ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​រដ្ឋ​មន្ត្រី​អប់រំ​៖ ​ថវិកា​៥លាន​ដុល្លារ​ចំណាយ​រៀប​ចំ​ដំណើរ​ការ​ប្រឡង​បាក់​ឌុប​រៀង​រាល់​ឆ្នាំ​

media  
លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន @Internet

ថវិកា​ចំនួន៥លាន​ដុល្លារ ត្រូវបាន​ចំណាយ​ជារៀង​រាល់​ឆ្នាំ សម្រាប់​រៀបចំ​ដំណើរ​ការ​ប្រឡងសញ្ញាបត្រ​មធ្យសិក្សា​ទុតិយភូមិ ឬបាក់ឌុប។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ លោក ហង់ ជួនណារ៉ុន បាន​គូស​បញ្ជាក់​ថា ទឹក​ប្រាក់​៥លានដុល្លារ​នេះ ផ្ដោត​ទៅលើ​ការ​ឧបត្ថម្ភ​ដល់​គ្រូ​អនុរក្ស​គ្រប់​ដំណាក់​កាល​នៃ​ការ​ប្រលង។ បើ​តាម​លោករដ្ឋមន្ត្រី ប្រាក់លើក​ទឹក​ចិត្ត​គ្រូ ជា​ផ្នែក​មួយ​សំខាន់​ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រឡង​ទទួល​បាន​ភាព​សុក្រឹត។ 

ថវិកា​ប្រមាណ​៥លានដុល្លារ​នេះ ឧបត្ថម្ភ​ទៅ​លើ​លោកគ្រូ អ្នកគ្រូ ដែល​ជា​អនុរក្ស​គ្រប់​ដំណាក់កាល​នៃ​ការ​ប្រលង​ចំនួន​ជាង​២​ម៉ឺន​នាក់ និង​ក្រុម​ការងារ​គ្រប់​គ្រង​មណ្ឌល រួម​នឹង​ការ​ទិញ​សម្ភារៈ​ផ្សេងៗ​សម្រាប់​រៀបចំ​ដំណើរ​ការ​ប្រឡង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ។ ក្នុងនោះ​គ្រូ​អនុរក្ស​ម្នាក់​ទទួលបាន​ប្រាក់​លើក​ទឹក​ចិត្ត​មួយ​ថ្ងៃ​២០​ម៉ឺន​រៀល អាស្រ័យ​ទៅ​លើ​ទី​តាំង​ឈរ​ជើង។

ចំណែក​ជំនួយ​ការ​គ្រូ​អនុរក្ស​ជាង​២​ពាន់​នាក់ ក្នុង​ម្នាក់​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​១០ម៉ឺនរៀល ហើយ​ការ​ចំណាយ​សរុប​ទៅ​លើ​ជំនួយ​ការ​អនុរក្ស​អស់​កន្លះ​លាន​ដុល្លារ រួច​ទៅ​ហើយ ក្នុងទឹក​ប្រាក់​សរុប​៥​លាន​ដុល្លារ។

សូមជម្រាបជូនថា ទឹក​ប្រាក់​៥​លាន​ដុល្លារ​សម្រាប់​រៀបចំ​ដំណើរ​ការ​ប្រឡង​នេះ គឺ​កាត់​ចេញ​ពីថវិកា​ជាតិ​ផ្ដល់​ដោយ​រដ្ឋាភិបាល​មក​ក្រសួង​អប់រំ​ចំនួន ៧៥០លានដុល្លារ ក្នុង​មួយ​ឆ្នាំ។ មែនទែន​ទៅ​ទឹក​ប្រាក់​៥លានដុល្លារ សម្រាប់​រៀប​ចំ​ដំណើរ​ការ​ប្រឡង​គឺ​ជា​ថវិកា​មួយ​តិច​តួច បើធៀប​នឹង​ការ​ចំណាយ​ឯទៀត​ក្នុង​វិស័យ​អប់រំ។

រដ្ឋមន្ត្រី​ក្រសួងអប់រំ​យុវជន និង​កីឡា​លោក ហង់ ជួនណារ៉ុន បាន​គូស​បញ្ជាក់ថា រាប់​ចាប់​តាំងពី​សម័យ​កំណែ​ទម្រង់​ក្នុង​ឆ្នាំ​២០១៤ មក​ដល់​ពេល​បច្ចុប្បន្ន ក្រសួងអប់រំ​បាន​ប្រើប្រាស់​ថវិកា៥លាន​ដុល្លារ​ថេរ នៅ​ក្នុង​ការ​រៀប​ចំ​ដំណើរ​ការ​ប្រឡង ហើយ​ជំហរ​របស់​ក្រសួង​មិន​ធ្វើ​ឲ្យ​ដំណើរការ​ប្រឡង​ទាញ​ថវិកា​ជាតិ​មក​បន្ថែម​ក្នុង​កញ្ចប់​ផ្ដល់​ជូន​ប្រចាំ​ឆ្នាំ​ឡើយ។

លោករដ្ឋមន្ត្រី​បាន​សង្កត់​ថា ដើម្បី​ឲ្យ​ដំណើរ​ការ​ប្រឡង ទទួល​បាន​ភាព​សុក្រឹត ប្រាក់​ឧបត្ថម្ភគ្រូ​ជា​រឿង​សំខាន់ ដោយ​ក្នុង​នោះ​ក្រសួង​បាន​កាត់​បន្ថយ​ចំណាយ និង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដើ​ម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​លោកគ្រូ អ្នកគ្រូ អនុរក្ស​គ្រប់​ដំណាក់​កាល​មាន​កម្លាំង​ចិត្ត​ចូល​រួម​រៀប​ចំ​ដំណើរ​ការ​ប្រឡង​។

ការ​កត់​សម្គាល់​ដោយ​ឡែក​ជុំវិញ ដំណើរ​ការ​ប្រឡង​បាក់​ឌុប​នេះ​ដែរ នៅ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​ដូច​ជាៈ ខេត្ត​ព្រះ​សីហនុ សៀម​រាប​ជា​ដើម បាន​ប្រើ​ប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​ក្នុង​ការ​រៀប​ចំ​បាយ​ទឹក និង​កន្លែង​ស្នាក់​នៅ ដល់​បេក្ខជន​កំពុង​ប្រឡង​។ ក្រៅ​ពី​នេះ សាលា​ខេត្ត​ស្ទើរ​ទាំង​អស់​ក៏​បាន​បង្ហាញ​ពី​ទឹក​ចិត្ត អំពាវ​នាវ​កុំ​ឲ្យ​ផ្ទះ​សំណាក់ ឬ​សណ្ឋា​គារ ឡើង​ថ្លៃ​នៅ​ក្នុង​ការ​ស្នាក់​នៅ​របស់​បេក្ខ​ជន ដែល​ឡើង​មក​ពី​ទី​ឆ្ងាយ ដើម្បី​ចូល​រួម​ប្រលង​បាក់​ឌុប​រយៈ​ពេល​២ថ្ងៃ​នៅ តាម​មណ្ឌល​ប្រលង​នានា​ស្ថិត​ក្នុង​ទីរួម​ខេត្ត​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ