អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទម្លាប់​​អាក្រក់​​ដែល​​ធ្វើ​​ឲ្យ​​ស្រអាប់​​ដល់​​កំណែ​ទម្រង់​​សេវា​សាធារណៈ!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​​បាន​ដាក់​​ចេញ​​ជា​​បន្ត​បន្ទាប់​​នូវ​​នយោបាយ​​កំណែ​ទម្រង់​​ជាពិសេស​​ការ​ផ្តល់​សេវា​​ជូន​​ប្រជាពលរដ្ឋ​។ ​ការ​ផ្តល់​​អត្តសញ្ញាណប័ណ្ណ​​ជូន​​ពលរដ្ឋ​​​ដែល​ជា​​បញ្ហា​​ដ៏​​ស្មុគស្មាញ​​មួយ​​ក្នុង​ចំណោម​​បញ្ហា​​ជា​ច្រើន​​ទៀត​​នោះ​​ហាក់​​មាន​​ស្ថានភាព​​ល្អ​ប្រសើរ​​ជាង​​មុន​។ ​ភ្នាក់ងារ​នគរបាល​​ជំនាញ​​បាន​​ចុះ​​ផ្តល់​​សេវា​​ដល់​​មូលដ្ឋាន​​ប្រជាពលរដ្ឋ​ រី​ឯ​​ការ​ទារ​លុយ​​ក្រោម​​តុ​​ក៏​​មិន​ឃើញ​​កើត​មាន​​ទៀត​​ដែរ​។ ​ប៉ុន្តែ ​ទម្លាប់​​អាក្រក់​​មួយ​ចំនួន​​នៅ​តែ​​កើត​មាន​​មិន​ទាន់​​លុប​បំបាត់​បាន​​នៅ​ឡើយ​។ ​តើ​​ទម្លាប់​​អាក្រក់​​ទាំង​នោះ​​មាន​​អ្វីខ្លះ​?​

ប្រជាពលរដ្ឋ​ ទៅ​ប្រមូល​ផ្តុំគ្នា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​
ប្រជាពលរដ្ឋ​ ទៅ​ប្រមូល​ផ្តុំគ្នា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

ចុងក្រោយ​នេះ​មាន​ចំណុច​វិជ្ជមាន​មួយចំនួន​កំពុង​កើតមានឡើង​ក្នុង​ការផ្តល់​សេវាកម្ម​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។ ការទារ​កម្រៃ​ក្រៅផ្លូវការ​លែងកើត​មាន​ជា​ចំហ​ដូច​ពីមុន​ទៀតហើយ រីឯ​តម្លៃ​សេវា​ក៏ត្រូវ​បានកំណត់​ច្បាស់លាស់​ដែរ។ មន្ត្រី​សាធារណៈ​ក៏​ហាក់​មាន​អាកប្បកិរិយា​បម្រើ​ពលរដ្ឋ​បានល្អ​ជាង​មុន។ ប៉ុន្តែ មាន​ទម្លាប់​អាក្រក់​មួយចំនួន​នៅតែ​បង្កប់​ក្នុង​ចំណុច​វិជ្ជមាន​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​នយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល​មិនសូវមាន​ប្រសិទ្ធភាព ។

ជាក់ស្តែង ការផ្តល់​អត្តសញ្ញាណប័ណ្ណ​ជនជាតិខ្មែរ​ដល់​ប្រជាពលរដ្ឋ​មាន​ចំណុច​ល្អ​គួរ​ឲ្យ​កត់សម្គាល់៖ មន្ត្រីនគរបាល​បាន​ចុះទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ក្នុង​ឃុំ​សង្កាត់​តែម្តង។ មន្ត្រី​ភ្នាក់ងាររដ្ឋ​ទាំងនោះ​ក៏​ហាក់​បាន​ខិតខំ​បម្រើ​ពលរដ្ឋ​ដោយ​មិន​ខ្លាច​នឿយហត់។ រីឯ​តម្លៃ​សេវា​ក៏ត្រូវ​បានកំណត់​ត្រឹមត្រូវ​ក្នុង​កម្រិត​សមរម្យ​ដែល​អាច​ទទួលយកបាន។ ប៉ុន្តែ ទន្ទឹមនឹងនោះ​ក៏​នៅតែមាន​ទម្លាប់​អាក្រក់​មួយចំនួន​មិនទាន់​អាច​កែប្រែបាន​នៅឡើយ​ទេ៖ មន្ត្រី​បម្រើ​សេវាកម្ម​មួយចំនួន​ហាក់​នៅតែ​បង្ហាញ​ចរិត​ក្រអឺតក្រទម ដោយ​ចាត់ទុកថា​ខ្លួន​ជា​ចៅហ្វាយ​របស់​រាស្ត្រ​នៅឡើយ។ ចំនួន​មន្ត្រី​ដែល​ចុះ​បម្រើសេវា​នោះ​មាន​តិចតួច​ពេក​បើ​ធៀប​នឹង​ចំនួន​ពលរដ្ឋ​អ្នកទទួល​សេវា។ នេះ​ជា​ហេតុផល​ដែល​តម្រូវ​ឲ្យ​អ្នក​ចង់បាន​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ខាត​ពេលវេលា​យ៉ាងច្រើន។

អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​ក្រោក​ពី​ម៉ោង៤ភ្លឺ​ដើម្បី​ទៅ​អង្គុយចាំ​យក​លេខ​រៀង​មុនគេ។ ក្រោយពី​ម៉ោង៤ត្រូវ​រង់ចាំ​រហូតដល់​ម៉ោង៧កន្លះ​ឬ​ម៉ោង៨ព្រឹក​ទើប​មន្ត្រីនគរបាល​មក​ដល់។ ដោយសារតែ​ភ្នាក់ងាររដ្ឋ​មាន​តិច រីឯ​ឯកសារ​ដែល​ត្រូវបំពេញ​មាន​ច្រើន​ហើយ​ថែមទាំង​សរសេរ​ដោយ​ដៃ​ទៀត​នោះ អ្នកទទួល​សេវា​ត្រូវ​អង្គុយ​រង់ចាំ​យូរ​តទៅទៀត​ទម្រាំ​ចប់សព្វគ្រប់។ អ្នក​មក​ក្រោយ​ត្រូវ​រង់ចាំ​ដល់​ល្ងាច​ឬ​រហូតដល់​ថ្ងៃស្អែក​ទើប​រួចរាល់។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​រអ៊ូរទាំ​ដោយសារតែ​ពួកគេ​ខាត​ពេលវេលា​ច្រើន។

សម្រាប់​អ្នក​ប្រកប​របរ​លក់ដូរ ឬ​អ្នកធ្វើ​ការដែល​មួយចំនួន​ឡើងមក​ពី​ភ្នំពេញ ពួកគេ​ត្រូវ​ខាត​ពេល​មួយថ្ងៃ​ឬ​ពីរ​ថ្ងៃ​ក៏មាន។ ទម្លាប់​អាក្រក់​មួយទៀត​ដែល​ពិបាក​លុបបំបាត់​គឺ បើទោះបីជា​ភ្នា​ក់​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​មិន​ទារលុយ​ក្រៅផ្លូវការ​ជា​ចំហ​ក៏ដោយ ក៏​ពួកគេ​នៅតែ​បង្ហាញ​អាកប្បកិរិយា​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អ្នកទទួល​សេវា​រអៀសខ្លួន​ត្រូវតែ​ផ្តល់​លុយ​ក្រៅផ្លូវការ​មួយចំនួន​ដល់​ពួកគេ។ អ្នកទទួល​សេវាកម្ម​មួយចំនួន​ក៏​នៅតែមាន​ទម្លាប់​ហុច​លុយ​ដល់​ភ្នាក់ងារ​មាន​សមត្ថកិច្ច​បើទោះជា​គេ​មិន​ទារ​ក៏ដោយ។ មិនមែន​តែ​សេវាកម្ម​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ទេ ប៉ុន្តែ សេវាកម្ម​ផ្សេងទៀត​ក៏មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះដែរ។

ជាការ​ពិត សេវាសាធារណៈ​គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​ផលវិបាក​របស់​វា​បាន​ធ្លាក់​ទៅលើ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល។ ទម្លាប់​ប្រើ​តួនាទី​ដើម្បី​រកប្រាក់​ដាក់​ហោប៉ៅ និង​ទម្លាប់​ប្រកាន់ឫក​ពារ​ក្រអឺតក្រទម​តាំងខ្លួន​ជា​ចៅហ្វាយ​ហាក់​បាន​ក្លាយជា​បញ្ហា​ទូទៅ​មួយ​ទៅហើយ​សម្រាប់​មន្ត្រីរាជកា​រ​និង​អាជ្ញាធរ​ខ្មែរ។ ទម្លាប់​ដុះ​ស្លែ​ទាំងពីរ​នេះ​ជា​ឧបសគ្គ​ធំធេង​មួយ​នៃ​នយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ជាពិសេស​កំណែទម្រង់​សេវាសាធារណៈ​តែម្តង។

ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​សេវាសាធារណៈ​លឿន​រហ័ស​និង​មាន​ប្រសិទ្ធភាព មាន​កិច្ចការសំខាន់ៗមួយចំនួន​ដែល​ត្រូវ​ធ្វើជា​ចាំបាច់៖ កិច្ចការ​ដំបូង​បំផុត​គឺ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​មន្ត្រី​អាជ្ញាធរ​គឺ​ប្តូរ​ពី​ទម្លាប់​ប្រើ​តួនាទី​ដើម្បី​រកលុយ​ដាក់​ហោប៉ៅ ទៅជា​ទម្លាប់​ប្រើ​តួនាទី​ដើម្បី​ជួយ​សម្រួល​រាល់​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​វិញ និង​ការប្តូរ​ពី​ទម្លាប់​ធ្វើ​ចៅហ្វាយ​ទៅជា​ទម្លាប់​ធ្វើជា​អ្នកបម្រើ។ការផ្លាស់ប្តូរ​នេះ​ជាការ​លំបាក​សម្រាប់​មន្ត្រី​ខ្មែរ ប៉ុន្តែ វា​ជា​គឺជា​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន​សម្រាប់​គណបក្សកាន់អំណាច។

ក្រៅពីនោះ​ក៏មាន​កិច្ចការងាយៗមួយចំនួន​ដែល​មិន​ពិបាកធ្វើ​ឡើយ។ ជាក់ស្តែង ដើម្បី​កាត់បន្ថយ​ការរង់ចាំ​របស់​ប្រជាពលរដ្ឋ គេ​អាច​ធ្វើបាន​ដោយ​គ្រាន់តែ​បន្ថែម​កម្លាំង​ភ្នាក់ងារ​មួយចំនួន​ដើម្បី​ព​ន្លឿ​ន​ការងារ​កុំ​ឲ្យ​កកស្ទះ​គឺជា​ការ​ស្រេច។ សូម​កុំភ្លេចថា ការធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​ចិត្តនឹង​សេវាសាធារណៈ គឺជា​អំណោយ​ដ៏​ធំ​មួយ​ទៅហើយ​សម្រាប់​ពួកគេ។ ផ្ទុយទៅវិញ ការបន្ត​ទុក​ឲ្យ​សេវា​បម្រើប្រជាជន​ស្ថិតក្នុង​សភាព​ស្មុគស្មាញ​តទៅទៀត គឺជា​ទណ្ឌកម្ម​ទៅលើ​ម្ចាស់ឆ្នោត ដែល​ពួកគេ​ត្រូវ​ឆ្លើយតប​វិញ​នៅពេល​បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ