អានតួអត្ថបទ
កម្ពុជា

ដំណើរ​ការ​ប្រឡង​បាន​ចាប់​ផ្ដើម​ហើយ​ជាមួយ​នឹង​ការ​យោគ​យល់​លើ​បញ្ហា​អាកាស​ធាតុ

ដូច​ការ​គ្រោង​ទុក​ដំណើរ​ការ​ប្រឡង​បាក់​ឌុប​បាន​ចាប់​ផ្ដើម​ហើយ នៅ​ថ្ងៃ​ទី​២១​សីហានេះ​ដោយ​មាន​សិស្ស​ចូល​រួម​ប្រឡង​ជាង​១០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។ ពាក់​ព័ន្ធ​បញ្ហាអាកាស​ធាតុ ប្រសិន​បើ​មាន ភ្លៀង​ធំ គណៈ​មេ​ប្រយោគ ប្រធាន​មណ្ឌល និង​អនុរក្ស អាច​ពន្យារ​ពេល​ចែក​ក្រដាស​វិញ្ញាសា​សរសេរ​រយៈ​៣០​នាទី​ក្រោយ​សំឡេង​ជួង​ចាប់ផ្ដើម ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ពន្យារ​ពេល ប្រមូល​វិញ្ញាសា​នីមួយៗ​ឡើយ។ ចំណែក​បេក្ខជន​អាច​ទៅ​យឺត​យ៉ាង​យូរ​បំផុត ១៥​នាទី ក្រោយ​ជួង​ចាប់​ផ្ដើម​វិញ្ញាសា​សរសេរ។

រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​លោក ហង់ ជួនណារ៉ុន បាន​អញ្ចើញ​ទៅ​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ
រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​លោក ហង់ ជួនណារ៉ុន បាន​អញ្ចើញ​ទៅ​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ @សហការី
ផ្សាយពាណិជ្ជកម្ម

មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ​បាន​បើក​ទ្វារ​ទទួល​សិស្ស​តាំង​ពី​ព្រឹក​ព្រលឹម​ស្រាំង​ៗ​។ ចំណែក សិស្សា​នុ​សិស្ស​ក៏​បាន​ញាប់​ដៃ​ញាប់​ជើង​សម្រុក​ទៅ​កាន់​បន្ទប់​ប្រឡង​របស់ពួក​គេ​រៀងៗ​ខ្លួន​ដែរ។ មុន​ចូល​ដល់​បន្ទប់​ប្រឡង​ពួក​គេ​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ត្រួតពិនិត្យ​សិន ដើម្បី​ធានា​ថា​ពួក​គេ​មិន​ភ្ជាប់​មក​ជាមួយ​ឯកសារ ឬ​ទូរ​សព្ទ។

នៅ​ភ្នំពេញ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន បាន​អញ្ចើញ​ទៅ​បើក​កញ្ចប់វិញ្ញាសា​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​កាសែត លោក ហង់ ជួនណារ៉ុន ហែហម​អម​ដំណើរ​ពី​លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក ឃាង សេង អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​វាយ​តម្លៃ​ជា​ជំហាន​ដំបូង​ថា ស្ថាន​ភាព​ទូទៅ​នៃ​ដំណើរ​ការ​ប្រឡង​គឺ​អនុវត្ត​ដូច​រៀងរាល់​ឆ្នាំ​ដែរ ពោល​គឺ​មាន​ភាព​តឹង​រ៉ឹង​ទាំង​វិញ្ញាសា និង​វិន័យ។

ចំណែក លោក ឃាង សេង អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គូស​បញ្ជាក់​ថា គ្រប់​អ្នក​ពាក់​ព័ន្ធ​ទាំង​សិស្ស គ្រូ និង​អ្នក​សង្កេត​ការណ៍​ប្រសិន​បើ​ធ្វើ​ខុស​វិន័យ​នឹង​ទទួលទោស​ទណ្ឌ​ដែល​មាន​ចែង​ស្រាប់​នៅ​ក្នុង​ច្បាប់​ដូច​បណ្ដាល​ឆ្នាំ​មុនៗ​ដែរ។ ឆ្នាំ​នេះ​ចំនួនអ្នក​សង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បាន​ដាក់​ពង្រាយ​នៅ​ទូទាំងប្រទេស​មាន​ចំនួន​ជិត​៥​ពាន់​នាក់។ ហើយ​នៅ​ភ្នំពេញ​ចំនួន​អ្នក​សង្កេតការណ៍​បាន​ដាក់ពង្រាយ​១៨១​នាក់។

ដោយ​ឡែក​ចំពោះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិញ បាន​ជួយ​សម្រួល​ដល់​ការ​សិ​ស្សា​នុ​សិស្ស​ជួយ​ថែ​រក្សា​ម៉ូតូ កង់​របស់​ពួក​គេ​ដោយ​មិន​គិត​ថ្លៃ។ នេះ​ជា​ការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ានី ។

ស្រប​ពេល​ដែល​ការ​ប្រឡង សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ កំពុង​ដំណើរ​ការ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឯណេះ​វិញ ក៏​បាន​អំពាវនាវ​ដល់​សិស្សា​នុសិស្ស ត្រូវ​យកចិត្ត​ទុក​ក្នុង​ការ​ប្រឡង និង​គោរព​វិន័យ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ កុំ​មាន​ភាព​ភ័យ​ខ្លាច។ លោកបាន​ថ្លែង​ដូច្នេះ​តាម​រយៈ​សំណេរ​ក្នុង​បណ្ដាញ​ទំនាក់​ទំនង សង្គម​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​២១ខែ​សីហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ