រឡងបាក់ឌុបគឺជាសមរភូមិចុងប៊ិចចុងក្រោយរបស់សិស្សានុសិស្សនៅវិទ្យាល័យ មុននឹងឈានជើងបន្តការសិក្សាថែមទៀតនៅថ្នាក់ឧត្តមសិក្សា។ ក្នុងឱកាសនេះ អ្នកជំនាញបានណែនាំថា បន្ទាប់ពីប្រឡងបាក់ឌុបចប់ យុវជនគួរសម្រុកធ្វើការងារស្ម័គ្រចិត្ត ព្រោះវាអាចផ្ដល់ផលប្រយោជន៍យ៉ាងមហាសាលដល់យុវជន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេតែងតែបានឮពីការងារស្ម័គ្រចិត្តជាញឹកញាប់។ យុវជនខ្មែរជាច្រើន បានចាប់ផ្ដើមផ្ដល់តម្លៃដល់ការងារស្ម័គ្រចិត្ត។ មួយចំនួន បានឆ្លៀតយកពេលទំនេរពីការសិក្សារបស់ខ្លួន ទៅធ្វើការងារស្ម័គ្រចិត្តនៅតាមអង្គការ និងស្ថាប័នឯកជននានានៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ យុវជនមួយចំនួនផ្សេងទៀត បានបង្កើតជាក្រុម ឬបណ្ដាញយុវជន ដើម្បីធ្វើការងារសង្គមដោយស្ម័គ្រចិត្ត។
នេះជាសញ្ញាមួយដ៏ប្រសើរ ស្របទៅតាមការចង់បានរបស់អ្នកជំនាញ។ អ្នកជំនាញផ្នែកការងារដែលបានអះអាងថា ការងារស្ម័គ្រចិត្តផ្ដល់ប្រយោជន៍យ៉ាងសម្បើមមហិមាដល់យុវជន។ តើហេតុអ្វីបានជាយុវជនគួរធ្វើការងារស្ម័គ្រចិត្ត? តើការងារស្ម័គ្រចិត្តផ្ដល់ប្រយោជន៍អ្វីខ្លះ?
មុននឹងឆ្លើយនឹងសំណួរទាំងនេះ គេគួរស្គាល់ពីការងារស្ម័គ្រចិត្តជាមុនសិន។ ការងារស្ម័គ្រចិត្ត គឺជាសកម្មភាពស្ម័គ្រចិត្ត ដោយលះបង់ទាំងកម្លាំងកាយចិត្ត ថវិកា និងស្មារតី នៅក្នុងការងារ ឬស្ថាប័នណាមួយ។ បច្ចុប្បន្ន សន្ទុះនៃការធ្វើការងារស្ម័គ្រចិត្តរបស់យុវជន មានការកើនឡើង គួរឲ្យកត់សម្គាល់ ទាំងការស្ម័គ្រចិត្តរួមចំណែកជាមួយអង្គការសង្គមស៊ីវិល គណបក្សនយោបាយ ព្រមទាំងបណ្ដាញយុវជន ដែលបង្កើតឡើងដោយយុវជនផ្ទាល់។
តាមរយៈការងារស្ម័គ្រចិត្ត យុវជននឹងបានទទួលអត្ថប្រយោជន៍៣យ៉ាងសំខាន់។ ទី១ គឺបទពិសោធការងារ។ ការងារស្ម័គ្រចិត្តអស់ដែលយុវជនចូលរួម តិចឬច្រើន គឺសុទ្ធតែបានរួមចំណែកបង្ហាត់បង្រៀន ក៏ដូចជាផ្ដល់បទពិសោធការងារជាក់ស្ដែងដល់យុវជន។ គឺបទពិសោធការងារនេះហើយ ដែលនឹងក្លាយទៅជាពេជ្រប្រដាប់ប្រវត្តិរូបសង្ខេបរបស់យុវជន នៅពេលដាក់ពាក្យសុំធ្វើការ។ គឺបទពិសោធការងារនេះហើយ ដែលនឹងជួយត្រួសត្រាយផ្លូវសម្រាប់យុវជន ឆ្ពោះទៅដណ្ដើមយកអាហារូបករណ៍ ទៅសិក្សានៅបរទេស។
អត្ថប្រយោជន៍ទី២គឺមិត្តភាព។ ជាការពិត ការចូលប្រឡូកនៅក្នុងការងារស្ម័គ្រចិត្ត ផ្ដល់ឱកាសឲ្យយុវជនស្គាល់មនុស្សមកពីវិស័យផ្សេងៗគ្នាជាច្រើន។ បណ្ដាញទំនាក់ទំនងធំទូលាយដូច្នេះ ចាំបាច់ណាស់សម្រាប់យុវជនក្នុងការស្វែងយល់ពីសង្គម។ ជាមួយគ្នានេះដែរ យុវជនថែមទាំងអាចបង្ហាញពីសក្ដានុពលរបស់ខ្លួន ទៅកាន់បណ្ដាញដែលខ្លួនមាន។ ជារឿយៗ បណ្ដាញទំនាក់ទំនងធំទូលាយតែងតែនាំមកនូវការទទួលស្គាល់ និងឱកាសការងារប្លែកៗសម្រាប់យុវជន។
ចំណែកអត្ថប្រយោជន៍ទី៣ គឺភាពជាអ្នកដឹកនាំ និងស្មារតីជួយអ្នកផងដោយការស្ម័គ្រចិត្ត។ សង្គមត្រូវការមនុស្សដែលមានចរិត និងលក្ខណៈសម្បត្តិបែបនេះ ព្រោះមនុស្សប្រភេទនេះ គឺជាទំពាំងល្អ ដែលនឹងក្លាយទៅជាឫស្សីដ៏រឹងមាំនៅពេលអនាគត។
តាមរយៈផលប្រយោជន៍សំខាន់ៗទាំងនេះ និស្សិតដែលកំពុងតែសិក្សានៅមហាវិទ្យាល័យ គួរណាស់តែឆ្លៀតពេលទំនេរពីការសិក្សារបស់ខ្លួនធ្វើការងារស្ម័គ្រចិត្តខ្លះៗ។ ការធ្វើការងារស្ម័គ្រចិត្ត នឹងជួយឲ្យយុវជន ចេះស្រឡាញ់រាប់អានគ្នា និងចេះប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍។ វានឹងធ្វើឲ្យយុវជនមានលទ្ធភាពឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែង ឆ្លើយតបទៅនឹងទ្រឹស្ដីដែលបានសិក្សានៅសាលា ព្រមទាំងបង្កើតវប្បធម៌ចែករំលែកជួយអ្នកដទៃថែមទៀតផង។
បើទោះបីជាការងារស្ម័គ្រចិត្តមានប្រយោជន៍សម្រាប់យុវជនយ៉ាងណាក៏ដោយ ក៏យុវជនគួរជ្រើសរើសពេលវេលាសមស្របសម្រាប់ការងារនេះ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការសិក្សា និងជីវិតផ្ទាល់ខ្លួន។ យុវជនគួរតែជ្រើសធ្វើការងារស្ម័គ្រចិត្តណា ដែលខ្លួនស្រឡាញ់ពេញចិត្ត និងដែលទាក់ទងនឹងអ្វីដែលខ្លួនកំពុងរៀន និងចង់រៀន។ ការងារស្ម័គ្រចិត្ត មិនមានប្រាក់កម្រៃទេ។ ជួនកាលយុវជនត្រូវខ្វេះប្រាក់ពីហោប៉ៅផ្ទាល់ខ្លួនសម្រាប់ការងារស្ម័គ្រចិត្តថែមទៀត។ ដូច្នេះ យុវជនគួរតែធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្នបំផុតនៅពេលជ្រើសរើសការងារស្ម័គ្រចិត្ត។ ការជ្រើសរើសការងារស្ម័គ្រចិត្តបានត្រឹមត្រូវ នឹងជំរុញឲ្យយុវជនកាន់តែមានចិត្តពុះកញ្ជ្រោលចង់ធ្វើការនិងធ្វើបានល្អប្រសើរ។ ការជ្រើសការងារស្ម័គ្រចិត្តខុសពីចំណង់ចំណូលចិត្តឬខុសពីមុខជំនាញសិក្សា មិនត្រឹមតែអាចផ្ដល់នូវបទពិសោធន៍មិនល្អនោះទេ វាថែមទាំងអាចធ្វើឲ្យយុវជនទទួលរងនូវសម្ពាធ និងការខកចិត្តថែមទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ