ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
កម្ពុជា

​លទ្ធផល​ថ្មី​នៃ​ការ​ប្រឡង​បាក់ឌុប​ ៖ ចំនួន​អ្នក​ជាប់​និទ្ទេស A កើន​ឡើង​ជិត​ទ្វេ​ដង​

media  
បេក្ខជនរីករាយនៅពេលឃើញឈ្មោះរបស់គេមិនមានស្នាមឆូតប៊ិចក្រហមក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៤ rfi/siv channa

គិត​មក​ដល់​ម៉ោង​នេះ ការ​ប្រកាស​លទ្ធផល​កែ​តម្រូវ​ថ្មី​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឬ​បាក់ឌុប ​ បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​រួច​រាល់​ហើយ​នៅ​ទូទាំង​ប្រទេស​។ ផ្អែក​តាម​លទ្ធ​ផល​ថ្មី​នេះ អ្នក​ជាប់​មាន​ចំនួន​ជាង​៧​ម៉ឺន​៦​ពាន់​នាក់ ស្មើ​នឹង​៦៧,០៧​ភាគ​រយ​ ខណៈ​ការ​ប្រកាស​លទ្ធ​ផល​លើក​មុន ចំនួន​អ្នក​ជាប់​គិត​ជា​ភាគ​រយ​មាន​ប្រមាណ​៦៦,២១​ភាគ​រយ​។ 

លទ្ធផល​ថ្មី​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឬ​បាក់​ឌុប បង្ហាញ​ថា អ្នក​ជាប់​ពិត​ប្រាកដ​មាន​ចំនួន ៧៦ ​០៣៤ នាក់ ដោយ​ក្នុង​នោះ និទ្ទេស A មាន​៤០៨​នាក់ B មាន​ចំនួន​២២២២ ខណៈ C មាន​ចំនួន​៦០៤១​នាក់។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ការ​ប្រកាស​លទ្ធ​ផល​ជា​ថ្មី​នេះ មិន​ប៉ះ​ពាល់​ដល់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ឡើយ​។

សូម​បញ្ជាក់​ថា ការ​ប្រកាស​លទ្ធផល​ប្រឡង​នេះ ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​បណ្ដឹង​របស់​បេក្ខជន​ប្រឡង​ជាង​១​ពាន់​នាក់ និង​បន្ទាប់​ពី​គណៈ​កម្មការ​កោសល្យ​វិច័យ​នៃ​ក្រសួង​អប់រំ​រក​ឃើញ​ថា ដំណើរ​ការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេក​ទេស ដែល​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​ពិន្ទុ​មុខ​វិជ្ជា​គណិត​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់​។

អ្វី​ជា​ការ​កត់​សម្គាល់ បេក្ខជន​ឈ្មោះ ឆាយ លី​អាន ពី​ខេត្ត​កំពត ដែល​ជា​បេក្ខជន​ដំបូង​គេ​ ចេញ​តវ៉ា​លទ្ធផល​ប្រឡង​មុខ​វិជ្ជា​គណិតវិទ្យា បាន​ឡើង​ពី​និទ្ទេស D ទៅ​និទ្ទេស A វិញ ជា​មួយ​លំដាប់​ពិន្ទុ ៩៩,៩០២​។

គួរ​រំឭក​ថា នៅ​មុន​ពេល​រក​ឃើញ​ភាព​មិន​ប្រក្រតី​នេះ ​ក្រសួង​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប ដោយ​មាន​អ្នក​ប្រឡង​ជាប់​ ៦៦,២១ ​ភាគរយ​ស្មើនឹង​ ៧៥០៥៩ នាក់​ចាប់​ពី​និទ្ទេស A ដល់ E ក្នុង​នោះ​អ្នក​ជាប់​និទ្ទេស A មាន ២៩០ នាក់​,​ និទ្ទេស B មាន​ ១ ៥៣២ ​នាក់​, ​និទ្ទេស​ C ​មាន ៤ ៦៣១ នាក់​,​និទ្ទេស​ D ​មាន​ ១៣ ៩៩៩ នាក់ និង​និទ្ទេស E មាន ៥៤ ៦០៧ នាក់ ខណៈ​អ្នក​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​មាន​ ១៧ ​នាក់​។

អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ​បាន​រិះ​គន់​ចំពោះ​ភាព​ធ្វេស​ប្រហែស​នៃ​ដំណើ​ការ​កំណែ​វិញ្ញាសារ​របស់​ក្រសួង​អប់​រំ​លើ​មុខ​វិជ្ជា​គណិត​នេះ​។ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ថ្លែង​ថា សិស្សា​នុ​សិស្ស​មាន​ការ​ខក​ចិត្ត​ចំពោះ​លទ្ធផល​បាក់ឌុប ពិសេស​អ្នក​ដែល​ពូកែ​មុខ​វិជ្ជា​គណិត​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​យល់​ថា ជា​រឿង​មួយ​ដ៏​ល្អ ដែល​ក្រសួង​អប់រំ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​នេះ​ទាន់​ពេល​វេលា តាម​រយៈ​ការ​យល់​ព្រម​ពិនិត្យ​សំណៅ​ឯកសារ​របស់​សិស្ស​ឡើង​វិញ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ